ប្រុស-ស្រី 25នាក់ បាននាំគ្នាយកអាកុល លាយជាមួយទឹកក្រូច និងទឹកអូរអ៉ីឈីក យកមកផឹក ដើម្បីជំនួសស្រា បណ្ដាលឲ្យពុល ស្លាប់ 07នាក់ និង កំពុងសង្រ្គោះបន្ទាន់ 18នាក់
ព័ត៌មានជាតិ

មានករណីពលករ ប្រុស-ស្រី 25នាក់ បាននាំគ្នាយកអាកុល លាយជាមួយទឹកក្រូច និងទឹកអូរអ៉ីឈីក យកមកផឹក ដើម្បីជំនួសស្រា បណ្ដាលឲ្យពុល ស្លាប់ 07នាក់ និង កំពុងសង្រ្គោះបន្ទាន់ 18នាក់ នៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ។ កើតហេតុ នៅចំណុចមណ្ឌលចត្តាឡីស័កកូបធំ ស្ថិតនៅក្នុងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អ្នកស្លាប់ទាំង 07នាក់ មានឈ្មោះ

1. ភាព សិទ្ធ ភេទប្រុស អាយុ 27ឆ្នាំ រស់នៅ ស្រុកអង្គរជុំ ខេត្តសៀមរាប

2. សុខ ហេង ភេទប្រុស អាយុ 22ឆ្នាំ រស់នៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

3. ផៅ ផល្លី ភេទប្រុស អាយុ 27ឆ្នាំ រស់នៅ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

4. ហៃ ឈិន ភេទប្រុស អាយុ 35ឆ្នាំ រស់នៅ ស្រុកពញ្ញាឭ ខេត្តកណ្តាល

5. រឿត រ៉ាន ភេទប្រុស អាយុ 27ឆ្នាំ រស់នៅ ស្រុកពួក ខេត្តសៀមរាប

6. សៃ សិត ភេទប្រុស អាយុ 35ឆ្នាំ មិនស្គាល់ទីលំនៅ

7. លី ដា ភេទស្រី អាយុ 35ឆ្នាំ រស់នៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

តាមរយៈសេចក្តីជូនព័ត៌មាននៅថ្ងៃទី១២ ខែវិច្ឆិកា នេះក្រសួងសុខាភិបាល បានឱ្យដឹងថា តាមរយៈការសាកសួរព័ត៌មានពីជនរងគ្រោះ កាលពីថ្ងៃទី០៩ និងថ្ងៃទី១០ ខែវិច្ឆិកា ជនរងគ្រោះ បានយកអាល់កុលលាយជាមួយទឹក ខ្លះយកមកលាយជាមួយកូកាកូឡា ហើយមួយចំនួនទៀតលាយជាមួយទឹកអូអ៉ីឈិ ហើយនាំគ្នាផឹក។ លុះដល់ថ្ងៃទី១១ ខែវិច្ឆិកា ក៏ចាប់ផ្តើមមានរោគសញ្ញាដូចជាឈឺក្បាល វិលមុខ ក្អួត និងថប់ដង្ហើម។ សំណាក់របស់អ្នកពុលអាល់កុលរបស់ពលករខ្មែរក្នុងមណ្ឌលចត្តាឡីស័កក្នុងក្រុងប៉ោយប៉ែត កំពុងធ្វើការវិភាគបន្ថែមនៅមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល ដើម្បីរកឱ្យច្បាស់ពីមូលហេតុ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំយកអាល់កុលលាយជាមួយទឹក ឬភេសជ្ជៈនានា មកពិសា ពីព្រោះអាល់កុលត្រូវបានធ្វើឡើងសម្រាប់ជាសារធាតុសម្លាប់មេរោគ ដើម្បីបង្ការកុំឱ្យកើតជំងឺឆ្លងនានា ដូចជាអាល់កុលសម្រាប់លាងដៃជាដើម។

លោករដ្ឋមន្ត្រី ក៏បានអំពាវនាវកុំឱ្យចូលរួមពិសាស្រា ដែលបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ។ បន្ថែមពីលើនោះ អ្នកប្រកបអាជីវកម្ម ហាមដាច់ខាតកុំយកសារធាតុមេតាណុលមកលាយធ្វើស្រា-ស ដែលបង្កឱ្យពុល និងស្លាប់បាត់បង់ជីវិត។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់អាជ្ញាធរត្រូវចាត់តាំងកម្លាំងគ្រប់គ្រងឃ្លាំមើល និងទប់ស្កាត់ការលក់ស្រា ដែលបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋជៀសវាងយកសារធាតុមេតាណុលលាយធ្វើស្រា ដែលបង្កឱ្យពុល និងស្លាប់បាត់បង់ជីវិត៕