អូមីក្រុង មិនកាចសាហាវជាង «ឌែលតា» ទេ តែបង្កគ្រោះថ្នាក់ដល់មនុស្ស ប្រភេទមួយនេះ
ព័ត៌មានអន្តជាតិ

នៅថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២២ អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ឲ្យដឹងថា មេរោគកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង មិនបង្កឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ដូច ឬខ្លាំងជាងមេរោគបំប្លែងថ្មី Delta នោះទេ ប៉ុន្តែវានៅតែអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការ ។

លោក Tedros ប្រមុខអង្គការ WHO បានបញ្ជាក់ទៀតថា ភាគច្រើននៃអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅជុំវិញពិភពលោក គឺជាអ្នកមិនទាន់បានចាក់វ៉ាកសាំង បង្ការ ហើយប្រសិនបើករណីឆ្លងនៅតែបន្តកើនឡើង នោះវាអាចនឹងលេចចេញនូវមេរោគបំប្លែងថ្មីដទៃទៀតជាបន្តបន្ទាប់ ដែលមានភាពកាចសាហាវខ្លាំងជាងអូមីក្រុង ក៏ថាបាន ។

តាមរបាយការណ៍ WHO មានប្រទេសច្រើនជាង៩០ ដែលមិនទាន់សម្រេចបាន ការចាក់វ៉ាក់សាំងបង្ការតាមគោលដៅកំណត់ ដូចជា នៅក្នុងតំបន់អាហ្វ្រិក ប្រជាជនជាង 85% នៅមិនទាន់បានចាក់វ៉ាក់សាំង សូម្បីតែមួយដូស ។