លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន ក្រេីនរំលឹក ក្រោយបានឃេីញរូបភាពដេីរកំសាន្តរបស់បងប្អូនប្រជាពលរដ្ឋ​ នៅតាមទីតាំងមួយចំនួន ខ្វះការប្រុងប្រយ័ត្នរបស់ពួកគាត់​ ដោយនាំគ្នាផ្តុំច្រេីនកុះករពេក​ហេីយៗ មិនមានអនុវត្តន៍វិធានការ​ ៣ការពារ​ និង​ ៣កុំ
ព័ត៌មានជាតិ

ថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានចេញសារ ក្រេីនរំលឹក ក្រោយបានឃេីញរូបភាពដេីរកំសាន្តរបស់បងប្អូនប្រជាពលរដ្ឋ​ នៅតាមទីតាំងមួយចំនួន ខ្វះការប្រុងប្រយ័ត្នរបស់ពួកគាត់​ ដោយនាំគ្នាផ្តុំច្រេីនកុះករពេក​ហេីយៗ មិនមានអនុវត្តន៍វិធានការ​ ៣ការពារ​ និង​ ៣កុំ ។ ខាងក្រោមនេះ គឺជាសារ ក្រេីនរំលឹករបស់លោកជំទាវ៖

ខ្ញុំសូមក្រេីនរំលឹកថា​ សូមកុំឱ្យការសប្បាយភ្លេចខ្លួនរបស់បុគ្គលមួយក្រុមណានោះ​ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ក្លាយទៅជាការបង្ក​ហេតុនៃការចម្លងរោគកូវីដ-១៩​ រាតត្បាតធំធេង ដល់គ្រួសារ​ និងអ្នកដទៃ​ នៅក្នុងសហគមន័ដែលបុគ្គលនោះរស់នៅ​ ក្រោយពេលបុណ្យភ្ជុំបិណ្ឌ​ ដែលអាចឈានទៅដល់មានការស្លាប់បាត់បង់ជីវិតនូវមនុស្សជាទីស្រឡាញ់របស់ខ្លួន៖

ក្រោយពីខ្ញុំបានឃេីញរូបភាពដេីរកំសាន្តរបស់បងប្អូនប្រជាពលរដ្ឋ​ នៅតាមទីតាំងមួយចំនួនមក​ ខ្ញុំមានការបារម្ភខ្លាំងណាស់​ នូវស្ថានភាពខ្វះការប្រុងប្រយ័ត្នរបស់ពួកគាត់​ ដោយនាំគ្នាផ្តុំច្រេីនកុះករពេក​ហេីយៗ មិនមានអនុវត្តន៍វិធានការ​ ៣ការពារ​ និង​ ៣កុំ​។ នៅកន្លែងប្រមូលផ្តុំមួយចំនួនដែលកកស្ទះមនុស្សម្នាច្រេីនហួស​ប្រមាណ ក្នុងពេលដែលវីរុសកូវីដ-១៩​ ជាពិសេសពពួកដែលតា​ កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងប្រទេស​ ហានិភ័យនៃការចម្លងបន្តគ្នាលឿននឹងអាចកេីតឡេីងគ្រប់ពេល​ និងគ្រប់ទីកន្លែង​ ក្នុងសភាពដែលបងប្អូនជួបជុំប្រមូលផ្តុំកកកុញ​ ដោយសារតែភាពមាន:ចង់ចូលទៅលេងទឹក​ ឫកំសាន្តបែបយុវវ័យជុំៗគ្នាច្រេីន​ ដោយមិនស្តាប់តាមការណែនាំរបស់អជ្ញាធរ​ និងសមត្ថកិច្ច។ បងប្អូនដឹងទេថា​ មូលហេតុនៃការផ្ទុះជំងឺដ៏ច្រេីនសន្ធឹកសន្ធាប់នៅបណ្តាប្រទេសមួយចំនួន​ គឺចេញមកពីកន្លែងដែលកកកុញមនុស្សច្រេីន​ ឫនៅកន្លែង​ ៣ជ​ (កន្លែងបិទជិត​ កន្លែងជុំៗគ្នា​ច្រេីន​ និងនៅជិតកៀកៗគ្នា​)​ ដោយមិនមានអនុវត្ត​វិធានការការពារខ្លួន​នេះឯង។

