ក្រសួងសុខាភិបាល អនុញ្ញាតឱ្យអ្នកជំងឺកូវដ-១៩ប្រភេទដែលតា ធ្វើការសម្រាកព្យាបាលនៅផ្ទះ
ព័ត៌មានជាតិ

(ភ្នំពេញ)៖នៅថ្ងៃទី៦ ខែតុលានេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ បានណែនាំដល់ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានី-ខេត្ត អំពីការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រភេទដែលតា (បានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងការសង្ស័យ) ដើម្បីឆ្លើយតបការវិវត្តថ្មីនៃសភាពការ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការរស់នៅក្នុងបរិបទថ្មី។

លិខិតរបស់លោករដ្ឋមន្ត្រីបានបញ្ជាក់ថា យោងការសិក្សាវាយតម្លៃលើលទ្ធផលតេស្ត PCR នៃអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា ទទួលបានពីមណ្ឌលព្យាបាល និងមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ចំនួន៥ នៅរាជធានីភ្នំពេញ ព្រមទាំងស្ថានភាពវិវត្តន៍បច្ចុប្បន្ននៃជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា និងការរស់នៅក្នុងបរិបទថ្មី គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមធ្វើការណែនាំ ដូចខាងក្រោម៖

១៖ ការព្យាបាល និងការធ្វើចត្តាឡីស័កក្រោយពេលព្យាបាល ចំពោះអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា ត្រូវធ្វើដូចគ្នាទៅនឹងសេចក្តីកែសម្រួលលក្ខខណ្ឌ ក្នុងការបញ្ចប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅផ្ទះ លក្ខខណ្ឌក្នុងការបញ្ចប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលជំងឺកូដ-១៩ កម្រិតស្រាល និងលក្ខខណ្ឌក្នុងការបញ្ចប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ នៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ សម្រាប់អ្នកជំងឺកូវីដ-១៩ ប្រភេទអាល់ហ្វា ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ដូចមានក្នុងឧបសម្ព័ន្ធជូនភ្ជាប់)។

២៖ អនុញ្ញាតឱ្យធ្វើការព្យាបាលអ្នកជំងឺកូវដ-១៩ ប្រភេទដែលតា នៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ជាមួយគ្នានិងអ្នកជំងឺកូវីដ-១៩ ប្រភេទអាល់ហ្វា ដោយពុំចាំបាច់ធ្វើការញែកអ្នកជំងឺឡើយ។

៣៖ អនុញ្ញាតឱ្យវិស័យសុខាភិបាលឯកជនស្របច្បាប់ ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា។

៤៖ អនុញ្ញាតឱ្យអ្នកជំងឺកូវដ-១៩ប្រភេទដែលតា ធ្វើការសម្រាកព្យាបាលនៅផ្ទះ ដោយមានការចូលរួមយ៉ាង សកម្មពីអាជ្ញាធរមូលដ្ឋាន និងពង្រឹងនូវការអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាលឱ្យបានហ្មត់ចត់។

៥៖ ចំពោះអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា ដែលកំពុងសម្រាកព្យាបាលនៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬ មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ លើសពីរយៈពេលកំណត់ក្នុងលក្ខខណ្ឌដែលបានចែង ត្រូវធ្វើតេស្ត PCR និងទទួលបានលទ្ធផលតេស្តអវិជ្ជមាន មុនអនុញ្ញាតឱ្យបញ្ចប់ការព្យាបាល។

លោករដ្ឋមន្ត្រីក៏បាននិរាករណ៍ លិខិតលេខ៣៧២សខល ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ស្តីពីលក្ខខណ្ឌនៃការបញ្ចប់ការព្យាបាលជំងឺ កូវីដ-១៩ ប្រភេទដែលតា (បានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ) ផងដែរ៕