តើនរណា ដែលជាអ្នកបង្កើតម៉ាសមុនដំបូងគេ?
ចំណេះដឹង

ជឿជាក់ថា អ្នកទាំងអស់គ្នាសុទ្ធតែធ្លាប់បានប្រើប្រាស់ម៉ាសរួចហើយ ដោយយើងទាំងអស់គ្នាប្រើប្រាស់វាដើម្បីការពារធូលី ខ្យល់ពុលនៅក្នុងបរិយាកាស ឬ​មេរោគទាំងឡាយដែលអាចឆ្លងចូលទៅក្នុងរាងកាយរបស់យើងតាមរយៈច្រមុះឬមាត់។ នៅក្នុងពេលបច្ចុប្បន្ននេះ ម៉ាសរឹតតែក្លាយជាសម្ភារៈចាំបាច់បំផុតនៅក្នុងការរស់នៅប្រចាំថ្ងៃដោយសារតែតម្រូវការក្នុងការការពារសុវត្ថិភាពរបស់យើងពីជំងឺកូវីដ-១៩នេះ។ យ៉ាងណាក៏ដោយ ប្រហែលជាយើងទាំងអស់គ្នាមិនធ្លាប់ដឹងទេថា ម៉ាសដែលយើងប្រើប្រាស់រាល់ថ្ងៃត្រូវបានបង្កើតដំបូងដោយអ្នកណា។

កាលពីដំបូងឡើយ ម៉ាសត្រូវបានប្រើប្រាស់ជាទម្រង់ក្រណាត់មករុំមុខរបស់យើងនិងចងព័ទ្ធមកក្រោយ ដែលមិនមានភាពងាយស្រួលក្នុងការពាក់នៅកំលុងពេលធ្វើការនោះទេ និងថែមទាំងងាយរបូតទៀតផង ហើយត្រូវបានប្រើប្រាស់ដោយគ្រូពេទ្យតែប៉ុណ្ណោះ។ រហូតមកដល់ចុងសតវត្សរ៍ទី១៩ ម៉ាស​ត្រូវបានបង្កើតឡើងដោយវេជ្ជបណ្ឌិតជនជាតិចិន-ម៉ាឡេស៊ី ឈ្មោះ អ៊ូ លានតេ(Dr. Wu Lien-teh) ដែលជាអ្នកឯកទេសខាងរោគរាតត្បាត។ លោក អ៊ូ កើតនៅថ្ងៃទី១០ មីនា ឆ្នាំ១៨៧៩ នៅក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។ លោកបានបញ្ចប់ការសិក្សា​នៅសាកលវិទ្យាល័យខេមប្រីជ ចក្រភពអង់គ្លេស (Cambridge University, UK) ហើយនៅឆ្នាំ១៩១០ លោកត្រូវបានជ្រើសរើសទៅធ្វើការនៅតំបន់ភាគឦសានប្រទេសចិន ដែលជាកន្លែងផ្ទុះជំងឺដ៏កាចសាហាវមួយឆ្លងចេញពីអ្នកបរបាញ់និង​ឈ្មួញស្បែកសត្វកំប្រុក។ នៅកំលុងពេលដែលលោកធ្វើការនៅទីនោះ លោកទទួលបានជោគជ័យក្នុងការរកឃើញប្រភេទបាក់តេរីបង្ករោគដែលត្រូវបានស្គាល់ថាជាជំងឺប៉េសនិង​ត្រូវបានចម្លងតាមរយៈដំណក់ទឹកតូចៗចេញពីផ្លូវដង្ហើមរបស់អ្នកជំងឺ ដែលមិនមែនជាការឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយសត្វកណ្តុរឬចៃឆ្កែ ដូចការសន្និដ្ឋានពីមុនមកនោះទេ។

ដោយសារដឹងពីរបៀបនៃការចម្លងរបស់ជំងឺប៉េសនេះ លោកអ៊ូ បានបង្កើតម៉ាសដោយប្រើប្រាស់កប្បាស និង ក្រណាត់រុំរបួស ដោយបន្ថែមឱ្យមានច្រើនស្រទាប់ដើម្បីបង្កើនសមត្ថភាពការពារខ្លាំងជាងមុន។ លោកបានលើកទឹកចិត្តឱ្យក្រុមការងារដទៃទៀតប្រើប្រាស់ម៉ាសថ្មីដែលលោកទើបបង្កើតនៅពេលកំពុងធ្វើការ​និងមើលថែអ្នកជំងឺដើម្បីការពារខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ការប្រឆាំងក្នុងការពាក់ម៉ាស ​ក៏នៅតែកើតមានផងដែរ នៅក្នុងចំណោមក្រុមការងាររបស់លោក ដោយមានគ្រូពេទ្យជនជាតិបារាំងម្នាក់បានបដិសេធ មិនព្រមពាក់ម៉ាសពេលប៉ះពាល់ជាមួយនឹងអ្នកជំងឺ ហើយគាត់ក៏បានឆ្លងនិងទទួលមរណភាពដោយសារជំងឺប៉េសនោះទៅ ខណៈអ្នកដទៃទៀតដែលពាក់ម៉ាសមានសុវត្ថិភាពទាំងអស់។ បន្ទាប់មក ការពាក់ម៉ាសក៏បានក្លាយទៅជាយុទ្ធសាស្រ្តមួយនៅក្នុងការគ្រប់គ្រងជំងឺប៉េសដែលកំពុងតែរាតត្បាតខ្លាំង ក្នុងចំណោមយុទ្ធសាស្រ្តដទៃទៀតដូចជា ការកាត់បន្ថយការធ្វើដំណើររួមគ្នា ការរឹតត្បឹតការចល័តរបស់ពលរដ្ឋពីកន្លែងមួយទៅកន្លែងមួយ និងការដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែក ដែលលោកអ៊ូបានស្នើរទៅរដ្ឋាភិបាលចិននៅសម័យនោះ។

មកដល់សព្វថ្ងៃនេះ ម៉ាសត្រូវបានអភិវឌ្ឍឱ្យកាន់តែមានប្រសិទ្ធភាពជាងមុននិងកាន់តែត្រូវបានប្រើប្រាស់ទូលំទូលាយជាងមុន ដោយសារប្រទេសឧស្សាហកម្មមួយចំនួនរងការបំពុលខ្យល់និងពិភពលោករងការប៉ះពាល់ពីជំងឺផ្លូវដង្ហើមថ្មីៗ ដូចជាជំងឺកូវីដ-១៩​ជាដើម។ ដូច្នេះសូមចូលរួមពាក់ម៉ាសទាំងអស់គ្នាដើម្បីការពារខ្លួនអ្នក និង​ ក្រុមគ្រួសាររបស់អ្នក។

ប្រភព៖ គេហទំព័រ News Scientist

ប្រែសម្រួលដោយ៖ ឡោ បញ្ញារ័ត្ន

©️ គ្រឹះស្ថានហាតប៊ុក