ចំណុចសំខាន់ៗ ធ្វើឲ្យលោក ប៉ាន់ ខែមម៉ានូ ត្រូវបានជ្រើសរើសសម្តែងជាតួអង្គ សម្តេចតេជោ ហ៊ុន សែន កាលពីនៅក្មេង ក្នុងខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»
សិល្បៈតារា

ខ្សែភាពយន្តភាគខ្នាតធំ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលជាភាពយន្តប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីជីវិតពិតៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេ ក្នុងការតស៊ូសង្គ្រោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោ ហ៊ុន សែន បានប្រារព្វពិធីក្រុងពាលី ចំរើនព្រះបរិត្តបើកដំណើរការផលិតខ្សែភាគយន្តភាគ នៅព្រឹកថ្ងៃចន្ទ ខែមគិសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនិងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។


តាមផែនការការងារផលិតរបស់គណៈកម្មការ ការផលិតភាពយន្តនេះ មានចំនួន ៤៤ភាគ ដោយបានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកម្លាំងអង្គរក្សចូលរួម ៥០០នាក់ផ្សេងទៀត និងប្រើពេលរយៈពេល ១២ខែកន្លះយ៉ាងតិច ហើយការកាត់តដំឡើងរូបភាព នឹងត្រូវបញ្ចប់មុនពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។

ចំនែកតួអង្គឯកប្រុស នៅក្នុងខ្សែភាពយន្តខ្នាតធំរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលសម្តែងជាតួអង្គ សម្តេចតេជោ ហ៊ុន សែន កាលពីនៅក្មេង គឺជាតារាសម្តែងបែបបុរាណ លោក ប៉ាន់ ខែមម៉ានូ ដែលកន្លងមកលោកធ្លាប់បានសម្តែងនៅក្នុងរឿងមួយចំនួន ប៉ុន្តែមិនមែនជារឿងបែបសម័យនោះទេ ពោលគឺជារឿងបែបបុរាណ ដូចជា យីកេ និងល្ខោនបាសាក់ជាដើម។ ជាមួយគ្នានេះ ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គឺជាភាពយន្តខ្នាតធំលើកទី១ហើយ ដែលលោកចូលរួមសម្តែង និងជារឿងបែបប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសកម្ពុជាទៀតផង។

លោក ប៉ាន់ ខែមម៉ានូ ដែលត្រូវបានគេស្គាល់ថា ជាប្អូនប្រុសបង្កើតរបស់លោក ប៉ាន់ ខែមប៊ុនថន បានបញ្ជាក់ពីមូលហេតុដែលលោកត្រូវបានជ្រើសរើសឲ្យសម្ដែងក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ឲ្យដឹងថា ដោយសារតែថ្នាក់ដឹកនាំយល់ឃើញថា រូបលោកមានមុខមាត់ស្រដៀងទៅនឹងសម្តេចតេជោ ហ៊ុន សែន កាលពីនៅក្មេង ជាពិសេសពេលតុងតែងខ្លូនជាកងទ័ព។ ម្យ៉ាងទៀតកន្លងមករូបលោកក៏ធ្លាប់សម្តែង នៅក្នុងបទចម្រៀងរបស់សម្តេចតេជោ ដូចជាបទ «កំសត់កូនពុក» ជាដើមផងនោះ រួមនឹងកត្តា អំណោយផលពីធម្មជាតិមួយចំនួនទៀត ទើបលោកត្រូវបានគណៈកម្មការរៀបចំថតជ្រើសយករូបលោក។

ចំណែកតួឯកស្រី ត្រូវបានគេស្គាល់ថា ជាតារាសម្តែងស្រីរូបសម្រស់ស្រស់សោភា មុខមានមន្តស្នេហ៍ កញ្ញា ហ៉ិន ចន្ទនីរ័ត្ន ដែលបានជ្រើសរើសឲ្យចូលរួមសម្តែង និងក្តោបក្តាប់បានតំណែងជា តួឯកស្រី ដែលក្នុងរឿងនេះ នាងបានសម្តែងជាតួអង្គឈ្មោះ «ម៉ារ៉ានី» ពោលគឺជាតួអង្គសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែម្ដង។