អគ្គនាយក WHO បានព្រមានថា៖ «យើងនឹងមើលឃើញវីរុសបម្លែងថ្មី ដែលអាក្រក់ជាង Delta ទៅទៀតនៅថ្ងៃមុខ»
ព័ត៌មានអន្តជាតិ

យោងតាមការចេញផ្សាយ តាមសារព័ត៌មានរុស្ស៊ី Sputnik នាល្ងាចថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា លោក ថេដ្រូស អាដាណម អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានធ្វើការព្រមានថ្មីមួយ នេះថា មនុស្សលោកយើងនេះនឹងអាចមើលឃើញ វីរុស COVID-19 បម្លែងថ្មីទៀត ដែលសាហាវជាងវីរុស Delta នាពេលបច្ចុប្បន្ននេះទៅទៀត។

ដោយ លោក ថេដ្រូស អាដាណម បានលើកឡើងក្នុងឱកាស នៃការត្រៀមបើកការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូថា៖ «នៅពេលវីរុស (COVID-19) រាតត្បាតកាន់តែច្រើន នោះការបម្លែងខ្លួនថ្មីៗរបស់វា ក៏នឹងមានឱកាសលេចឡើងដូចគ្នា ហើយវានឹងកាន់តែសាហាវជាងវីរុស Delta ដែលកំពុងបង្កក្តីអន្តរាយនាពេលបច្ចុប្បន្ននេះទៅទៀត... ហើយនៅពេលដែលមាន វីរុសបម្លែងថ្មីៗកាន់តែច្រើន នោះវានឹងអាចមានឱកាសយកឈ្នះលើវ៉ាក់សាំង ហើយរុញច្រានយើងទៅកាន់ផ្លូវទាល់មួយជាក់ជាមិនខាន...»។

ការលើកឡើងរបស់ប្រធាន WHO ខាងលើនេះ បានកើតមានឡើងស្របពេលដែលពិភពលោក កំពុងមើលឃើញការឆ្លងរាតត្បាតឡើងវិញ និងកាន់តែសាហាវខ្លាំង ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ អឺរ៉ុប និងអាមេរិកខាងជើង ដែលសុទ្ធសឹងតែបានរាយការណ៍ អំពីវត្តមានវីរុសបម្លែងថ្មី Delta ដែលត្រូវបានចាត់ទុកថា មានភាពសាហាវលើសគេបច្ចុប្បន្ន។