ពាក្យមិនគួរនិយាយ ទៅកាន់ស្រ្តីនៅលីវ អាយុលើស ៣០ឆ្នាំ
បែបផែនជីវិត

តើលោកអ្នកមានមិត្តជានារីដែលមានវ័យលើស៣០ឆ្នាំ ហើយនៅលីវទេ? លោកអ្នកត្រូវប្រយ័ត្នសំដីបន្តិច ពេលវាចាទៅកាន់នារី ទាំងនោះ ត្បិតអីសំដីឃ្លាខ្លះ អាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់នាង ហើយក៏អាចប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកដែរ។ សូមប្រយ័ត្ន និងពិចារណាលើឃ្លាទាង៧ខាងក្រោម៖

១. យល់ល្អ អ្នកត្រូវតែមានកូនឲ្យបានមុនអាយុ៣៥ឆ្នាំ៖ ទោះបីជាវិទ្យាសាស្រ្តបង្ហាញថា អាយុលើសពី៣៥ឆ្នាំមិនល្អឡើយ សម្រាប់ស្រ្តីក៏ដោយ ប៉ុន្តែមិនមែនមានន័យថា មិនអាចបង្កើតកូន ឬអាក្រក់ទាំងអស់នោះទេ។ គ្មានមិនទាន់នឹងគិតដល់ហ្នឹងផង យើងនិយាយតែរឿងហ្នឹង ពិតជាមិនល្អឡើយ។

២. អ្នកមិនអាចពាក់សំលៀកបំពាក់នេះបានទៀតទេ៖ ទោះបីការស្លៀកពាក់សម្រាប់វ័យក្មេង និងវ័យជ្រេបន្តិច ខុសគ្នាក៏ដោយ ក៏អ្នកមិនត្រូវនិយាយបែបនេះទៅកាន់នាងដែរ។ ហេតុអ្វីបានជានាង មិនអាចជ្រើសរើសអ្វីដែលនាងចង់?

៣. អ្នកគួរតែណាត់ជួបតាមអនឡាញទៅ៖ ការណាត់ជួបតាមរយៈអនឡាញ ពេញនិយមណាស់នៅបណ្តាប្រទេសលោកខាងលិច ហើយប្រហែលជានៅកម្ពុជាដែរ។ ប៉ុន្តែមិនប្រាកដថា ការជួបគ្នាតាមអនឡាញ ជាជម្រើសដែលល្អនោះដែរ។ ការផ្តល់យោបល់បែបនេះ មានន័យថា អ្នកកំពុងគិតថា នាងស្ថិតក្នុងដំណាក់កាលចុងក្រោយហើយ ឬនាងប្រហែលមិនមានលទ្ធភាពរកដៃគូបាន។

៤. ដោយសារឯងហ្នឹង រើសពេក៖ និយាយបែបនេះ អាចជាការបន្ទោសផង អាចជាការសរសើរផង ប៉ុន្តែមានន័យថា ដល់ពេលនេះនាងនៅតែអត់ទាន់មាននៅឡើយ។ រើសពេក មិនអាចចាត់ទុកជាកំហុសបានឡើយ។

៥. អ្នកមិនធ្លាប់ធ្វើជាម្តាយឪពុកគេ អ្នកមិនយល់ទេ៖ មានហេតុផលអីដែលអ្នកត្រូវនិយាយថា ស្រ្តីនៅលីវ អាយុលើស៣០ឆ្នាំ មិនយល់អំពីភាពជាឪពុកម្តាយ? ភាពជាមនុស្ស ត្រូវតែមានក្តីស្រលាញ់ ការព្រួយបារម្ភ ការយកចិត្តទុកដាក់ ដែលជាចំនុចដែលអ្នករៀបការ និងអ្នកនៅលីវ មានដូចគ្នាដែរ។

៦. អ្នកមិនអាចរកបុរសល្អនៅក្នុងបារ/ក្លិបកំសាន្តបានទេ៖ ចំនុចនេះអាចត្រឹមត្រូវ ប៉ុន្តែដូចជាគួរឲ្យអស់សំណើចបន្តិច។ ប្រហែលជាត្រឹមត្រូវ ពីព្រោះ បុរសល្អ មិនអាចកាន់កែវស្រា ហើយជជែកពិភាក្សាជាមួយនារី ដោយមានបំណងចង់រៀបការជាមួយអ្នកឡើយ។ ទោះបីយ៉ាងណា ក៏មិនគួរនិយាយចំនុចនេះ ឲ្យនាងបានដែរ។

៧. ឯងគ្មានកម្មវិធីខួបកំណើតសប្បាយដូចមុនទៀតទេ៖ នៅអាយុប្រហែល២០ឆ្នាំ ខួបកំណើតពិតជារីករាយ និងមានន័យបំផុត។ ប៉ុន្តែតើយើងអាចដឹងទេថា តើអាយុប៉ុន្មានទើបរៀបចំខួបកំណើតបានរីករាយបំផុតនោះ។ ទោះយ៉ាងណា ក៏មិនអាចនិយាយបែបនេះបានទេ ដែលជាទូទៅយើងសង្កេតឃើញអ្នកខ្លះ និយាយចំអក ដល់ស្រ្តីនៅលីវ ដែលរៀបចំខួបកំណើតអាយុ៣០ ឬលើសពីនេះថា “ពិធីចម្រើនព្រះជន្ម” ជាដើម។

ដកស្រង់ពីសៀវភៅ៖ បណ្តុំគំនិត ភាគ១ របស់ ©️ គ្រឹះស្ថានហាតប៊ុក