និទានផ្តល់គំនិត៖ រឿង “ហ្វូងស្វាល្ងង់ និងព្រឹទ្ធាចារ្យទីទុយ”
ចំណេះដឹង

កាលពីព្រេងនាយ មានសត្វស្វាមួយក្រុមបានធ្វើដំណើរមកដល់ព្រៃជ្រៅ និងងងឹតមួយ។ ដោយ​សា​រ​កាល​នោះ ជារដូវរងាខ្លាំង ពពួកសត្វស្វាពិបាករស់នៅយ៉ាងខ្លាំង ពិសេសគឺនៅពេលយប់។ ដូចនេះ​ពួក​វា​បានស្វែងរកភ្លើង ដើម្បីឆ្អើរឲ្យមានភាពកក់ក្តៅ។

ថ្ងៃមួយ ពួកវាបានប្រទះនឹងសត្វអំពិលអំពែក ធ្វើឲ្យពួកស្វាគិតថា ជាពន្លឺភ្លើង។ ពួកវានាំគ្នា​ស្រែកឡើង​ខ្លាំងៗ​ថា “ភ្លើង ភ្លើង ភ្លើង! ពួកយើងរកឃើញភ្លើងហើយ”។ ​សត្វស្វាពីរបីក្បាលព្យាយាម​ចាប់សត្វ​អំពិល​អំពែកទាំងនោះ ប៉ុន្តែអំពិលអំពែកចេះតែហើរចេញ ធ្វើឲ្យពួកស្វាខកចិត្តជាខ្លាំង។ ពួកវាក៏​ចាប់​ផ្តើម​ជជែកគ្នាថា បើមិនមានភ្លើងទេ គេនឹងមិនអាចរស់នៅក្នុងអាកាស​ធាតុត្រជាក់​បែប​នេះបានឡើយ។

នៅរាត្រីបន្ទាប់ ពួកស្វាក៏ប្រទះឃើញហ្វូងអំពិលអំពែកកាន់តែច្រើនឡើង។ គ្នាវាខ្លះចាប់បានអំពិល​អំពែក​មួយចំនួនដែរ រួចយកមក​ដាក់លើដី រួចព្យាយាមផ្លុំដើម្បីបង្កាត់ភ្លើង។ ពួកសត្វស្វាទាំងនោះ​ព្យាយាម​យ៉ាងលំបាកបំផុត ពីព្រោះមិនបានដឹងថា សត្វអំពិល​អំពែក​ទាំងនោះចេះហើរ។

នៅក្បែរនោះ មានសត្វទីទុយមួយក្បាលកំពុងតាមដានសកម្មភាពរបស់សត្វស្វាដ៏ល្ងង់ទាំងនោះ។ ទ្រាំមិន​បាន សត្វទីទុយក៏ហើរចុះមក​ប្រាប់​សត្វស្វាថា “ពួកវាមិនមែនជាភ្លើងនោះ​ទេ…វាគឺសត្វ​អំពិល​​អំពែក ហើយអ្នកមិនអាចធ្វើឲ្យវាចេញភ្លើងយកមកប្រើប្រាស់​បាន​ឡើយ”។ មិនត្រឹមតែមិនស្តាប់​យោបល់​ទីទុយទេ ពួកស្វាថែមទាំងសើចចំអកថែមទៀតថា “តាទីទុយកញ្ចាស់អើយ តាមិនចេះពីរបៀប​បង្កើតភ្លើងទេ។ ចេញទៅកុំរំខានពួកខ្ញុំអី”។ លឺបែបនេះ ព្រឹទ្ធាចារ្យទីទុយ បន្តព្រមានហ្វូងស្វាក្បាលរឹង “ពួកឯងមិនអាចបង្កើតភ្លើងពី​សត្វអំពិលអំពែកបានទេ…ស្តាប់ខ្ញុំណា!”។​ ស្តាប់ចប់ ពួកស្វានៅតែ​បន្ត​បង្កាត់​ភ្លើង ពីក្រុមអំពិលអំពែកទាំងនោះ។

សត្វទីទុយកញ្ចាស់ប្រាប់ពួកស្វាឲ្យបញ្ឈប់ទង្វើឆ្កួតឡប់ឥតប្រយោជន៍ភ្លាមទៅ។ ទីទុយបន្ត “អ្នកគួរតែ​សាកល្បង​ទៅធ្វើជម្រកក្បែររូង​ជញ្ជាំង​ថ្មទៅប្រសើរជាង ពីព្រោះអាចធ្វើឲ្យពួកឯងកក់ក្តៅបាន មិន​ចាំ​បាច់​បង្កាត់ភ្លើងអ្វីនោះទេ”។ មិនទាន់និយាយចប់ផង សត្វស្វាមួយ​ក្បាលបានស្រែកខ្លាំងៗថាឲ្យទីទុយ រួចទីទុយក៏ហើរចេញទៅ។

ក្រុមស្វានៅតែបន្តអនុវត្តន៍សកម្មភាព​ល្ងង់ខ្លៅរបស់ខ្លួនជាច្រើនម៉ោង​ទៀតរហូតយប់ជ្រៅ។ ក្រោយមក ពួកវាអស់កំលាំងជាខ្លាំង និងមិនបានទទួលផលអ្វីឡើយ ទើបយល់ថា យោបល់របស់ទីទុយពិត​ជាត្រឹម​ត្រូវ។ ក្រោយមក​ពួកវាក៏សម្រេចចិត្ត ធ្វើដំណើរទៅរករូងថ្ម​ដើម្បីធ្វើជម្រក ហើយក៏អាចការពារខ្លួន​ពីភាព​​ត្រជាក់​បាន។

គំនិតអប់រំ៖ ក្រោយទទួលបរាជ័យច្រើនដង អ្នកគួរតែរៀនទទួលយកនូវមតិយោបល់ ពីអ្នកដទៃផង។

ដកស្រង់ពីសៀវភៅ៖ និទានផ្តល់គំនិត ភាគ២ (ឈុំ សុចិណ្ណា) 
©️ គ្រឹះស្ថានហាតប៊ុក