ធាតុអាកាសនៅ រាជធានី-ខេត្តចំនួន១៦ នៅកម្ពុជា នឹងប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃស្អែកនេះ ដោយសារឥទ្ធិពលព្យុះទី១៧
ព័ត៌មានជាតិ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥ ខែតុលានេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ ១២ ខែតុលា ឆ្នាំ២០២១។

ក្រសួងធនធានទឹកបញ្ជាក់ថា នៅថ្ងៃទី៨ ខែតុលា សម្ពាធទាបសកម្ម បានកើតឡើងនៅលើប្រទេសហ្វីលីពីន។ សម្ពាធទាបសកម្មនេះនឹងបង្កើន ឥទ្ធិពលជាបន្តបន្ទាប់ ធ្វើដំណើរចូលក្នុងសមុទ្រចិនខាងត្បូង ដោយអាចបង្កើនឥទ្ធិពលទៅជាព្យុះទី១៧ (មិនទាន់ មានឈ្មោះជាផ្លូវការ)។ ដូចនេះនាសប្តាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា និងទទួលនៅបណ្តាឥទ្ធិពលជាអាទិ៍៖ មូសនិរតីក្នុងកម្រិតពីមធ្យមទៅខ្លាំង, ជ្រលងសម្ពាធទាប៉ាស៊ីហ្វិច ឥទ្ធិពលព្យុះទី១៧ និងប្រព័ន្ធសម្ពាធទាប (ITCZ) ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល

- សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C

- សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C

- អាចនឹងមានពពកច្រើនដេរដាស មានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រមួយចំនួន៖ រាជធានីភ្នំពេញ កណ្តាល ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ និងសៀមរាប និងនៅថ្ងៃទី១០-១២ ខែតុលា នឹងអាចមានខ្យល់

កន្ត្រាក់ក្នុងល្បឿនមធ្យម។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

- សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C

- សីតុណ្ហភាពអតិបរមា មានពី ២៥-២៧ °C

- អាចនឹងមានពពកច្រើនដេរដាស មានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ ទឹកភ្លៀងក្នុងភូមិសាស្ត្រមួយចំនួន៖ ព្រះវិហារ ឧត្តរមានជ័យ កំពង់ចាម និងត្បូងឃ្មុំ និងនៅថ្ងៃទី១០-១២ ខែតុលា និងអាចមានខ្យល់កន្ត្រាក់ ក្នុងល្បឿនពីមធ្យមទៅខ្លាំង។

៣៖ តំបន់មាត់សមុទ្រ

- សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C

- សីតុណ្ហភាពអតិបរមា មានពី ២៥-២៧ °C

- អាចនឹងមានពពកច្រើន មានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ អាចនឹងមានពពកច្រើន ដេរដាសមានភ្លៀង ផ្គររន្ទះ ក្នុងកម្រិតមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រមួយចំនួនដូចជា៖ កោះកុង និងក្រុងព្រះសីហនុ និងនៅថ្ងៃទី១០-១២ ខែតុលា នឹងអាចមានខ្យល់កន្ត្រាក់ ក្នុងល្បឿនពីមធ្យមទៅខ្លាំង ជាមួយនិងរលកនៅលើផ្ទៃសមុទ្រ មានកម្ពស់ពីមធ្យមទៅខ្ពស់៕