WHO ក្រើនរំលឹកដល់កម្ពុជាឱ្យត្រៀមខ្លួនសម្រាប់ការកើនឡើងជាគំហុកជាយថាហេតុនូវករណីជំងឺកូវីដ១៩ ក្រោយពិភពលោករកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីឈ្មោះ អូមីក្រុង
ព័ត៌មានជាតិ

(ភ្នំពេញ)៖ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានក្រើនរំលឹកដល់កម្ពុជាឱ្យត្រៀមខ្លួន សម្រាប់ការកើនឡើងជាគំហុកជាយថាហេតុនូវករណីជំងឺកូវីដ១៩ ក្រោយពិភពលោករកឃើញមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីដែលគួរឱ្យព្រួយបារម្ភ ឈ្មោះ អូមីក្រុង។

WHO បានលើកឡើងថា វីរុសបំប្លែងខ្លួនថ្មី B.1.1.529 (ឈ្មោះ អូមីក្រុង) ត្រូវបានរាយការណ៍ជាលើកដំបូង ទៅកាន់អង្គការសុខភាពពិភពលោក ដោយប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ដំបូងគេ ត្រូវបានរកឃើញនៅលើសំណាកមួយដែលប្រមូលបាននៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។ ការឆ្លងនៅអាហ្រ្វិកខាងត្បូង បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្របពេលជាមួយនឹងការរកឃើញនូវមេរោគបំប្លែងខ្លួនថ្មីមួយនេះ។ ដោយសារតែពិភពលោកមានទំនាក់ទំនងគ្នាទៅវិញទៅមក វាមានហានិភ័យខ្ពស់ដែលអូមីក្រុង នឹងត្រូវបាននាំចូល និងត្រូវបានរកឃើញក្នុងពេលឆាប់ៗនេះនៅក្នុងសហគមន៍ប្រទេសកម្ពុជា។

អូមីក្រុង ជាវីរុសបំប្លែងខ្លួនថ្មីគួរឱ្យព្រួយបារម្ភ សម្រាប់ការឆ្លើយតបជាសកលចំពោះការរីករាលដាល នៃជំងឺរាតត្បាតកូវីដ១៩។ អូមីក្រុង អាចបំប្លែងខ្លួនជាវីរុសចំនួនច្រើន ហើយការបំប្លែងខ្លួនមួយចំនួននៅក្នុងចំណោមនោះបង្កឱ្យមានការព្រួយបារម្ភ។ ភស្តុតាងបឋម បង្ហាញថាវីរុសបំប្លែងខ្លួនថ្មីនេះបង្កឱ្យមានហានិភ័យខ្ពស់ជាងវីរុសបំប្លែងថ្មី ដែលគួរឱ្យព្រួយបារម្ភដទៃទៀត នៅក្នុងការឆ្លងជំងឺកូវីដ-១៩ឡើងវិញ។

អូមីក្រុង ក៏ត្រូវបានគេរកឃើញក្នុងអត្រាលឿនជាងអត្រានៃការកើនឡើងជាគំហុក នៃការឆ្លងនានាកន្លងមក ដែលនេះបង្ហាញថា វីរុសបំប្លែងខ្លួនថ្មីមួយនេះ អាចឆ្លងដល់មនុស្សបានយ៉ាងងាយស្រួល ហើយធ្វើឱ្យវាជាវីរុសដែលងាយឆ្លងជាងវីរុសបំប្លែងខ្លួនថ្មីមុនៗ។ យើងមិនដឹងអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងចំពោះវីរុសបំប្លែងខ្លួនថ្មីនេះទេ។ អ្នកស្រាវជ្រាវ កំពុងពិនិត្យមើលឥទិ្ធពលរបស់វីរុសបំប្លែងខ្លួនថ្មីនេះទៅលើវ៉ាក់សាំង និងឧបករណ៍ផ្សេងៗទៀត។

អ្នកវិទ្យាសាស្រ្ត ក៏កំពុងធ្វើការដើម្បីស្វែងយល់បន្ថែមអំពីថាតើការបំប្លែងខ្លួន និងផលប៉ះពាល់នឹងមានប៉ុណ្ណា ដោយសារលទ្ធភាពចម្លងរបស់វីរុសថ្មីនេះ ថាតើវាខ្លាំងហើយឆាប់រាលដាលកម្រិតណា។

តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានលើកឡើងបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ដំណឹងវិជ្ជមានគឺថាការវិភាគរកវីរុសកូវីដ-១៩ ដោយប្រើម៉ាស៊ីនមន្ទីរពិសោធន៍ PCR នាពេលបច្ចុប្បន្ន បន្តរកឃើញវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង ដូច្នេះយើងអាចតាមដានការរីករាលដាលរបស់វា។ យើងអាចកែកម្រូវ និងពង្រឹងការឆ្លើយតបចំពោះជំងឺកូវីដ-១៩របស់យើង ដោយផ្អែកលើព័ត៌មានថ្មី ដើម្បីកាត់បន្ថយការគំរាមកំហែងរបស់វា។

