ថៃប្រកាសជាផ្លូវការលើកដំបូង រកឃើញករណីឆ្លង «ជំងឺគ្រុនផ្ដាសាយជ្រូកអាហ្វ្រិក»
ព័ត៌មានអន្តជាតិ

(បាងកក)៖ នៅថ្ងៃអង្គារសប្ដាហ៍នេះ អាជ្ញាធរថៃ បានប្រកាសពីការរកឃើញករណីឆ្លងនៃ «ជំងឺគ្រុនផ្ដាសាយជ្រូកអាហ្វ្រិក» តាមរយៈការពិនិត្យលើសំណាកដែល ត្រូវបានប្រមូលពីទីសត្តឃាតមួយកន្លែង នៅក្នុងខេត្ត Nakhon Pathom។

អាជ្ញាធរប្រទេសថៃ ក៏បានបើកការស៊ើបអង្កេត បន្ទាប់ពីការមានសង្ស័យជាច្រើនក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ថាជំងឺគ្រុនផ្ដាសាយជ្រូកអាហ្វ្រិកបានឆ្លងរាលដាលនៅក្នុងប្រទេសរួចទៅហើយ ខណៈព័ត៌មានពាក់ព័ន្ធនឹងជំងឺនេះត្រូវបានបិទបាំង។ យ៉ាងណាក៏ដោយ បើតាម អគ្គនាយកនៃនាយកដ្ឋានបសុសត្វ លោក Sorravis Thaneto បានឲ្យដឹងថា សំណាកមួយត្រូវបានធ្វើតេស្ដវិជ្ជមានជំងឺគ្រុនផ្ដាសាយជ្រូកអាហ្វ្រិក នៅក្នុងចំណោមសំណាកចំនួន ៣០៩ ក្នុងនោះរួមមានទាំងសំណាកឈាមដែលប្រមូលចេញពីសត្វជ្រូក នៅឯកសិដ្ឋានចំនួន១០ និងទីសត្តឃាតចំនួន ២កន្លែង។

គួរបញ្ជាក់ថា ការទទួលស្គាល់ករណីឆ្លងជំងឺគ្រុនផ្ដាសាយជ្រូកអាហ្វ្រិកកើតមានឡើង បន្ទាប់ពីអាជ្ញាធរថៃបានបដិសេធជាច្រើនឆ្នាំមកហើយថា មិនមានករណីឆ្លង ជំងឺនេះនៅលើសត្វជ្រូកនៅក្នុងស្រុកនោះទេ ហើយនេះក៏ជាលើកដំបូងបំផុតដែលអាជ្ញាធរថៃទទួលស្គាល់ជាផ្លូវការពីវត្តមានជំងឺនេះផងដែរ៕