កូរ៉េខាងជើង ផ្ទុះកូវីដ ឈានដល់មានអ្នកស្លាប់ ខណៈអាមេរិក មិនមានផែនការ ក្នុងការចែកវ៉ាក់សាំង ឱ្យកូរ៉េខាងជើងទេ

កូរ៉េខាងជើង៖ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានមានការផ្ទុះឡើងដំបូងនៃជំងឺកូវីដ ១៩ មក នៅថ្ងៃសុក្រនេះ ទីក្រុងព្យុងយ៉ាង បានរាយការណ៍ថាមនុស្សម្នាក់បានស្លាប់ដោយសារមេរោគ COVID-19 អូមីក្រុង ដែល នេះជាការទទួលស្គាល់ករណីស្លាប់ដំបូងបំផុត ចាប់តាំងពីជំងឺឆ្លងមួយនេះផ្ទុះឡើងមក ខណៈមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺជាមួយរោគសញ្ញា គ្រុនក្ដៅ។

បើតាម KCNA មនុស្សជិត ៣៥០,០០០នាក់មានរោគសញ្ញាគ្រុនក្ដៅ ក្នុងនោះមាន ១៨,០០០នាក់ទើបចេញរោគសញ្ញាគ្រុនក្ដៅ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ស្របពេលមនុស្សចំនួន ១៨៧,៨០០នាក់ ត្រូវបានធ្វើចត្តាឡីស័ក។ KCNA បន្ថែមទៀតថា មនុស្ស ១៦២,២០០នាក់បានទទួលការព្យាបាល តែមិនបានបញ្ជាក់ថាតើមានមនុស្សប៉ុន្មាននាក់ដែលឆ្លង COVID-19 នោះទេ។

បន្ថែមពីលើនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយនេះក៏បានឱ្យដឹងដែរថាយ៉ាងហោចមានមនុស្ស ៦នាក់ ដែលមានរោគសញ្ញាគ្រុនក្ដៅបានស្លាប់ តែ ក្នុងចំណោមពួកគេ មានតែម្នាក់ប៉ុណ្ណោះត្រូវបានទទួលស្គាល់ថាស្លាប់ដោយសារមេរោគអូមីក្រុង។

ជុំវិញបញ្ហានេះ សហរដ្ឋអាមេរិកមិនមានផែនការ ក្នុងការចែករំលែកវ៉ាក់សាំង ឱ្យកូរ៉េខាងជើងនោះទេ ។ បើតាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន, កូរ៉េខាងជើងបានបដិសេធម្តងហើយម្តងទៀត មិនទទួលយកជំនួយវ៉ាក់សាំងពីកម្មវិធីចែកចាយ វ៉ាក់សាំងសកល ហៅកាត់ថា កូវ៉ាក់ (COVAX)ឡើយ។ ដូច្នេះបច្ចុប្បន្ន សហរដ្ឋអាមេរិកមិនមានផែនការផ្តល់វ៉ាក់សាំងដល់កូរ៉េខាងជើងទេ ប៉ុន្តែនឹងនៅតែ បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងគោលបំណងផ្តល់ជំនួយមនុស្សធម៌សំខាន់ៗ ដល់ប្រជាជនកូរ៉េខាងជើងដែលងាយរងគ្រោះបំផុត»។

គួរបញ្ជាក់ថា ការទទួលស្គាល់ថាមានករណីឆ្លងរាលដាលលើកដំបូងនៃជំងឺកូវីដ ១៩ របស់ប្រទេសកូរ៉េខាងជើង បានបង្ហាញពីវិបត្តិដ៏ធំថ្មីមួយទៀត ខណៈប្រទេសនេះខ្វះខាតធនធានវេជ្ជសាស្រ្ត ដោយសារតែការបដិសេធជំនួយអន្តរជាតិនូវវ៉ាក់សាំងបង្ការជំងឺ រួមទាំងការបិទព្រំដែនរបស់ខ្លួន ៕

ចែករំលែកទៅកាន់បណ្តាញសង្គម