កម្ពុជាចំនាយលុយ ៤០០ លានដុល្លារទិញម៉ាស៊ីនភ្លើង ដាក់នៅក្បែររាជធានីភ្នំពេញ ការពារការដាច់ភ្លើង
ព័ត៌មានជាតិ

នៅក្នុងឱកាសអញ្ជើញសម្ពោធស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ «៧១C» កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាចាយ ៤០០ លានដុល្លារទិញម៉ាស៊ីនភ្លើងពីប្រទេសចំនួន ២ ដាក់នៅក្បែររាជធានីភ្នំពេញ ការពារការដាច់ភ្លើង។

សម្ដេចតេជោ សង្កត់ធ្ងន់ថា «ក្រោយពេលដែលយើងដក ៤០០ លានដុល្លារ ទិញម៉ាស៊ីនភ្លើង ៤០០ មេហ្កាវ៉ាត់ពីហ្វាំងឡង់ និងអាល្លឺម៉ង់យកមកដាក់ក្បែរក្រុងភ្នំពេញតែម្តង។ ព្រោះឆ្នាំ ២០១៨ ជាឆ្នាំដែលយើងខ្វះភ្លើង ខ្វះភ្លើងយកតែមែនទែន វារីអគ្គិសនីទាំងអស់រីងទាំងអស់ ហើយទាក់ទងទៅវៀតណាមដើម្បីឲ្យវៀតណាមជួយផ្គត់ផ្គង់ ទាក់ទងទៅថៃដើម្បីឲ្យថៃជួយផ្គត់ផ្គង់។ ទីក្រុងភ្នំពេញបន្តិចកាត់ទីនេះ បន្តិចកាត់ទីនោះ អ៊ីចឹងដើម្បីចៀសវាងការកាត់ភ្លើង ត្រៀម ៤០០ មេហ្កាវ៉ាត់បុកចូលភ្នំពេញ ករណីដែលវារីអគ្គិសនីវាអត់ដើរ។ បន្ទាប់ទៅ បោះទៅកំពង់សោមអស់ប្រហែលជាជិត ៤០០ លានទៀត បោះទៅសៀមរាបជិត ២០០ លានដែរ»។