វិធានការឆ្លើយតបនោះ អាចរាប់បញ្ចូលទាំងការពង្រឹងការតាមដានជំងឺ ការចាត់ថ្នាក់ និងការអនុវត្តវិធានការព្រំដែនអន្តរជាតិដែលផ្អែកលើហានិភ័យ។ ការកែតម្រូវ និងការផ្លាស់ប្តូរក្នុងការឆ្លើយតបរបស់យើង នឹងបន្តធ្វើឡើង នៅពេលដែលយើងយល់ដឹងបន្ថែមទៀតអំពីវីរុសបំប្លែងខ្លួនថ្មីនេះ ហើយការសម្រេចចិត្តដ៏ឆាប់រហ័សទាំងនេះ នឹងបង្ហាញថា អភិក្រមសម្រាប់ដោះស្រាយបញ្ហាជំងឺកូវីដ-១៩ដែលផ្អែកលើវិទ្យាសាស្រ្ត និងហានិភ័យមួយនេះ អាចប្រើការបាន។ ព័ត៌មានអំពីអូមីក្រុង មានការវិវត្តយ៉ាងឆាប់រហ័ស ហើយនៅពេលមានភស្តុតាងកាន់តែច្រើនឡើង អាជ្ញាធរសុខាភិបាលនឹងឆ្លើយតបបានសមស្រប ដើម្បីរក្សាសហគមន៍ឱ្យមានសុវតិ្ថភាព។

លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា «កម្ពុជា គួរតែបារម្ភអំពីវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងដែលទើបរកឃើញថ្មីៗនេះ បើទោះបីជាកម្ពុជា សម្រេចបានអត្រានៃការចាក់វ៉ាក់សាំងកូវីដ-១៩ខ្ពស់ក៏ដោយ»។

លោកស្រីវេជ្ជបណ្ឌិត Li Ailan មានប្រសាសន៍បន្ថែមថា «បុគ្គលគ្រប់រូប គួរតែត្រៀមខ្លួនសម្រាប់ការកើនឡើងជាគំហ៊ុកជាយថាហេតុនៃករណីជំងឺកូវីដ-១៩ ហើយយើងគួរតែបន្តរៀនសូត្រ និងកែតម្រូវវិធានការឆ្លើយតបរបស់យើង»។

អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានបញ្ជាក់បន្ថែមថា វិធីការពារខ្លួនអ្នក មនុស្សជាទីស្រលាញ់របស់អ្នក និងសហគមន៍កម្ពុជាទាំងមូល ដែលមានប្រសិទ្ធភាពបំផុតនោះ គឺការបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការសុខភាពសាធារណៈ និងសង្គម។ វិធានការ ៣កុំ និង៣ការពារ របស់កម្ពុជា នៅតែមានសារៈសំខាន់។ ការពាក់ម៉ាស់បានត្រឹមត្រូវ អនាម័យដៃដោយលាងសម្អាតញឹកញាប់ ការរក្សាគម្លាតសុវតិ្ថភាពបុគ្គល ការកែលម្អខ្យល់ចេញចូលនៃទីធ្លាក្នុងផ្ទះ ឬទីតាំងការងារ ឬទីតាំងប្រកបរបររកសីុទទួលទាន ការជៀសវាងកន្លែងមានមនុស្សច្រើន គឺជាអាវក្រោះការពារដ៏ខ្លាំងបំផុតរបស់យើងប្រឆាំងនឹងជំងឺកូវីដ-១៩ រួមបញ្ចូលទាំងវីរុសបំប្លែងខ្លួនថ្មីនានាផងដែរ។ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតែមានសារៈសំខាន់ ជាពិសេសសម្រាប់ការពារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានហានិភ័យខ្ពស់ ដូចជាបុគ្គលិកសុខាភិបាល និងមនុស្សចាស់។

អង្គការសុខភាពពិភពលោក បន្តវាយតម្លៃស្ថានភាពដែលប្រែប្រួលលឿនរហ័ស តាមដានការលេចឡើងនៃវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង និងការរីករាលដាលរបស់វា ហើយនិងផ្តល់ប្រឹក្សាផ្នែកវិធានការឆ្លើយតបចំពោះការគំរាមកំហែងរបស់វីរុសបំប្លែងខ្លួនថ្មីនេះ។ ការរាតត្បាតនៃជំងឺកូវីដ-១៩ មិនទាន់បញ្ចាប់នៅឡើយទេ។ កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងគ្រប់យ៉ាងក្នុងការសង្រ្គោះជីវិតមនុស្ស និងការពារសុខភាព ខណៈដែល កម្ពុជាអនុវត្តដំណើការបើកប្រទេសឡើងវិញប្រកបដោយសុវតិ្ថភាព និងចីរភាព៕