វិធីសាស្រ្ត ព្យាបាល និងការពារ ការរលាកបំពង់ក
សុខភាព

ការរលាកបំពង់កគឺជាការឈឺរមាស់ ឬរលាកក្នុងបំពង់ក ហើយវាកាន់តែធ្ងន់ធ្ងរទៅៗនៅពេលលេបទឹកមាត់។ ចំពោះមូលហេតុចម្បងបំផុតរបស់ជំងឺនេះគឺការបង្ករោគដោយវីរុសដូចជា ជំងឺផ្តាសាយជាដើម។ ការឈឺបំពង់កដែលបណ្តាលមកពីវីរុសនឹងជាវិញដោយខ្លួនឯង តាមរយៈការថែទាំសុខភាពដោយខ្លួនឯង។ ចំពោះការរលាកបំពង់កដោយសារបាក់តេរីវិញ ឬ Streptococcal Infection ច្រើនតែត្រូវការព្យាបាលដោយថ្នាំផ្សះ ដើម្បីបង្ការផលវិបាករបស់វា។ ខាងក្រោមនេះយើងនឹងបង្ហាញប្រាប់ពីវិធី មួយចំនួនក្នុងការថែទាំសុខភាពដោយខ្លួនឯង អាចជួយបំបាត់បញ្ហាបានបណ្តោះអាសន្នផងដែរ៖

១. ត្រូវគេង និងសម្រាកឲ្យបានច្រើន ។

២. ត្រូវថ្នមសម្លេង កុំនិយាយច្រើន និងស្រែកខ្លាំងៗ។

៣. ទទួលទឹកឲ្យបានច្រើន ដើម្បីរក្សាសំណើមនៅបំពង់ក និងបង្ការការខ្សោះជាតិទឹក។ បើទទួលទានទឹកតែក្តៅឧណ្ហៗជាមួយក្រូចឆ្មារ ឬទឹកឃ្មុំ កាន់តែប្រសើរបំផុត។

៤.ព្យាយាមទទួលទានអាហារ និងភេសជ្ជៈផ្តល់នូវផាសុខភាព: ទឹកក្តៅឧណ្ហៗ,ទឹកស៊ុបក្តៅៗ,តែគ្មានជាតិកាហ្វេអុីន,ទឹកឃ្មុំក្តៅឧណ្ហៗ សុទ្ធតែអាចជួយបន្ធូរអាការៈឈឺបំពង់កបានទាំងអស់។ សូមជៀសវាងអាហារដែលមានជាតិហឹរ។

៥.ខ្ពុរមាត់ជាមួយទឹកអំបិល អាចជួយបន្ធូរ ឬសម្រួលដល់ការឈឺបំពង់កបាន។ ខ្ពុរឲ្យបាន ២-៣ដង ក្នុងមួយថ្ងៃ។

៦.ចៀសវាងសារធាតុបង្ករលាក ចូរធ្វើយ៉ាងណាឲ្យផ្ទះគ្មានផ្សែងបារី និងប្រើផលិតផលលាងសម្អាតណា ដែលមិនអាចបង្កការរលាកបំពង់ក៕