មកដឹងពីទំនាយ នៃការយល់សប្តិឃើញខ្លួនឯង ត្រូវធ្លាក់ពីទីខ្ពស់

យល់សប្តិឃើញ “ធ្លាក់” នេះជាសប្តិដ៏សាមញ្ញ ជានិមិត្តរូបនៃការខ្លាចក្រែងរអែង ដែលអ្នកតែងតែមានជានិច្ចក្នុងឆាកជីវិត ដូចជាខ្លាចធ្លោយសម្តី ឬឫកពា ខ្លាចចិត្តគេ ខ្លាចគេលែងឱ្យធ្វើការ ខ្លាចធ្វើការនោះមិនកើត ខ្លាចមិនបានធ្វើធំ ខ្លាចបាត់តម្រេកក្នុងកាមតណ្ហាជាដើម ជាសប្តិមិនល្អ ទំនាយថា ជាដំណើរថយក្រោយ ខ្វះការរីកចម្រើន ប៉ុន្តែអ្នកត្រូវកាត់ផ្សំនឹងកត្តាផ្សេងៗទៀតផង ហើយលោកឱ្យកាត់ដូចតទៅ៖

  • យល់សប្តិធ្លាក់ពីទីខ្ពស់ចុះមកយ៉ាងឆ្ងាយ ទំនាយថា នឹងជួបក្តីអភ័ព្វ ឬការរកសុីមិនកាក់កប ប៉ុន្តែបើធ្លាក់មកដល់ដីដោយគ្មានគ្រោះថ្នាក់ ទំនាយថា​ ក្តីអភ័ព្វនោះនៅមិនយូរទេ ។
  • យល់សប្តិធ្លាក់ចុះមកដល់ដី ហើយមានរបួសដល់ឈឺខ្លួន ទំនាយថា អ្នកនឹងជួបការលំបាកមួយរយៈ ។
  • យល់សប្តិឃើញធ្លាក់ពីទីខ្ពស់ល្មមមក ទំនាយថា អ្នកនឹងមានការបាត់បង់បុព្វសិទ្ធិនិងកិត្តិយស ។
  • យល់សប្តិធ្លាក់ពីកន្លែងឈរ ឬកន្លែងអង្គុយមកជាន់ក្រោម ទំនាយថា ឱ្យប្រយ័ត្នព្រោះមានមិត្តក្បត់ ។
  • យល់សប្តិឃើញគេធ្លាក់ ទំនាយថា អ្នកនឹងមានជោគជ័យលើបច្ចាមិត្ត ។
  • យល់សប្តិធ្លាក់មកដល់ដី ដួល រួចក្រោកឡើងវិញភ្លាម ទំនាយថា អ្នកនឹងឆ្លងផុតឧបសគ្គទាំងឡាយក្នុងមាគ៌ារបស់អ្នក ។
  • យល់សប្តិធ្លាក់ចុះទៅក្នុងទឹក ទំនាយថា អ្នកនឹងត្រូវជួបការតានតឹងខាងលុយកាក់ (ក្នុងករណីនេះត្រូវគិតពីស្ថានភាពទឹកនិងសកម្មភាពរបស់អ្នកនៅក្នុងទឹកក្នុងពេលយល់សប្តិផង) ។
ចែករំលែកទៅកាន់បណ្តាញសង្គម