​បើមានរោគ​សញ្ញា ៧យ៉ាង​នេះ បង្ហាញថា អ្នកជិត​កើត​ជំងឺទឹក​នោមផ្អែម​ហើយ
សុខភាព

ជំងឺទឹកនោមផ្អែមគឺជាក្រុមមួយនៃជំងឺដែលបង្ហាញដោយការកើនឡើងជាតិស្ករនៅក្នុងឈាមបណ្តាលមកពីការប៉ះពាល់នៃមុខងារការបញ្ចេញជាតិអាំងស៊ុយលីន សកម្មភាពរបស់អាំងស៊ុយលីន ឬមូលហេតុទាំងពីររួមគ្នា។ ជំងឺទឹកនោមផ្អែមអាចមានទំនាក់ទំនងជាមួយនឹងផលវិបាកធ្ងន់ធ្ងរ និងការស្លាប់មុនអាយុរំពឹងទុក ប៉ុន្តែអ្នកដែលមានជំងឺទឹកនោមផ្អែមអាចចាត់វិធានការដើម្បីកាត់បន្ថយលទ្ធភាពនៃការកើតមាននេះបាន។

រោគសញ្ញា​ដំណាក់កាល​ដំបូងៗ​នៃ​ការ​វិត្ត​ទៅ​រក​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ ចាប់​ពី​កម្រិត​ស្រាល​ ហើយ​ជា​លទ្ធផល​អ្នក​មាន​បញ្ហា​នេះ មិនសូវ​ចាប់​អារម្មណ៍​ថា​ខ្លួន​ស្ថិត​ក្នុង​ដំណាក់​កាល​ត្រូវ​ព្យាបាល​នោះ​ដែរ​។

ខាង​ក្រោម​នេះ​ជា​សញ្ញា និង​រោគ​សញ្ញា​ដំណាក់​កាល​ដំបូងៗ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ ដែលអ្នកត្រូវកត់សម្គាល់៖

១. នោម​ញឹក​ ដោយសារកម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យើង​ខ្ពស់ តម្រង​នោម​នឹង​ព្យា​យាម​បញ្ចេញ​ជាតិ​ស្ករ​ដែល​លើស​ចោល ដោយ​ចម្រោះ​ចេញពី​ក្នុង​ឈាម​។ ការណ៍​នេះ​ធ្វើ​ឲ្យ​មនុស្ស​យើង​ត្រូវ​ទៅ​នោម​ញឹក​ញាប់ ពិសេស​នៅ​ពេល​យប់​។

២. ស្រេក​ទឹក​ ដោយសារ រាង​កាយ​យើង​បាត់​បង់​ជាតិ​ទឹកខ្លាំង ពេលយើងនោម​ញឹក​ញាប់ ដើម្បី​បញ្ចេញ​ចោល​ជាតិ​ស្ករ​លើស ។

៣. ឃ្លាន​ជា​ប្រចាំ ដោយសារ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​តែងតែ​មិន​បាន​ទទួល​ថាមពល​គ្រប់​គ្រាន់​ពី​អាហារ​ដែល​ខ្លួន​ញ៉ាំ​នោះ​ទេ ព្រោះប្រ​ព័ន្ធ​រំលាយ​អាហារ​យើង ​បំបែក​អាហារ​ទៅ​ជា​គ្លុយ​កូស ដើម្បី​បំប្លែង​ជា​ថាមពល ។ អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ មិន​ទទួល​គ្លុយ​កូស​ទាំង​នោះ​បាន​គ្រប់​គ្រាន់​ ​នៅ​ក្នុង​ចរន្ត​ឈាម ដើម្បី​បញ្ជូន​ទៅ​កាន់​កោសិកា​រាង​កាយ​នោះ​ទេ​។

៤. មាន​អារម្មណ៍​ហត់នឿយ ឬ​អស់កម្លាំង ដោយសារ​​​ស្ករ​​ក្នុង​ចរន្ត​ឈាម​មិន​អាច​ផ្ដល់​ទៅ​កោសិកា​រាង​កាយ​បាន​គ្រប់គ្រាន់​។

៥. ស្រវាំង​ភ្នែក ម្ខាង ឬ​ទាំង​សង្ខាង ដោយសារកម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​លើស​តម្រូវ​ការ អាច​ធ្វើ​ឲ្យ​ខូច​ខាត​សរសៃ​ឈាម​តូចៗ​ក្នុង​ភ្នែក ដែល​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ស្រវាំង​ភ្នែកនេះ​។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​ជួប​បញ្ហា​ភ្នែក ហើយ​មិន​ព្យា​បាល​នឹង​អាច​បង្ក​ទៅ​ជា​បញ្ហា​ធ្ងន់​ធ្ងរ និង​ចុង​ក្រោយ​អាច​ឈាន​ដល់​ពិការ​ភ្នែក​ផងដែរ។​

៦. បើមានរបួស​ គឺជា​សះ​យឺត​ ដោយសារកម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ អាច​បំផ្លាញ​ដល់​ប្រព័ន្ធ​ប្រសាទ​របស់​រាង​កាយ និង​សរសៃឈាម​តូចៗ ដែល​អាច​ធ្វើ​ឲ្យ​លំហូរ​ឈាម​ចុះ​ខ្សោយ(impair blood circulation) ។ ជា​លទ្ធ​ផល កន្លែង​មុត ឬ​របូស​នឹង​ត្រូវ​ការ​ពេល​រាប់​អាទិត្យ ឬ​ខែ ដើម្បី​ជាសះស្បើយ​។ ការ​ជា​សះ​ពី​រ​បួស​យឺត អាច​បង្កើន​ឱកាស​ប្រឈម​នឹង​ការ​ឆ្លង​រោគ​ផ្សេងៗ​។​​

៧. ស្ពឹក​ដៃ ឬ​ជើង ដោយសារកម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ និង​លំហូរ​ឈាម​ក្នុង​រាង​កាយ​។