កាន់តែហ៊ានហើយ! ប្រទេសកូរ៉េខាងជើង សាកល្បង មីស៊ីល ល្បឿនលឿនជាងសំឡេង ដែលបាញ់ដោយជោគជ័យចំគោលដៅ
ព័ត៌មានអន្តជាតិ

ប្រទេសកូរ៉េខាងជើងបានសាកល្បង មីស៊ីលល្បឿនលឿនជាងសំឡេង ដែលបាញ់ដោយជោគជ័យចំគោលដៅ បេះបើយោងសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២ នេះ។

អាវុធដែលទីក្រុងព្យុយ៉ាងទើបបានបាញ់សាកល្បង នេះ គឺជាប្រភេទ «មីស៊ីលលឿនជាងសំឡេង» (hypersonic missile) មួយគ្រាប់ ហើយការធ្វើតេស្តនោះ ក៏ទទួលបានជោគជ័យផងដែរ។ ការបាញ់សាកល្បងគ្រាប់មីស៊ីល កាលពីថ្ងៃពុធសប្តាហ៍នេះ គឺជាលើកដំបូងសម្រាប់កូរ៉េខាងជើង គិតចាប់តាំងពីខែតុលា ឆ្នាំ២០២១ ហើយវាត្រូវបានក្រុមអង្កេតការយោធា នៃប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនចាប់បាន ហើយរិះគន់ទីក្រុងព្យុងយ៉ាងចំពោះទង្វើនេះផងដែរ ខណៈពីដំបូងឡើយពួកគេបានសន្និដ្ឋានថា វាជាប្រភេទមីស៊ីលបាលីស្ទីកប៉ុណ្ណោះ តែតាមពិតវាគឺជាគ្រាប់មីស៊ីលលឿនជាងសំឡេង (hypersonic missile) គឺអាចហោះបាននៅក្នុងរយៈកម្ពស់ទាប និងមានល្បឿនលឿនជាងល្បឿនសំឡេងរហូតដល់ទៅជាង ៥ដង ឬស្មើនឹង ៦,២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាជាប្រភេទអាវុធដែលប្រទេសរុស្ស៊ី កំពុងនាំមុខគេនៅក្នុងការអភិវឌ្ឍ៕