អាហារដែលមិនគួរបរិភោគ បន្ទាប់ពីធ្វើលំហាត់ប្រាណរួច
សុខភាព

តាមធម្មតា បន្ទាប់ពីធ្វើលំហាត់ប្រាណរួច​ រាងកាយរបស់យើងនឹងបាត់បង់ថាមពល។ ដូច្នេះរាងកាយទាមទារអាហារជំនួយកម្លាំងដើម្បីឱ្យត្រលប់មកដូចដើមវិញ។ ប៉ុន្តែ នេះមិនមែនមានន័យថាអ្នកអាចបរិភោគអាហារតាមចំណង់របស់ខ្លួននោះទេ។ មានប្រភេទអាហារមួយចំនួនដែលអ្នកគួរចៀសវាងបរិភោគបន្ទាប់ពីធ្វើលំហាត់ប្រាណរួច៖

១. បន្លែឆៅ​៖​ យើងដឹងហើយថាបន្លែឆៅគឺមានសារៈសំខាន់ចំពោះសុខភាព​ និងរក្សាលំនឹងរាងកាយ(មិនធ្វើឱ្យឡើងទម្ងន់) ប៉ុន្តែវាមិនមែនជាប្រភេទអាហារដែលយើងគួរបរិភោគក្រោយពេលហាត់ប្រាណនោះទេ។ នេះដោយសារតែយើងបាត់បង់ថាមពល វីតាមីន​ សារធាតុខនិជ និងសារធាតុចិញ្ចឹមនៅកំឡុងពេលហាត់ប្រាណ។ ដូច្នេះអាហារដែលគួរបរិភោគ គួរតែជាប្រភេទអាហារដែលផ្តល់ថាមពលគ្រប់គ្រាន់សម្រាប់រាងកាយ និងសាងសង់ជាលិកាសាច់ដុំ។

២.​ នំដែលធ្វើពីម្សៅ (Pastries)៖ Pastries​ សម្បូរទៅដោយអំបិល​ ស្ករ និងកាឡូរី​ច្រើនដែលបង្កផលប៉ះពាល់ចំពោះរាងកាយនៅពេលប្រព័ន្ធសាច់ដុំកំពុងដំណើរការ។

៣. សូកូឡាទឹកដោះគោ (Milk Chocolate)៖ មនុស្សភាគច្រើនចូលចិត្តទទួលទានសូកូឡា ឬរបស់អ្វីដែលផ្អែមបន្ទាប់ពីធ្វើលំហាត់ប្រាណ ព្រោះពួកគេបានបាត់បង់ជាតិស្ករមួយចំនួន ហើយរាងកាយរបស់ពួកគេទាមទារនូវប្រភេទអាហារបែបនេះ។ ប៉ុន្តែសូកូឡាទឹកដោះគោសម្បូរទៅដោយគ្លុយកូស ដែលធ្វើឱ្យរាងកាយឆាប់ធាត់ទៅវិញរួមទាំងផ្តល់ផលអាក្រក់ដល់សុខភាពថែមទៀត។

៤.​ អាហារដែលឆាប់ឆ្អិន (Fast Food)៖ អាហារប្រភេទនេះមិនល្អទេសម្រាប់សុខភាព ទោះបីជាអ្នកមិនបរិភោគក្រោយពេលហាត់ប្រាណក៏ដោយ។ វាគ្រាន់តែជាអាហារសម្រនដែលជួយអ្នកឲ្យឆ្អែតបានមួយពេលៗប៉ុណ្ណោះ។ អ្វីដែលអ្នកគួរបរិភោគ គួរតែជាអាហារដែលចម្អិនបានល្អ​ និងសម្បូរបន្លែលាយជាមួយសាច់តិចៗ។

៥. ទឹកសូដា (Soda)៖ ព្រោះការផឹកទឹកសូដាធ្វើឱ្យអ្នកហើមពោះ។ នេះដោយសារតែវាសម្បូរសារធាតុផ្អែមច្រើននិងមានជាតិហ្គាសតិចៗ។ វិធីសាស្ត្រល្អបំផុតក្រោយធ្វើលំហាត់ប្រាណ អ្នកត្រូវទទួលទានទឹកធម្មតា ព្រោះរាងកាយបានបាត់បង់ជាតិទឹកតាមរយៈការបែកញើស។

៦. ស៊ុតចៀន៖ ជាការពិតណាស់ ស៊ុតសម្បូរជាតិប្រូតេអ៊ីន ដែលផ្តល់ផលល្អសម្រាប់រាងកាយ។ ប៉ុន្តែការចៀនស៊ុតគឺជាកំហុសមួយ ព្រោះនៅពេលចៀន អ្នកបានប្រើប្រេងឬខ្លាញ់ដែលបង្កឱ្យប៉ះពាល់ដល់សុខភាពជាពិសេសគឺជំងឺ​បេះដូង។

ជារួម អ្នកគួរជៀសវាងប្រភេទអាហារខាងលើនេះតាមដែលអាចធ្វើបាន ដើម្បីទទួលបានប្រសិទ្ធិភាពនៃការហាត់ប្រាណ​ និងរក្សាសារពាង្គកាយឱ្យមានសុខភាពល្អ៕

ប្រភព៖ គេហទំព័រ Life Hack

ប្រែសម្រួលដោយ៖ គិន ម៉ីហ
©️ គ្រឹះស្ថានហាតប៊ុក