លោកជំទាវឱ វណ្ណឌីន បង្ហាញពីរបៀបប្រើប្រាស់ឲ្យត្រឹមត្រូវ អំពីឱសថបុរាណចិន LIANHAU GINGWEN
សុខភាព

នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងឱកាសប្រគល់រង្វាន់លើកទឹកចិត្តដល់ជនចាក់វ៉ាក់សាំងទី៦លាន លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ អំពីការប្រើប្រាស់ថ្នាំបុរាណចិន LIANHAU GINGWEN ឲ្យត្រឹមត្រូវ ដោយលោកជំទាវបានបញ្ជាក់ថា ៖ "ឱសថបុរាណចិន LIANHAU GINGWEN គឺត្រូវបានប្រើប្រាស់នៅក្នុងករណីស្រាលៗ បើករណីធ្ងន់សូមបងប្អូនប្រញាប់ប្រញាលទៅរកគ្រូពេទ្យ ហើយការប្រើប្រាស់ថ្នាំនេះទៀត ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់មែនទែន។ ថ្វីត្បិតតែវាជាក្របខណ្ឌឱសថបុរាណមែន ប៉ុន្តែត្រូវប្រើប្រាស់ដោយការប្រុងប្រយ័ត្ន។ ឱសថបុរាណចិននេះ ភាគច្រើនគេប្រើប្រាស់លើមនុស្សធំ មិនសូវប្រើនៅលើកុមារទេ ប៉ុន្តែមានករណីខ្លះកុមារក៏អាចប្រើបានដែរ ក្នុងលក្ខខណ្ឌប្រើតិចបំផុត។

បើនិយាយពីមនុស្សធំពេញវ័យ ត្រូវប្រើប្រាស់ថ្នាំនេះ ត្រូវប្រើម្ដង៤គ្រាប់ ក្នុងមួយថ្ងៃ៣ដង ហើយការប្រើប្រាស់នេះ គឺប្រើត្រឹមកម្រិតពី ៧ថ្ងៃ ទៅ ១០ថ្ងៃ ប៉ុណ្ណោះ នឹងមិនអនុញ្ញាតឱ្យប្រើយូរជាងនឹងបានទេ។ លោកជំទាវក៏បានបញ្ជាក់ទៀតថា ថ្វីត្បិតតែវាជាឱសថបុរាណក៏ពិតមែន ប៉ុន្តែវាត្រូវបានដាក់ឱ្យប្រើប្រាស់ដូចជាឱសថសម័យផ្សេងៗទៀតដែរ" ។