ចិន ប្រកាសអនុញ្ញាតឱ្យប្រជាជនមានកូនច្រើន ដែលអាចមានកូនដល់ 3នាក់ ក្នុងមួយគ្រួសារ
ព័ត៌មានអន្តជាតិ

(ប៉េកាំង)៖ នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ ប្រទេសចិនបានប្រកាសថា ប្រជាជននឹងត្រូវអនុញ្ញាតឲ្យចាប់ផ្តើមមានកូនបានដល់ ៣នាក់ក្នុងមួយគ្រួសារ ដែលជាផែនការមួយ ដើម្បីជួយទប់ទល់នឹងការកង្វះខាតកម្លាំងពលកម្ម ដែលកំពុងធ្លាក់ចុះ និងអាចដាក់បន្ទុក លើកំណើនសេដ្ឋកិច្ចរបស់ចិន ដែលកន្លងមកគោលនយោបាយ បានកំណត់ការយកកូនបានត្រឹម២នាក់ប៉ុណ្ណោះ។

ការផ្លាស់ប្តូរគោលនយោបាយធំមួយនេះ ដោយសារតែ ទិន្នន័យថ្មីៗនេះបង្ហាញឲ្យឃើញ ប្រទេសចិនបានថយចុះយ៉ាងគំហុកនៃអត្រាកំណើតទារក ដែលធ្វើឲ្យកំណើនប្រជាជនចិន បានកើនឡើងក្នុងអត្រាដ៏យឺតបំផុត កំលុងទសវត្សរ៍ទៅ បើគិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០មក ។

គួរបញ្ជាក់ថា កាលពី២០១៦ ចិនបានសម្រេចលុបចោលគោលនយោបាយរាប់ទសវត្សរ៍របស់ខ្លួន ដែលកំណត់ឲ្យប្រជាជនចិនអាចមានកូន បានត្រឹមម្នាក់ក្នុងមួយគ្រួសារ ក្រោមគោលដៅព្យាយាមទប់ស្កាត់កំណើនប្រជាជន ហើយអនុញ្ញាតឲ្យមានកូនបាន២នាក់ និងនាពេលបច្ចុប្បន្ននេះ ក៏បានអនុញ្ញាតឲ្យចាប់ផ្តើមមានកូនបានដល់ ៣នាក់ក្នុងមួយគ្រួសារ ៕