សូមចូលរួមរំលែកទុក្ខ! តារាចម្រៀង សុិន ឧត្តមផល្លា បានទទួលមរណភាព នៅព្រឹកមិញនេះ
សិល្បៈតារា

(ភ្នំពេញ): អតីតតារាចម្រៀងដ៏ល្បីអ្នកនាង សុិន ឧត្តមផល្លា បានទទួលមរណភាពនៅវេលាម៉ោង៧: ៣០ នាទីព្រឹកថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២១ ដោយសារជំងឺមហារីកកូនកណ្ដុរ ។ នេះបើយោងតាមការបញ្ជាក់ ពីមិត្តរួមសិល្ប:របស់អ្នកនាង និងកូនស្រីរបស់អ្នកនាង នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅមុននេះបន្តិច ។

គួរជម្រាបថា អ្នកនាង ស៉ិន ឧត្តមផល្លា បានប្រឡូងក្នុងវិស័យសិល្បៈជាង២០ឆ្នាំមកហើយ កេរ្តិ៍ឈ្មោះតារារូបនេះ ហាក់មានទស្សនិកជនស្គាល់ច្រើន និងមានប្រជាប្រិយភាពខ្លាំងឡើង ទោះបីជាវ័យកាន់តែជ្រេក្តី ដោយក្រៅពីច្រៀងបានទាំងភាសាអង់គ្លេស, ចិន និងខ្មែរផងនោះ អ្នកនាងមានសមត្ថភាពអាចសម្តែងរឿងផងដែរ។ ភាពយន្តដែលអ្នកនាងបានសម្តែងកន្លងទៅ គឺ «រាជនីភូមិគ្រិះ» របស់ទូរទស្សន៍ហង្សមាស ដែលដើរតួជាម្តាយរបស់លោក ណុប បាយ៉ារិទ្ធ។ អ្នកនាង បានបាត់មុខពីវិស័យចម្រៀង ១ឆ្នាំចុងក្រោយនេះ ដោយសារសម្រាកព្យាបាលជមងឺមហារីក ដែលទើបនឹងបង្ហាញប្រាប់សាធារណជនឲ្យដឹងនៅពេលកន្លងទៅនេះ ពោលគឺអ្នកនាង បានសំងំព្យាបាលជំងឺនេះតាំងពីខែ៤ ឆ្នាំ២០២០ មកម្ល៉េះ រហូតមកដល់ ថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២១ អ្នកនាងក៏បានទទួលមរណភាព ដោយសារជំងឺមហារីកកូនកណ្ដុរ ៕

ជាចុងក្រោយក្រុមការងារ KhmerToday ក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារ និងសូមឲ្យ អ្នកនាង សុិន ឧត្តមផល្លា បានទៅកាន់ឋានបរមសុខ សុគិតិភពកុំបីឃ្លាងឃ្លាតឡើយ ៕