ពេលលឺដំណឹងថា ប្រទេសកម្ពុជាបើកប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ ប្រទេសចិនដែលជាមិត្តដែកថែប សន្យាថានឹងខិតខំជួយកម្ពុជាស្តារសេដ្ឋកិច្ចឡើងវិញ
ព័ត៌មានអន្តជាតិ

(ប៉េកាំង)៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក វ៉ាង វិនពីន (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ប្រទេសចិនសូមវាយតម្លៃខ្ពស់ ចំពោះវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់កម្ពុជា ហើយសូមចូលរួមរីករាយដោយស្មោះ ចំពោះសមិទ្ធផលរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ 

លោក Wang Wen Binនិយាយទៀតថា៖ "ចិននឹងបន្តគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩របស់កម្ពុជា បើដ៏រាបណាជំងឺរាតត្បាតនេះមិនទាន់បាត់រលត់នោះ ជំនួយរបស់ចិនដល់កម្ពុជាក៏មិនទាន់ឈប់ដែរ ប្រទេសចិនមានឆន្ទៈសហការជាមួយប្រជាជនកម្ពុជាដែលដូចជាបងប្អូន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗទៀត ជួយភាគីកម្ពុជាក្នុងការស្តារសេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាជន និងធ្វើឱ្យមិត្តភាពចិន-កម្ពុជារឹងជាងដែក និងតាន់ជាងថែប "។