ចំណុចសំខាន់ៗ ចំនួន៥ ដែលអ្នកគួរដឹង ក្រោយចាក់វ៉ាក់សាំងរួច
សុខភាព

យោងតាម លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានពន្យល់ចំណុចសំខាន់ចំនួន៥ ដែលប្រជាពលរដ្ឋ ត្រូវយល់ដឹង និងអនុវត្តន៍ ក្រោយចាក់វ៉ាក់សាំងរួច ដើម្បីជួយកាត់បន្ថយក្ដីបារម្ភ ៖

១៖ អ្នកអាចនឹងមានផលរំខានខ្លះដូចជា ឈឺ ឬហើមតិចតួចនៅកន្លែងចាក់ ក្តៅខ្លួន ស្រៀវស្រាញ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ ឈឺនៅសន្លាក់ វិលមុខ ដែលនឹងបាត់ទៅវិញក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ។ អ្នកអាចលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបញ្ចុះកំដៅ ប្រសិនបើអ្នកមិនមានបញ្ហាសុខភាព ដែលពេទ្យហាមមិនឲ្យលេបថ្នាំប្រភេទនេះ។

២៖ ប្រសិនបើអ្នកឈឺ នៅចំកន្លែងចាក់ អ្នកអាចស្អំជាមួយក្រណាត់សើមត្រជាក់ដែលស្អាត។

៣៖ កុំលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបញ្ចុះកំដៅ មុនពេលចាក់វ៉ាក់សាំងដើម្បី ការពារផលរំខាន។

៤៖ បរិភោគទឹកអោយបានច្រើន និងបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់

៥៖ បន្តអនុវត្តន៍ ៣ការពារ និង ៣កុំ +៣កុំ៖ កុំទៅទីកន្លែង មានមនុស្សច្រើន កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល កុំប៉ះពាល់ចាប់ដៃឬអោបគ្នា+៣ការពារ៖ រក្សាគម្លាត ១.៥ម៉ែត្រឡើងទៅ ពីអ្នកដទៃ លាងដៃអោយ បានញឹកញាប់។ ដោយករណីឆ្លងកូវីដ១៩នៅតែមាន ក្នុងផ្ទៃប្រទេស និងប្រទេសជិតខាងផងដែរនោះ សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន គ្រប់តំបន់មិនថា ជាយដែនក្ដីក៏ដោយ ពិសេសរួមគ្នាអនុវត្ត៍វិធានការ៣កុំ និង៣ការពារឱ្យបានខ្ជាប់ខ្ជួន កុំឱ្យយើងក្លាយជាអ្នកដែលចម្លងមេរោគកាចសាហាវ ទៅកាន់សមាជិកគ្រួសារ ឬមនុស្សក្បែរខ្លួនយើងឱ្យសោះ៕