ការរៀបការមិនមែនជារឿងសប្បាយ សម្រាប់មនុស្សដែលមានទំនួលខុសត្រូវនោះទេ ។ ខាងក្រោមនេះ គឺជាចំណង៥ប្រការ បន្ទាប់ពីរៀបការរួចក្នុងនាមជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់ ។
- ចំណងទី១ គឺរូបសម្បត្តិ ស្ត្រីជាភរិយាថ្វីដ្បិតតែមិនសូវស្អាតពីធម្មជាតិក៏ដោយ ប៉ុន្តែយើងគួរចេះកែច្នៃលម្អឲ្យបានស្អាតសមរម្យ។ ព្រោះបុរសជាស្វាមីគ្រប់រូបតែងចង់បានភរិយាដែលមានរូបសម្រស់ស្អាតល្មមសមគួរចូលក្នុងចំណោមនឹងគេចុះកុំឲ្យស្វាមីខ្មាសគេ។
- ចំណងទី២ គឺបុត្រ ជាការពិតណាស់ ពាក្យចាស់តែងពោលថា «ពេលនៅកំលោះស្រឡាញ់ឪពុកម្ដាយខ្លាំងជាងគេ តែពេលមានប្រពន្ធស្រឡាញ់ប្រពន្ធខ្លាំងជាងគេ លុះពេលមានកូនស្រឡាញ់កូនខ្លាំងគេ»។ ដូច្នេះភរិយាទាំងឡាយត្រូវបង្កើតកូន និងអប់រំថែទាំកូនឲ្យបានឆ្លាតស្អាតល្អគួរជាទីអាណិតទាក់ចិត្តស្វាមី កុំឲ្យដាច់ចិត្តចុះចោល ឬទៅលួចមានប្រពន្ធស្រីក្រៅ។
- ចំណងទី៣ គឺទ្រព្យសម្បត្តិ មិនមែនគ្រប់បុរសទាំងអស់សុទ្ធតែទាមទារទ្រព្យសម្បត្តិនោះទេ ប៉ុន្តែការមានទ្រព្យសម្បត្តិនេះ គឺជាចំណងចិត្តស្វាមីដ៏រឹងមាំមួយផ្នែកដែរសម្រាប់ភរិយា។ ដូច្នេះ ស្ត្រីទាំងឡាយគួរតែខិតខំប្រឹងប្រែង ឈ្លាសវៃក្នុងការរៀនយកជំនាញសម្រាប់ការងារអាជីពច្បាស់លាស់ និងស្វះស្វែងរកទ្រព្យ ថែទាំទ្រព្យសម្បត្តិឲ្យបានច្រើនទាំងក្នុងពេលកំពុងរួមរស់នៅជាមួយស្វាមី ឬមុនពេលមានស្វាមី ព្រោះភាពក្រីក្រជាប្រភពនៃអមិត្តភាព និងអរិភាព។
- ចំណងទី៤ គឺញាតិមិត្ត ចំណងអាពាហ៍ពិពាហ៍ ឬទំនាក់ទំនងគ្រួសារនឹងស្ថិតស្ថេរគង់វង្សបានប្រសិនបើញាតិមិត្តទាំងសងខាង នៃភាគីទាំងពីរ (ប្ដីប្រពន្ធ) មានសភាពល្អប្រសើរ។ ពេលខ្លះទោះបី អ្នកទាំងពីរមិនសូវចុះសម្រុងនឹងគ្នានៅក្នុងជីវិតគូស្រករក្ដី ប៉ុន្តែដោយសារការមានទំនាក់ទំនងល្អរវាងសមាជិកគ្រួសារទាំងពីរ វានឹងជួយជំរុញឲ្យភាពរកាំរកូសរបស់ប្ដីមានទឹកចិត្តទោរទន់ អាឡោះអាល័យមិនដាច់ចិត្តចោលប្រពន្ធ។
- ចំណងទី ៥ គឺសីល ឬចរិយាសម្បត្តិ ចំណុចចុងក្រោយនេះសំខាន់ណាស់ បើស្ត្រីជាភរិយាទាំងឡាយមានគុណសម្បត្តិទាំង៤ខាងលើហើយ ប៉ុន្តែខ្វះចរិយាសម្បត្តិគឺសេចក្ដីថ្លៃថ្នូរ ប្រព្រឹត្តរៀបរយល្អ មានសុជីវធម៌ ចេះដឹងខ្ពស់ទាបទាំងសម្ដីសំដៅកាយវិការ ចេះរៀបចំទុកដាក់ទ្រព្យសម្បត្តិដែលរកបាន ជាពិសេស គឺស្គាល់ឪពុក-ម្តាយ បងប្អូន ញាតិមិត្តទាំងសងខាង។
ពាក្យថាគ្រួសារបើតាមវេចនានុក្រម របស់សម្តេចសង្ឃជួន ណាត បានអោយដឹងថា ត្រកូល ប្រជុំត្រកូល មនុស្ស មានមាតា បិតា និងបុត្រធីតា។ ជីវិតគ្រួសារនេះហើយជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូប ពោលគឺគេចង់បានគ្រួសារមួយប្រកបដោយភាពកក់ក្តៅ និងមានសុភមង្គល។ ជាទូទៅក្នុងគ្រួសារនីមួយៗតែងតែមានច្បាប់ទម្លាប់ផ្សេងៗគ្នា ដើម្បីរៀបចំនូវសុភមង្គលក្នុងគ្រួសារ ហើយខ្លះទៀតបានចែកផ្លូវគ្នាដោយសារតែខ្វះនូវវិធីសាស្ត្រគ្រប់គ្រង៕