អ្នក​ចូល​ចិត្ត​ផ្លែស្វាយច្បាស់ជាញញឹមខ្ជិប ព្រោះផ្លែស្វាយ មានឥទ្ធិពល​នឹក​ស្មាន​មិន​ដល់ ១២ យ៉ាងចំពោះសុខភាព

ផ្លែស្វាយ គឺជាផ្លែឈើមួយប្រភេទដែលមានពូជច្រើនប្រភេទខុសៗគ្នា និងមានរសជាតិផ្អែម ជូរអែម និងជូរអាស្រ័យលើពូជស្វាយនីមួយៗ។ មនុស្ស​យើង​ភាគច្រើន​ចូល​ចិត្ត​ផ្លែស្វាយ ហើយ​មាន​មនុស្ស​តិចតួច​ណាស់​ដែល​មិន​ចូល​ចិត្ត​ផ្លែ​ឈើ​ដ៏​មាន​រសជាតិ​ឆ្ងាញ់​នេះ​។ វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ស្ដេច​នៃ​ផ្លែ​ឈើ​។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា ផ្លែ​ឈើ​នេះ​មិនមែន​មាន​លក្ខណៈ​ពិសេស​ត្រឹមតែ​រសជាតិ​របស់​វា​នោះ​ទេ ?

តែទោះជាយ៉ាងនេះក្ដី មិនទាន់មានការស្រាវជ្រាវណាមួយបង្ហាញពីអត្ថប្រយោជន៍នៃពូជផ្លែស្វាយនីមួយៗឡើយ គឺគ្រាន់តែឱ្យដឹងថា ផ្លែស្វាយទុំផ្ទុកនូវសារធាតុរ៉ែបំប៉ន និងវីតាមីនជាច្រើន ដែលផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងសម្បូរបែប។

ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង ១២ យ៉ាងនៃផ្លែស្វាយចំពោះសុខភាព៖

១- ផ្ទុកវីតាមីន​ C ជួយបន្ថែមអាហារូបត្ថម្ភដល់រាងកាយ បង្កើនថាមពល និងបង្កើនប្រសិទ្ធភាពប្រព័ន្ធមុខងារនៃរាងកាយ។

២- ផ្ទុកវីតាមីន A និង ​C និងសារធាតុ Carotenoids ជួយពង្រឹងប្រព័ន្ធភាពស៊ាំប្រឆាំងជម្ងឺផ្សេងៗ។ វីតាមីន A ក៏ចូលរួមក្នុងបង្កើនសុខភាពភ្នែក ព្រមទាំងបង្ការភ្នែកពីជម្ងឺខ្វាក់មាន់ និងភ្នែកស្ងួតផងដែរ។

៣- ផ្លែស្វាយផ្ទុកនូវសារធាតុដែលអាចជួយបង្កើនចំណង់ និងបង្កើនកម្លាំងផ្លូវភេទដល់ដៃគូ។

៤- ជួយ​រក្សារ​កម្រិត​ធម្មតា​នៃ​អាំង​ស៊ុ​យ​លី​ន​ក្នុង​ឈាម ដើម្បីកាត់បន្ថយបញ្ហាប្រឈមជម្ងឺទឹកនោមផ្អែម។

៥​- ផ្ទុក​ជាតិ​កាក​សរសៃ វីតាមីន និង​សារធាតុ​ប៉ូ​តា​ស្យូ​ម​ ដែលជួយការពារពីហានិភ័យដាច់សរសៃឈាមបេះដូង។

៦- ផ្ទុកសមាសធាតុ astragalin , quercetin,isoquercitrin,methylgallat,fisetin និង​អាស៊ីត Gallic ដែលអាចជួយការពារ និងកាត់បន្ថយអត្រាប្រឈមជម្ងឺមហារីកមួយចំនួន ដូចជា មហារីក​ពោះវៀន មហារីក​ដោះ និង​មហារីក​ប្រូ​ស្តា​ត​ជាដើម។

៧- ផ្ទុកវីតាមីន B6 ដែលជាវីតាមីនបំប៉ន និងជំនួយដល់ប្រព័ន្ធសរសៃប្រសាទ ដើម្បីដល់ប្រព័ន្ធមុខងារផ្សេងៗនៃខួរក្បាល។

៨- ផ្ទុកសារធាតុប្រឆាំងអុកស៊ីដកម្ម ដែលអាចជួយបណ្ដេញជាតិពុលចេញពីថ្លើម។

៩- ផ្ទុកនូវសារធាតុសរសៃ និង Pectin ដែលជួយកម្ចាត់ជាតិខ្លាញ់កូឡេស្តេរ៉ូលអាក្រក់។

១០- បន្ថយហានិភ័យលើសឈាម តាមរយៈសមាសធាតុប៉ូតាស្យូមដែលមានក្នុងផ្លែស្វាយទុំ។

១១- ដោយសារតែវីតាមីន A និងC មានច្រើនក្នុងផ្លែស្វាយ ជាហេតុជំនួយដល់សុខភាពស្បែក ក្នុងការជម្រុញឱ្យស្បែកសភ្លឺរលោង និងបន្ថយភាពជ្រីវជ្រួញ និងស្បែកចាស់មុនវ័យ។

១២- ផ្ទុកសារជាតិ Selenium កាល់ស្យូម ជាតិដែក និងផូស្វ័រ ដែលផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពឆ្អឹង បង្កើនសុខភាពគ្រាប់ឈាម និងបង្កើនថាមពលដល់រាងកាយជាដើម។

ចំណាំ៖ ស្ត្រី​អស់​រដូវ និងស្ត្រី​មាន​ផ្ទៃពោះ អាចទទួលទានផ្លែស្វាយ ដើម្បីបង្កើនជាតិដែក និងកាលស្យូមក្នុងរាងកាយ៕

ចែករំលែកទៅកាន់បណ្តាញសង្គម