ទម្លាប់អាក្រក់ទាំងនេះ នឹងធ្វើឲ្យអ្នកខូចក្រលៀន ដោយមិនដឹងខ្លួន

ក្រលៀនពិតជាសំខាន់ណាស់ ព្រោះក្រលៀន ជាមុខងារ ជួយលាងសម្អាតឈាម រក្សាលំនឹងតុល្យភាពនៃសរីរាង្គក្នុងសម្រាប់ការធ្វើមេតាបូលីសដ៏ល្អបំផុតរបស់កោសិកា និងជាលិកា ព្រមទាំងមានឥទ្ធិពលលើសម្ពាធឈាមផងដែរ។ ហើយមុខងារដ៏សំខាន់បំផុតរបស់ក្រលៀន គឺមានតួនាទីច្រោះ និងបញ្ចេញកាកសំណល់ចេញពីរាងកាយ។

ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់ ដែលធ្វើឱ្យក្រលៀនខូច

១. ផឹកទឹកពុំបានគ្រប់គ្រាន់ ៖ មុខងារដ៏សំខាន់នៃក្រលៀន គឺមានតួនាទីច្រោះសារធាតុរាវ និងបញ្ចេញកាកសំណល់ចេញពីរាងកាយ។ បើសិនជា អ្នកផឹកទឹកពុំបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ នោះជាតិពុលនៅក្នុងរាងកាយនឹងកើនឡើង បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ក្រលៀន។

២. ការបរិភោគជាតិប្រៃ និងជាតិផ្អែមច្រើនពេក ៖ អាហារមានជាតិប្រៃខ្លាំង ច្រើនបង្កឱ្យយើងប្រឈមជំងឺលើសឈាម តែវាជះឥទ្ធិពលអាក្រក់ដល់ក្រលៀនផងដែរ។ ការបរិភោគអាហារជាតិផ្អែមច្រើន អាចបង្កឱ្យមានជាតិប្រូតេអ៊ីនក្នុងទឹកនោម។ បើទឹកនោមផ្ទុកជាតិប្រូតេអ៊ីន វាជាសញ្ញាមួយប្រាប់ថា ក្រលៀនធ្វើការមិនប្រក្រតី និងកំពុងប្រឈមការខូចខាត។ បន្ថែមពីលើនេះដែរ ការបរិភោគអាហារសម្បូរប្រូតេអ៊ីនច្រើនពេកជាប្រចាំ ក៏ជាមូលហេតុធ្វើឱ្យក្រលៀនខូចខាតផងដែរ។

៣. កង្វះលំហាត់ប្រាណ និងការរក្សាទម្ងន់ ៖ បើសិនជាយើងកង្វះលំហាត់ប្រាណជាប្រចាំថ្ងៃ វាមិនត្រឹមតែធ្វើឱ្យសរីរាង្គរបស់យើងខ្សោយពីមួយថ្ងៃទៅមួយថ្ងៃនោះទេថែមទាំងធ្វើឱ្យក្រលៀនខ្សោយផងដែរ។ ការឡើងទម្ងន់ជាមូលហេតុធញវើឱ្យក្រលៀនខ្សោយផងដែរ។ អ្នកជំនាញបានណែនាំថា ការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ ឬឱ្យបានទៀងទាត់ក្នុងមួយសប្ដាហ៍ បូករួមទាំងការរក្សាទម្ងន់ឱ្យសមស្រប ជាគន្លឺះដ៏សំខាន់មួយក្នុងការថែរក្សាសុខភាពក្រលៀន។

ក្រៅពីការលើកឡើងខាងលើនេះ នៅមានទម្លាប់អាក្រក់ៗមួយចំនួនទៀត ដែលបង្កគ្រោះថ្នាក់ដល់ក្រលៀន រួមមាន៖

– ពិសាជាតិអាកុលច្រើនពេក ដូចជា ស្រាបៀ ជាដើម។

– ជក់បារីច្រើនពេកក្នុងមួយថ្ងៃ ។

– គេងពុំបានគ្រប់គ្រាន់ ។

– ទប់នោមយូរពេក បានបង្កផលប៉ះពាល់ដល់ក្រលៀន ហើយបើអ្នកឧស្សាហ៍មានទម្លាប់នេះ នោះក្រលៀនរបស់អ្នកនឹងខូចមិនយូរឡើយ ៕

អត្ថបទទាក់ទង៖ អាហារទាំងនេះ ជំនួយដល់ក្រលៀន មានសុខភាពល្អ ចំណែកអ្នកខ្សោយក្រលