ទម្រាំមានថ្ងៃនេះ អ្នកស្រី Oprah Winfrey មានប្រវត្តិរឿងរ៉ាវឈឺចាប់ និងវេទនាកាលពីកុមារភាព ដែលធ្លាប់ទទួលរងការរំលោភបំពានផ្លូវភេទ
បែបផែនជីវិត

ខាងក្រោមនេះគឺជា ជីវប្រវត្តិដ៏សែនឈឺចាប់របស់អ្នកស្រី Oprah Winfrey ដែលនឹងផ្ដល់មកឱ្យអ្នកនូវភាពវិជ្ជមានក្នុងជីវិត៖

អ្នកស្រី អូប៉្រា វីនហ្រ្វេយ (Oprah Winfrey) ជាមហាសេដ្ឋីពាន់លានដុល្លារម្នាក់ ដែលធ្លាប់មានប្រវត្តិរឿងរ៉ាវឈឺចាប់និងវេទនាកាលពីកុមារភាព។ អ្នកស្រីកើតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៥៤ នៅសហរដ្ឋអាម៉េរិក។ អ្នកស្រីត្រូវបានចិញ្ចឹមបីបាច់ដោយជីដូន ប៉ុន្តែគាត់រស់នៅក្នុងស្ថានភាពដែលលំបាកវេទនានិងតឹងរ៉ឹងបំផុត។ អ្នកស្រីបានទទួលរងការរំលោភបំពានផ្លូវភេទដោយសាច់ញាតិម្នាក់និងមិត្តភក្តិរបស់បងប្អូនអ្នកស្រី។ នៅអាយុ១៤ឆ្នាំ អ្នកស្រីមានផ្ទៃពោះ និងសម្រាលបានកូនម្នាក់ ប៉ុន្តែដោយសារកូនដែលកើតមកមានអវយវៈមិនគ្រប់គ្រាន់ ដូច្នេះហើយទារកដែលត្រូវជាកូនដំបូងរបស់គាត់ក៏ស្លាប់នៅពេលនោះទៅ។

ក្រោយមក អ្នកស្រីបានផ្លាស់ប្តូរទៅរស់នៅជាមួយនឹងឪពុករបស់គាត់ដែលជាអ្នកជំនួញម្នាក់នៅទីក្រុង​​​ Nashville។ នៅក្នុងឆ្នាំ១៩៧១ អ្នកស្រីបានចូលរៀននៅសកលវិទ្យាល័យមួយដែលមានឈ្មោះថា Tennessee State University។ នៅកំលុងពេលនោះដែរ អ្នកស្រីបានចាប់ផ្តើមចូលធ្វើការនៅស្ថានីយទូរទស្សន៍ និងវិទ្យុមួយនៅទីក្រុង Nashville។ ក្រោយមក អ្នកស្រីបានក្លាយទៅជាអ្នកសារព័ត៌មានម្នាក់ដែលមានវ័យក្មេង ហើយលក្ខណ:ពិសេសមួយទៀតនោះគឺ អ្នកស្រីជាជនជាតិស្បែកខ្មៅ។ នៅក្នុងឆ្នាំ១៩៧៦ អ្នកស្រីបានផ្លាស់ប្តូរទៅ Baltimore ជាកន្លែងដែលអ្នកស្រីគ្រប់គ្រងកម្មវិធីទូរទស្សន៍(Show Program) មួយ។ កម្មវិធីនោះបានក្លាយទៅជាកម្មវិធីដ៏មានប្រជាប្រិយត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ ក្រោយមក អ្នកស្រីបានដាក់ឈ្មោះ កម្មវិធីទូរទស្សន៍នោះថា “Oprah Winfrey Show” នៅក្នុងឆ្នាំ១៩៨៦។​​ បន្ថែមពីលើនេះទៅទៀត អ្នកស្រីបានបង្កើតក្លឹបសរសេរសៀវភៅមួយដែលមានឈ្មោះថា​ Oprah’s Book Club ផងដែរ។

រឿងរ៉ាវរបស់អ្នកស្រីជាមេរៀនដ៏មានតម្លៃមួយក្នុងការលើកទឹកចិត្តអ្នកទាំងអស់គ្នាឱ្យរស់នៅដោយក្តីតស៊ូ ការខិតខំប្រឹងប្រែង និងក្តីសង្ឃឹម។ បើទោះបីជាអ្នកស្រីត្រូវរងការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្តក៏ដោយ ក៏អ្នកស្រីមិនជ្រើសយកវិធីបញ្ចប់ជីវិតរបស់អ្នកស្រីឡើយ។ ផ្ទុយទៅវិញ អ្នកស្រីបានជ្រើសរើសបន្តដំណើរទៅមុខ និងជំនះឧបសគ្គគ្រប់បែបយ៉ាងដើម្បីសម្រេចនូវក្តីសុបិន៕

ប្រភព៖ គេហទំព័រ Biography
ប្រែសម្រួលដោយ៖ គិន ម៉ីហ
©️ គ្រឹះស្ថានហាតប៊ុក