លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន បានទទួលមរណភាព ក្នុងអាយុ៤១ឆ្នាំ

លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន បានទទួលអនិច្ចកម្មនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដោយរោគាពាធ ។ នេះបើយោងតាមសាររំលែកទុក្ខរបស់ក្លិបភ្នំពេញក្រោនបានបង្ហោះនៅមុននេះបន្តិច នៅលើបណ្តាញសង្គម ។

ថ្នាក់ដឹកនាំ ក្រុមការងារគ្រូបង្វឹក បុគ្គលិក ក៏ដូចជាកីឡាករ កីឡាការិនីទាំងអស់នៃក្លិបបាល់ទាត់ភ្នំពេញក្រោន មានក្តីសោកសង្រេងព្រមទាំងក្តីសោកស្តាយជាខ្លាំងចំពោះមរណភាពរបស់ លោកឧកញ៉ា ឬទ្ធី សំណាង ដោយបានបង្ហោះសារសម្តែងមរណភាពទុក្ខដូចតទៅ៖

“យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ ក្រុមការងារគ្រូបង្វឹក បុគ្គលិក ក៏ដូចជាកីឡាករ កីឡាការិនីទាំងអស់នៃក្លិបបាល់ទាត់ភ្នំពេញក្រោនមានក្តីសោកសង្រេងព្រមទាំងក្តីសោកស្តាយជាខ្លាំងចំពោះមរណភាពរបស់ លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបក្លិបបាល់ទាត់ភ្នំពេញក្រោនដែលបានទទួលអនិច្ចកម្មនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះដោយរោគាពាធ។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយអាឡោះអាល័យបំផុតជាមួយ លោកជំទាវ ភូ ឈាលីន និងក្រុមគ្រួសារនៃសពដែលបានបាត់បង់ស្វាមី កូនប្រុស កូនប្រសារ និងឳពុកដែលជាទីគោរពស្រលាញ់បំផុត។

សម្រាប់គ្រប់ៗគ្នានៅក្លិបភ្នំពេញក្រោន មរណភាពរបស់ លោកឧកញ៉ា ឬទ្ធី សំណាង គឺជាការបាត់បង់នូវឥស្សរជនមួយរូបដែលប្រកបដោយគុណធម៌ ព្រហ្មវិហាធម៌ ព្រមទាំងភាពជាអ្នកដឹកនាំដែលបានបន្សល់ទុកនូវស្នាដៃជាច្រើនចំពោះសង្គមជាតិជាពិសេសការរួមចំណែកកសាងនូវសមិទ្ធផលជាបន្តបន្ទាប់ក្នុងវិស័យកីឡាបាល់ទាត់ជាតិ វិស័យអប់រំ និងមនុស្សធម៌ជាដើមដែលលោកឧកញ៉ាតែងតែងចូលរួមយ៉ាងសកម្មនាពេលកន្លងមក។

អស់រយៈកាលជាង ១០ឆ្នាំក្រោមការដឹកនាំរបស់ លោកឧកញ៉ា ឬទ្ធី សំណាង ភ្នំពេញក្រោនបានក្លាយជាគ្រួសារមួយរបស់លោកហើយលោកតែងតែទូន្មាន និងចង្អុលបង្ហាញនូវមាគ៌ាល្អៗដល់យើងទាំងអស់គ្នាជាមួយនិងទស្សនាទាន៖ “យើងជាគ្រួសារតែមួយដែលមានគោលដៅដូចគ្នា ឆន្ទៈដូចគ្នា ហើយត្រូវតែរួមចិត្ត រួមកម្លាំងគ្នាដើម្បីឈានទៅសម្រេចគោលដៅដែលយើងប្រាថ្នាចង់បាន”។ ក្នុងស្មារតីនេះ យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាថែរក្សានូវទស្សនវិស័យនិងបន្តវីរភាពដែលលោកឧកញ៉ា ឬទ្ធី សំណាង សម្រេចបានចំពោះក្លិបបាល់ទាត់ភ្នំពេញក្រោនជាទីដែលលោកបានចំណាយនូវកម្លាំងកាយ ចិត្ត រួមទាំងធនធានជាច្រើនដើម្បីកសាងជាប្រយោជន៍សម្រាប់វិស័យបាល់ទាត់ និងជាពិសេសសម្រាប់អ្នកគាំទ្រក្លិបភ្នំពេញក្រោនជាទីស្រលាញ់របស់លោក។

យើងខ្ញុំ សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកឧកញ៉ា ឬទ្ធី សំណាង សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ” ៕

ចែករំលែកទៅកាន់បណ្តាញសង្គម