មិត្ត ៤ប្រភេទ ដែលអ្នកគួរសេពគប់
បែបផែនជីវិត

ខាងក្រោមនេះ ជាមិត្ត ៤ប្រភេទ ដែលអ្នកគួរសេពគប់ ដែលបាន ដកស្រង់ចេញពីសៀវភៅ ប្រយោជន៍បីប្រការ រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា ។

១. មិត្តមានឧបការៈមាន ៤ យ៉ាង

  • ក- មិត្តរក្សាមិត្ត ពេលដែលមិត្តធ្វេសប្រហែល មនុស្សដែលល្អ កាលបើឃើញមិត្តបាត់បង់ស្មារតីនៅក្នុងរឿងអ្វីមួយ ដូចជានៅក្នុងរឿងការងារ ឬក៏ក្នុងការសិក្សាជាដើម ហើយធ្លោយខ្លួនប្រព្រឹត្តអបាយមុខផ្សេងៗ ក៏ជួយការពារ ឬក៏ជួយនិយាយដាសតឿនមិត្ត ឲ្យមានស្មារតីឡើងវិញ មិនមែននិយាយតែអំពីខាងក្រោយនោះទេ។
  • ខ- មិត្តរក្សាសម្បត្តិរបស់មិត្ត ដែលធ្វេសប្រហែល មនុស្សយើងមានការធ្វេសប្រហែលស្មារតីជាធម្មតា ទើបបានជាត្រូវការមិត្តល្អជាគ្នា ព្រោះមិត្តល្អ តែងតែជួយមើលថែទ្រព្យសម្បត្តិឲ្យយើង ក្នុងខណៈពេលដែលយើងភ្លេចចោលនូវរបស់ផ្សេងៗ ឬក្នុងខណៈដែលយើងមិននៅផ្ទះជាដើម។
  • គ- មិត្តជាទីពឹងពិតប្រាកដ នៅពេលដែលមិត្តមានគ្រោះភ័យ មិត្តប្រភេទនេះតែងតែជួយអារកាត់នូវបញ្ហារបស់មិត្ត ឬក៏ជួយការពារមិត្តជានិច្ច ពេលមិត្តមានបញ្ហា តែងយកខ្លួនពាំងរួចពោលថា " មានខ្ញុំនៅហើយ សូមមិត្តកុំព្រួយ "។
  • ឃ- មិត្ត កាលបើមិត្តមានកិច្ចចាំបាច់ដោយភោគៈហើយ ក៏ផ្ដល់ទ្រព្យឲ្យលើសពីកម្រិតដែលមិត្តត្រូវការ មិត្តប្រភេទនេះជាមិត្តមានចិត្តទូលាយ តែងអនុគ្រោះមិត្តដោយចិត្តល្អ ដូចជាថា មិត្តមានកូនឈឺ ត្រូវការប្រាក់ ១ម៉ឺនរៀល ដើម្បីព្យាបាលកូន ក៏អោយដល់ទៅ ១ម៉ឺន៥ពាន់ ឬ ២ម៉ឺនរៀល ដោយចិត្តអនុគ្រោះព្រោះខ្លាចក្រែងមិនគ្រប់។

២.មិត្តរួមសុខទុក្ខមាន ៤ យ៉ាង

  • ក- មិត្ត ប្រាប់នូវអាថ៌កំបាំងរបស់ខ្លួនដល់មិត្ត មានរឿងខ្លះអាថ៌កំបាំងខ្លះ មនុស្សយើងមិនអាចដោះស្រាយ ដោយខ្លួនឯងបានឡើយ ទើបត្រូវតែទម្លាយអាថ៌កំបាំងនោះ ប្រាប់ដល់មិត្តជួនការមិត្តនោះអាចជួយដោះស្រាយបាន ប៉ុន្តែកុំចេះតែនិយាយប្រាប់ ដោយមិនរើសមុខឲ្យសោះព្រោះអាចថានឹងមានបញ្ហាកាន់តែខ្លាំងឡើង។
  • ខ- មិត្ត ដែលចេះជួយលាក់អាថ៌កំបាំងរបស់មិត្ត មិត្តប្រភេទនេះប្រៀបបីដូចជាមាតាបិតាអ៊ីចឹងឯង មិនចេះតែនិយាយពីអាថ៌កំបាំងមិត្តប្រាប់គេឯងនោះទេ មានតែជួយការពារកិត្តិយសរបស់មិត្តទៀតផង។
  • គ- មិត្តដែលមិនបោះបង់មិត្ត នៅពេលដែលមិត្តមានវិបត្តិ នៅក្នុងជីវិតប្រចាំថ្ងៃ វិបត្តិតូចធំតែងកើតមានជាធម្មតា តែយើងអាចមានមិត្តរួមសុខរួមទុក្ខជាគ្នា ព្រោះពាក្យថា មិត្តរួមសុខទុក្ខមិនមែនរួមតែសុខទេ ទុក្ខក៏រួមដែរ។
  • ឃ- មិត្ត ដែលសូម្បីជីវិតក៏ហ៊ានលះបង់ដើម្បីប្រយោជន៍មិត្ត មិត្តប្រភេទនេះតែងតែជួយការពារប្រយោជន៍មិត្ត កុំថាឡើយអស់ត្រឹមទ្រព្យសម្បត្តិ ឬអវយវៈ សូម្បីដល់អស់ជីវិតក៏ហ៊ានលះបង់ដើម្បីមិត្តដែរ។

៣.មិត្តប្រាប់នូវប្រយោជន៍មាន ៤ យ៉ាង

  • ក- មិត្ត ដែលចេះហាមប្រាមមិត្តមិនឲ្យធ្វើបាប មិត្តដែលចេះហាមប្រាមមិត្តមិនឲ្យធ្វើអំពើអាក្រក់ ប្រៀបបីដូចជាកំពុងឃើញមិត្តដើរទៅចំការមីន ហើយហាមប្រាមមិត្តមិនឲ្យដើរចូលទៅដូច្នោះឯង ព្រោះខ្លាចមិត្តគ្រោះថ្នាក់។
  • ខ- មិត្ត ដែលចេះដឹកនាំមិត្តឲ្យធ្វើនូវអំពើល្អ មិត្តដែលចេះដឹងនាំមិត្តឲ្យធ្វើល្អ ប្រៀបបីដូចជានាំមិត្តទៅជីកយកទ្រព្យដូច្នោះដែរ។
  • គ- មិត្ត ដែលចេះណែនាំមិត្តឲ្យបានស្ដាប់នូវពាក្យដែលមិនធ្លាប់បានស្ដាប់ គឺសំដៅដល់ពាក្យដែលជាឱវាទល្អៗប្រាសចាកទោស ដូចជាព្រះធម៌ទេសនា ឬថាពាក្យទូន្មានរបស់គ្រូអាចារ្យរបស់ចាស់ទុំណាដែលគាត់មានប្រក្រតី ពោលពាក្យដឹកនាំកូនចៅប្រុសស្រីឲ្យមានការយល់ត្រូវជាដើម។
  • ឃ- មិត្ត ដែលចេះប្រាប់ផ្លូវទៅកាន់ស្ថានសួគ៌ដល់មិត្ត មានរឿងខ្លះមនុស្សយើង សូម្បីជាអ្នកឆ្លាតយ៉ាងណាក៏ដោយ ក៏មិនអាចដឹងរឿងរ៉ាវគ្រប់អន្លើបានឡើយ ដូចជានៅក្នុងដំណើរទៅកាន់ជាតិមុខជាដើម បើមិនអាស្រ័យនឹងព្រះធម៌របស់ព្រះមានព្រះភាគទេ រមែងមានការយល់ខុសជាធម្មតា ដូច្នេះការមានកល្យាណមិត្តដែលមានការចេះដឹងក្នុងរឿងនេះ គឺជាការប្រពៃណាស់។

៤.មិត្តចេះមានចិត្តឈឺឆ្អាលមាន ៤ យ៉ាង

  • ក- មិត្ត ដែលមិនត្រេកអរនៅពេលដែលមិត្តមានសេចក្ដីវិនាស សេចក្ដីវិនាសមាន៥យ៉ាងគឺ វិនាសញាតិ ១ វិនាសទ្រព្យ១ វិនាសសុខភាព១ វិនាសសីល១ និងវិនាសទិដ្ឋិ១។ មិត្តប្រភេទនេះតែងមានចិត្តករុណាអាណិតដល់មិត្ត នៅពេលមិត្តមានបញ្ហាដូចខាងលើ ព្រមទាំងជួយរកវិធីដោះស្រាយទៀតផង។
  • ខ- មិត្ត ចេះត្រេកអរក្នុងពេលដែលមិត្តបាននូវការចម្រើនរុងរឿង មិត្តប្រភេទនេះ តែងមានចិត្តមុទិតា គឺត្រេកអរតាម ដោយសេចក្ដីថាមិនចេះច្រណែន ក្នុងការដែលមិត្តបាននូវលាភ ឬយសជាដើម ហើយមានតែការលើកស្ទួយការពារថែមទៀត។
  • គ- មិត្ត ដែលចេះហាមឃាត់មនុស្សដែលនិយាយអាក្រក់អំពីមិត្ត មិត្តប្រភេទនេះ តែងមានចិត្តឈឺឆ្អាលចំពោះមិត្ត ការពារកិត្តិយលមិត្តហើយមានអ្នកណានិយាយអាក្រក់អំពីមិត្ត តែងតែហាមឃាត់ភ្លាម គឺថាមិនមែនជាមនុស្សនិយាយចាក់បណ្ដោយ ឬថាជាមនុស្សក្របីស៊ីក្នុងអូរដែលងាកទៅខាងណាក៏ត្រូវនោះឡើយ។
  • ឃ- មិត្ត ដែលចេះសរសើរនូវមនុស្សណាដែលនិយាយល្អអំពីមិត្ត ឬក៏អំពីគុណរបស់មិត្ត មនុស្សយើងតែងមានចំណុចល្អ និងចំណុចអាក្រក់ជាធម្មតា បើគេនិយាយអំពីចំណុចអាក្រក់របស់មិត្តត្រូវតែហាមឃាត់ តែបើគេនិយាយល្អអំពីមិត្តដែលមិត្តមានសេចក្ដីល្អមែន ត្រូវតែសរសើរបន្ថែមដើម្បីបានសេចក្ដីល្អ២យ៉ាងគឺ ម្យ៉ាងដើម្បីកំចាត់ចោលនូវការច្រណែន ក្នុងសេចក្ដីល្អរបស់មិត្ត ម្យ៉ាងទៀតដើម្បីឲ្យមិត្តកាន់តែប្រព្រឹត្តល្អឡើង។