វិធីធ្វើទឹកពោតមានរសជាតិផ្អែមឆ្ងាញ់ ហើយជំនួយសុខភាពទៀត
សុខភាព

ផ្លែ​ពោត ​ជាដំណាំ​ស្បៀង​សំខាន់​បន្ទាប់​ពី​ដំណាំ​ស្រូវ​ បន្ថែម​ពី​នោះ​​​ក៏​ជា​ចំណី​អាហារ​ដ៏ឆ្ងាញ់ ដែល​អាច​យក​ច្នៃ​ជា​ម្ហូប ឬ​ធ្វើ​បង្អែម​ក៏​បាន។ អ្វី​ពិសេស​ទៅ​ទៀត​នោះ គឺ​ផ្លែ​ពោតផ្តល់​ប្រយោជន៍​មួយ​ចំនួន​ទៅ​ដល់​សុខភាព​​ផង​ដែរ ដោយ​សារ​តែ​ពោត​​មាន​ផ្ដល់​សារជាតិ​ចិញ្ចឹម​​​ដល់​រាង​កាយ​ជាច្រើន​យ៉ាង​។​

- ផ្លែពោត មានឥទ្ធិពលប្រឆាំងនឹងការកើនឡើងជាតិខ្លាញ់នៅតាមសរសៃឈាម វាអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងបានច្រើន

- ការពារជំងឺស្លេកស្លាំង៖ ពោតជួយការពារជំងឺខ្វះគោលិកាឈាមក្រហម ដែលបង្កឡើងដោយកង្វះវីតាមីន។

- ពោតមានកម្រិតជាតិដែកដ៏សំខាន់ ដែលជាសារធាតុរ៉ែដ៏ចាំបាច់ក្នុងការបង្កើតជាកោសិកាឈាមក្រហមថ្មី កង្វះជាតិដែក គឺជាមូលហេតុដ៏សំខាន់នៃជំងឺខ្វះគោលិកាឈាមក្រហមផងដែរ។

វិធីធ្វើទឹកពោតមានរសជាតិឆ្ងាញ់៖

គ្រឿងផ្សំ៖

- ពោត ៥ ផ្លែ ឬច្រើនជាងនេះ

- ទឹក ៧ កែវ (អាចថែមថយទឹកតាមចំណូលចិត្ត)

- ស្លឹកតយ ៤ ទៅ ៥ សន្លឹក

- អំបិល បន្តិច

- ស្ករ (តាមចំនូលចិត្ត, មិនដាក់ស្ករក៏បាន ដោយសារសាច់ពោតហាវ៉ៃមានរសជាតិផ្អែមស្រាប់)

- ទឹកដោះគោខាប់ (ដាក់ក៏បានមិនដាក់ក៏បាន តាមចំណូលចិត្ត)

វិធីធ្វើ៖

១. បកសំបកពោត ហើយយករោមពោតចេញឱ្យស្អាត។

២. ឈូសយកសាច់ពោតទុកមួយអន្លើសិន។

៣. យកស្នូលពោត និងស្លឹកតយ ដាក់ចូលក្នុងឆ្នាំង ហើយដាក់ទឹកតាមបរិមាណដែលបានកំណត់ ដាំឱ្យពុះរយៈពេល១០ ទៅ១៥នាទី។

៤. ស្រង់ស្នូលពោត និងស្លឹកតយចេញ យកទឹកដែលដាំពុះនោះមកកិនជាមួយសាច់ពោតដែលឈូសរួចបញ្ចូលគ្នា។

៥. ចាក់ទឹកពោតចូលក្នុងឆ្នាំង ហើយត្រងយកកាកពោតចេញ ដាំវាម្ដងទៀត ដាក់ស្ករ, អំបិល, និងទឹកដោះគោខាប់ កូរឱ្យសព្វ ឱ្យឆ្អិនល្អ ជាការស្រេច។

ចំណាំ៖ កាកពោតដែលនៅសល់អ្នកអាចយកមកធ្វើជាពោតចៀន ឬនំផ្សេងៗតាមលទ្ធភាពបាន។