ប្រទេសថៃកំពុងត្រៀម ចាក់វ៉ាក់សាំង២នេះបញ្ចូលគ្នា ព្រោះជឿថា មានប្រសិទ្ធភាពខ្ពស់ ជាពិសេសជាមួយនឹងវីរុសបម្លែងខ្លួនថ្មី
ព័ត៌មានអន្តជាតិ

យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃច័ន្ទ ទី១២ ខែកក្កដា ឆ្នាំ ២០២១ បានឲ្យដឹងថា ក្រសួងសុខាភិបាលថៃ គ្រោងនឹងដាក់បញ្ចូលគ្នារវាងវ៉ាក់សាំង Sinovac និង AstraZeneca ទៅក្នុងកម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់ខ្លួន ដើម្បីបង្កើនភាពស៊ាំសហគមន៍ប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី ។ សុខាភិបាលថៃជឿជាក់ថា ការចាក់បញ្ចូលគ្នារវាងវ៉ាក់សាំងទាំងពីរបែបនេះ វានឹងបង្កើនភាពស៊ាំទូទៅកាន់តែខ្លាំងក្នុងការប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសវីរុសបម្លែងខ្លួនថ្មី Delta ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តឲ្យដឹងទៀតថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ បានអនុម័តផ្លាស់ប្តូរវិធីចាក់វ៉ាក់សាំង (ចាក់លាយគ្នា Sinovac ១ ដូស និង AstraZeneca ១ដូស) ដោយវ៉ាក់សាំង Sinovac គឺសម្រាប់ចាក់ដូសទីមួយ និងវ៉ាក់សាំង AstraZeneca សម្រាប់ចាក់ដូសទីពីរ ដោយទុកចន្លោះពេល ៣ ទៅ ៤សប្តាហ៍។

គួរបញ្ជាក់ផងដែរថា ពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសថៃហាក់មិនបានធូរស្បើយសោះឡើយ ពីការរាលដាលនៃជំងឺកូវីដ-១៩ រលកទី៣ នេះទេ ដោយស្ថានការណ៍កាន់តែតានតឹងទៅៗ ពេលនេះប្រជាជនថៃជាច្រើនកំពុងតែស្រែកឈឺទាំងត្រដាបត្រដួស គ្មានមន្ទីរពេទ្យព្យាបាល អ្នកខ្លះត្រូវដេកតាម ចិញ្ចើមផ្លូវ តាមវត្ត និង តាមសាធារណៈផ្សេងៗទៀត ។ ក្រោយពីមើលឃើញថា ស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ ក្នុងនោះគេក៏ឃើញរដ្ឋាភិបាលថៃបានសម្រេចចិត្តបិទខ្ទប់ទីក្រុងបាងកក និង ខេត្តមួយចំនួន រយៈពេល ១៤ ថ្ងៃសិន គិតចាប់ ពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ។

គិតត្រឹមថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១នេះ ថៃមានអ្នកឆ្លងកូវីដ១៩សរុប ៣៤៥,០២៧ នាក់ ស្លាប់ ២,៧៩១ និងព្យាបាលជាសះស្បើយវិញ ២៥១,៦៥៨នាក់ ៕