មេរៀនជីវិត ដែលយើងទទួលបានពីវិបត្តិកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា
បែបផែនជីវិត

ជំងឺកូវីដ-១៩បានវាយលុកក្នុងប្រទេសកម្ពុជាចាប់តាំងពីដើមឆ្នាំ២០២០មកម្ល៉េះ។ បើគិតមកដល់ពេលនេះ វាមានរយ:ពេលជាង១ឆ្នាំហើយ។ ប៉ុន្តែបច្ចុប្បន្ន ស្ថានភាពនៃការរីករាលដាលរបស់ជំងឺកូវីដ-១៩នៅប្រទេសកម្ពុជាបានឈានទៅរកសភាពធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូពេទ្យបានព្យាយាមប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការព្យាបាល និងមើលថែរក្សាអ្នកជំងឺឱ្យជាសះស្បើយពីជំងឺរាតត្បាតមួយនេះ។ ដោយសារតែវិបត្តិនៃជំងឺរាតត្បាតមួយនេះ ប្រជាជនភាគច្រើនត្រូវប្រឈមមុខដោះស្រាយនឹងបញ្ហាជាច្រើននិងត្រូវសម្របខ្លួនតាមស្ថានភាពថ្មីនិងលំបាកមួយនេះ ហើយក៏មានមនុស្សមួយចំនួនទទួលរងផលប៉ះពាល់ទាំងផ្នែកផ្លូវកាយនិងផ្លូវចិត្តផងដែរ។ ទន្ទឹមនឹងនេះ ក្នុងកំលុងពេលដែលមានវិបត្តិកើតឡើង យើងក៏ទទួលបានមេរៀនមួយចំនួនដែលយើងមិនធ្លាប់នឹកស្មាននិងជួបប្រទះពីមុនមក។ តើមេរៀនទាំងនោះមានអ្វីខ្លះ?

១- សុខភាពជាទ្រព្យមានតម្លៃ៖ មនុស្សចាប់ផ្តើមយល់ដឹងពីតម្លៃនៃសុខភាព។ តើសុខភាពមានសារៈសំខាន់អ្វីខ្លះ? ហេតុអ្វីបានជាអ្នកចាំបាច់ត្រូវថែរក្សាសុខភាព? ព្រោះប្រសិនបើសុខភាពរបស់អ្នកទន់ខ្សោយឬមានជំងឺណាមួយ វាធ្វើឱ្យរាងកាយរបស់អ្នកចាប់ផ្តើមចុះខ្សោយនិងងាយទទួលរងនូវការវាយលុកដោយវីរុសណាមួយ ជាពិសេសគឺជំងឺកូវីដ-១៩ ក្នុងខណ:ពេលដែលអ្នកធ្វេសប្រហែសនិងមិនគោរពតាមវិធានការដែលរាជរដ្ឋាភិបាលបានដាក់ឱ្យ។ ដូច្នោះ ប្រសិនបើអ្នកស្រឡាញ់សុខភាពនិងអាយុជីវិតរបស់គ្រួសារ អ្នកត្រូវស្នាក់នៅផ្ទះនិងគោរពតាមគោលការណ៍ដែលក្រសួងសុខាភិបាលបានណែនាំ។

២- រៀនពីការរក្សាអនាម័យ៖ ក្នុងការរស់នៅប្រចាំថ្ងៃ អនាម័យគឺជាកត្តាសំខាន់មួយសម្រាប់មនុស្សគ្រប់រូប។ ខណ:ពេលដែលប្រទេសកំពុងស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលបានណែនាំឱ្យប្រជាពលរដ្ឋលាងសម្អាតដៃជាមួយនឹងអាល់កុលនិងសាប៊ូជាប្រចាំ រួមទាំងបរិភោគអាហារប្រកបដោយអនាម័យដើម្បីចៀសវាងពីជំងឺកូវីដ-១៩។

៣- ពេលវេលានៅជាមួយគ្រួសារ៖ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ អ្នកមិនអាចចេញក្រៅដើម្បីប្រកបរបររកស៊ី ទៅធ្វើការ ឬទៅសាលារៀនដូចធម្មតាបាននោះទេ។ ជំនួសមកវិញ អ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការស្នាក់នៅផ្ទះ ជួបជុំគ្រួសារ ប្តីប្រពន្ធ និងកូនចៅរបស់អ្នក។ អ្នកអាចប្រើប្រាស់ពេលវេលាមួយនេះដើម្បីឈ្វេងយល់ពីគ្នាឱ្យបានច្រើននិងបង្កើនភាពជិតស្និទ្ធជាងមុន ព្រោះអ្នកមានពេលវេលាគ្រប់គ្រាន់នៅជាមួយនឹងពួកគេ។

៤- បរិបទថ្មីនៃការរៀនសូត្រ៖ ជាទូទៅ សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូជាច្រើនគិតថាការរៀននិងការបង្រៀនអាចកើតមានឡើងតែនៅសាលាផ្ទាល់តែប៉ុណ្ណោះ។ ប៉ុន្តែបើយើងក្រឡេកមកមើលការរៀននិងការបង្រៀនបច្ចុប្បន្នគឺធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិកឬអនឡាញតែប៉ុណ្ណោះ។ លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សត្រូវសម្របខ្លួនតាមការរៀនឬបង្រៀនតាមរបៀបជីឌីថល។ អ្នកនឹងបានរៀននិងឈ្វេងយល់ពីបច្ចេកវិទ្យាបានច្រើនជាងមុន។ ឧទាហរណ៍ ជាក់ស្តែង លោកគ្រូអ្នកគ្រូបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដូចជាកម្មវិធី Zoom, Google Meeting, Google Classroom, Microsoft Team, Discord ជាដើមនៅក្នុងការបង្រៀន។

៥- បរិបទថ្មីនៃការធ្វើការ៖ ទោះបីបើអ្នកមិនអាចទៅកន្លែងការងារផ្ទាល់ ក៏អ្នកអាចបន្តធ្វើការពីផ្ទះបានធម្មតាដែរ ពីព្រោះអ្នកប្រើប្រាស់បច្ចេកវិទ្យាក្នុងការធ្វើការនិងប្រាស្រ័យទាក់ទងជាមួយនឹងក្រុមការងារ។

សរុបមក ក្នុងពេលដែលប្រទេសមានវិបត្តិបែបនេះ អ្វីដែលអ្នកគួរធ្វើគឺចំណាយពេលវេលានៅជាមួយគ្រួសារ អានសៀវភៅ និងរៀនសូត្រអ្វីដែលថ្មីៗ ដើម្បីអភិវឌ្ឍខួរក្បាល និងសមត្ថភាពរបស់អ្នក។ ជាចុងក្រោយ ចូរចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន “៣កុំ ៣ការពារ” ៕

អត្ថបទដោយ៖ គិន ម៉ីហ
©️គ្រឹះស្ថានហាតប៊ុក