សម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា ជួបពិភាក្សាពិសេសរយៈពេល៤ម៉ោង ដោយយកផ្លែឈើ និងនំនេក ជាអាហារថ្ងៃត្រង់

(កំពង់ចាម)៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានចំណាយពេលជួបពិភាក្សាគ្នាជាពិសេសអស់រយៈពេល៤ម៉ោង ដោយយកផ្លែឈើ និងនំនេក ជាអាហារថ្ងៃត្រង់។

ជំនួបនេះ បានចាប់ផ្តើមពីម៉ោង១០៖១៧នាទី រហូតម៉ោង១៤៖១៥នាទី រសៀល ថ្ងៃទី០៨ ខែឧសភានេះ ដោយបង្ហាញអំពីកិច្ចពិភាក្សាដ៏ផ្អែមល្ហែម ក្នុងឱកាស កឹម សុខា ដឹកនាំគណៈប្រតិភូ អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសរបស់ សម្តេចតេជោ ហ៊ុន សែន នៅខេត្តកំពង់ចាម។

តាមរយៈសារចូលរួមរំលែកទុក្ខ លោក កឹម សុខា បង្ហាញពីសេចក្តីសោកស្តាយក្រៃលែង ដោយបានទទួលដំណឹងមរណភាពនេះ ដោយលោកបានបញ្ជាក់បន្ថែមថា៖ «ក្នុងឱកាសដ៏ក្រៀមក្រមបំផុតនេះ ខ្ញុំនិងភរិយា សូមចូលរួមរំលែកមរណៈទុក្ខដ៏ធំធេងជាមួយសម្តេចតេជោ និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តមហ៊ុន ណេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕

ចែករំលែកទៅកាន់បណ្តាញសង្គម