TOP NEWS: សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បង្កើនការប្រុងប្រយ័ត្នក្នុងអំឡុងពេលឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌ
ព័ត៌មានជាតិ

(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បង្កើនការប្រុងប្រយ័ត្នក្នុងអំឡុងពេលឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ពិសេស វិធានការ «៣កុំ ៣ការពារ» ព្រមទាំងត្រូវគោរពវិធានការរដ្ឋបាល និងវិធានការច្បាប់។

កន្លងទៅនេះ រាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយរក្សាការឈប់សម្រាកចំនួន ៣ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ តាមប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១ ដដែល។

ក្នុងអំឡុងពេល ឈប់សម្រាកខាងមុខនេះ ប្រជាពលរដ្ឋជាច្រើនអាចនឹងធ្វើដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីទៅ ជួបជុំក្រុមគ្រួសារ និងធ្វើដំណើរកម្សាន្តនៅតាម រមណនីដ្ឋាននានា នៅទូទាំងប្រទេស ដែលនឹងអាចធ្វើឱ្យ ព្រះរាជាណាចក្រកម្ពុជាប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគប្រភេទដែលតា (Delta) ដែលកំពុងបន្តឆ្លងរាលដាលក្នុងសហគមន៍យ៉ាងឆាប់រហ័ស។

សារាចរ បានបន្តថា៖ ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ពិសេស ដើម្បីការពារអាយុជីវិត និង សុខភាពប្រជាពលរដ្ឋ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងបោះជំហានឆ្ពោះទៅកាន់ការបើកដំណើរការ ប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យនាពេលខាងមុខ, រាជរដ្ឋាភិបាល សូមធ្វើការណែនាំ ដូចខាងក្រោម៖

១៖ ក្នុងអំឡុងពេលឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ៣ ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែតុលា ឆ្នាំ ២០២១ ខាងមុខនេះ ក្រសួង-ស្ថាប័នមានសមត្ថកិច្ច ព្រមទាំងគណៈអភិបាលរាជធានី-ខេត្ត និងយន្តការ ដែលមានការពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់ត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុង ការពង្រឹងការអនុវត្តវិធានការសុខាភិបាល ជាពិសេស វិធានការ ៣កុំ ៣ការពារ ព្រមទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ដែលចាំបាច់នានា សំដៅពង្រឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូដ-១៩ ជាពិសេស ក្នុងអំឡុងពេលធ្វើដំណើរដោយប្រើប្រាស់មធ្យោបាយធ្វើដំណើររួម និងក្នុងអំឡុងពេលនៃការជួបជុំ ឬការ ប្រមូលផ្តុំមនុស្ស ដែលអាចបង្កហានិភ័យខ្ពស់នៃការចម្លងមេរោគកូវីដ-១៩។

- រឹតបន្តឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដារអប្បបរមាសម្រាប់ អាជីវកម្មសេវាកម្មទេសចរណ៍ ដែលត្រូវបានដាក់ចេញដោយក្រសួងទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ជាអាទិ៍ រមណីយដ្ឋាន ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍។

- ត្រូវយកការទទួលខុសត្រូវខ្ពស់ប្រកបដោយស្មារតីបុរេសកម្មក្នុងការអប់រំណែនាំ ក៏ដូចជាការ ដាក់ចេញនូវវិធានការចាំបាច់នានាបន្ថែមទៀត ទៅតាមស្ថានភាពវិវត្តជាក់ស្តែងនៃការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ក្នុងភូមិសាស្ត្រនៃដែនសមត្ថកិច្ចរបស់ខ្លួន សំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

២៖ នៅក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់, ក្រសួង-ស្ថាប័ន និងវិស័យឯកជន ពិសេស បណ្តារោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្ម ដែលមានកម្មករ-និយោជិត និងបុគ្គលិកបម្រើការងារច្រើន ព្រមទាំងគ្រឹះស្ថានសិក្សានានា ត្រូវបានលើកទឹកចិត្តឱ្យធ្វើតេស្តរហ័សចំពោះមន្ត្រីរាជការ កម្មករ-និយោជិត និងបុគ្គលិក និងបុគ្គលិកអប់រំ ដើម្បីធានាសុវត្ថិភាព ក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាម ក្រសួង-ស្ថាប័ន គ្រឹះស្ថានសិក្សា និងបណ្តារោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្មនានា។

៣៖ ជាមួយគ្នានេះ, ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ននៅក្នុងអំឡុងពេលឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ពិសេស វិធានការ “៣កុំ ៣ការពារ” ព្រមទាំងត្រូវគោរពវិធានការរដ្ឋបាល និងវិធានការច្បាប់ សំដៅការពារសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុម គ្រួសារពីការឆ្លងមេរោគកូវីដ-១៩។

ទទួលបានសារាចរនេះ គ្រប់ក្រសួង-ស្ថាប័ន គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមាន ការពាក់ព័ន្ធផ្សេងទៀត ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