តាមរូបភាពដែលខ្ញុំបានឃេីញមួយចំនួន​ គឺជាការជួបជុំបែបមិនមានការបារម្ភពីហានិភ័យនៃការចម្លងវីរុសកូវីដ-១៩​ ទាល់តែសោះ​។ ជាការពិតហេីយ​ ដែលបងប្អូនចង់លេងសប្បាយ​ ក៏ប៉ុន្តែ​ មិនត្រូវឱ្យការសប្បាយរបស់ខ្លួន​ ក្លាយជាការកេីតទុក្ខដោយការបាត់បង់សាច់ញាតិជាទីស្រឡាញ់របស់ខ្លួនដោយសារការឆ្លងជំងឺកូវីដ-១៩​ នោះទេ។​ ត្រូវចងចាំថា​ “ ជីវិតយេីងមានតែមួយគត់​ បេីស្លាប់បាត់ទៅ​ តេីការសប្បាយ​តែមួយភ្លែត​ ឫមួយថ្ងៃ​ ជាផលចំណេញសម្រាប់បុគ្គលដែរទេ​? ហេីយយេីងអាចនៅមានពេល​ និងទីកន្លែងច្រេីនទៀត​ ដេីម្បីស្វែងទៅរកការកំសាន្តសប្បាយ​ ដោយមានការប្រុងប្រយ័ត្នខ្ពស់​ ដែលយេីងអាចរៀនរស់នៅ​ បានយូរអង្វែង​ ជាមួយនឹងការវិវត្តន៍បម្លែងខ្លួននៃវីរុសកូវីដ-១៩​។ ការដកស្រង់បទពិសោធន៍​ និងរៀនសូត្ររស់នៅកំសាន្តសប្បាយរបស់យេីង​ ចាំបាច់ត្រូវធ្វេីតាមបែប​ "សន្សឹមៗ​ កុំបំបោល​ ក្រែងពុំដល់ដូចប្រាថ្នា” ទេីបយេីងអាចឈានទៅដល់ការរក្សាបាននូវសុខសុវត្ថិភាព​ រក្សាបានសុខភាពបុគ្គល​ គ្រួសារ​ និងសហគមន៍​ បានយូរអង្វែងផងដែរ។ ខ្ញុំសូមក្រេីនរំលឹកហេីយរំលឹកទៀតថា​ ទោះជាបុគ្គល​ និងក្រុមគ្រួសារ​ ដេីរកំសាន្តនៅទីណាក៏ដោយ​ សូមកុំភ្លេចនាំយកទៅជាមួយខ្លួននូវការអនុវត្តន៍​ “៣ការពារ​ និង​ ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន​ រូមគ្នាបញ្ចៀសបាននូវការចម្លងបន្តគ្នា​ ដែលជាមហន្តរាយសុខភាពសាធារណ:​ និងសេដ្ឋកិច្ចជាតិ។

ត្រូវចេះជួយដាស់តឿនគ្នា​ រំលឹកគ្នាទៅវិញទៅមក​ ក្នុងពេលដេីរកំសាន្ត​ នូវក្បួនការពារខាងលេីនេះ​ ជាចាំបាច់​ ដេីម្បីសេចក្តីសុខ​ និងសុខភាពល្អផ្ទាល់ខ្លួន​ និងក្រុមគ្រួសារមានសុវត្ថិភាព​ ហេីយមិនត្រូវនាំវីរុសកូវីដ-១៩​ មកចម្លងក្រុមគ្រួសាររបស់ខ្លួនឡេីយ​ ជាពិសេសជនវ័យចាស់​ និងវ័យចាស់ជរា។ សូមជូនពរបងប្អូនប្រជាពលរដ្ឋ​ សុខភាពល្អ​ ចៀសផុតការចម្លងរោគកូវីដ-១៩​ ចង្រៃ​ គ្រប់ៗគ្នា​ និងសូមអរគុណច្រេីន។

លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន

រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា