រឿងរ៉ាវទាំង៧យ៉ាង ដែលអាចទាញអ្នកឱ្យក្លាយទៅជាមនុស្សបរាជ័យ
បែបផែនជីវិត

មនុស្សគ្រប់រូបសុទ្ធសឹងតែចង់ក្លាយទៅជាមនុស្សជោគជ័យ ប៉ុន្តែសកម្មភាព និងឥរិយាបថដែលយើងកំពុងធ្វើមួយចំនួន អាចនឹងទាញអ្នកឱ្យឆ្ពោះទៅរកបរាជ័យបានដោយមិនដឹងខ្លួន។

តើសកម្មភាពទាំង៧យ៉ាងនោះ មានអ្វីខ្លះ?

១. ខ្ជិលច្រអូស៖ នៅគ្រប់ការងារទាំងអស់ បើអ្នកយកភាពខ្ជិលច្រអូសដាក់ខាងមុខ នោះអ្នកប្រាកដជាដើរទៅរកបរាជ័យដោយជៀសមិនរួច។

២. ទុកការងារចោល ហើយប្រើពាក្យ “ចាំសិន”៖ ពាក្យ “ចាំសិន” ឬ “ចាំធ្វើពេលនេះ ចាំធ្វើពេលនោះ” គ្រាន់តែជាលេសរបស់មនុស្សបរាជ័យ ដែលព្យាយាមគេចចេញពីការងារ និងទំនួលខុសត្រូវរបស់ខ្លួនតែប៉ុណ្ណោះ។

៣. បានតែថា តែមិនធ្វើ៖ មនុស្សខ្លះសម្បូរតែទ្រឹស្តី តែមិនមានការអនុវត្ត ក៏ជាបុព្វហេតុនៃការឈានទៅរកបរាជ័យនោះដែរ។ ជាទូទៅ មនុស្សជោគជ័យយកការអនុវត្តសំខាន់ជាងពាក្យសម្ដីដែលគេនិយាយចេញពីមាត់។

៤. មិនអានសៀវភៅ៖ មនុស្សជោគជ័យ គឺជាមនុស្សដែលទទួលបានចំណេះដឹងតាមរយៈការអានសៀវភៅ ដូច្នេះបើអ្នកខ្ជិលអានសៀវភៅ ចំណេះដឹងរបស់អ្នកគឺនៅតិចតួចនៅឡើយ ដែលមិនអាចនាំអ្នកឱ្យទទួលបាននូវជោគជ័យនោះឡើយ។

៥. គិតអវិជ្ជមានច្រើនពេក៖ ការយកភាពអវិជ្ជមានមកដាក់មុខ ហើយមិនហ៊ានសាកល្បងធ្វើអ្វីសោះ គឺជាជំហានចាប់ផ្ដើមមួយដែលកំពុងបញ្ជូនអ្នកឱ្យឆ្ពោះទៅរកបរាជ័យយ៉ាងពិតប្រាកដ។

៦.​ មិនចេះរៀបចំកាលវិភាគច្បាស់លាស់៖ ចំពោះគ្រប់ការងារទាំងអស់ អ្នកត្រូវតែមានកាលវិភាគច្បាស់លាស់សម្រាប់ខ្លួនឯង ទោះបីការងារនោះមិនសំខាន់ខ្លាំងណាស់ណាក៏ដោយ។

៧. ចំណាយពេលវេលាអត់ប្រយោជន៍ច្រើន៖ ពេលវេលាមិនដែលរង់ចាំនរណាម្នាក់ឡើយ ដូច្នេះបើអ្នកចំណាយពេលវេលាលើការងារមានប្រយោជន៍ វានឹងផ្តល់ផលល្អទៅឱ្យអ្នកវិញ​ តែបើអ្នកយកពេលវេលាចំណាយទៅលើរឿងអត់ប្រយោជន៍ អ្នកមិនត្រឹមតែមិនទទួលបានជោគជ័យប៉ុណ្ណោះទេ តែថែមទាំងអាចនាំយកទុក្ខទោសទៅដល់ខ្លួនឯងវិញទៀត៕

រៀបរៀងដោយ៖ រ៉េត សុភ័ក្រ
©️ គ្រឹះស្ថានហាតប៊ុក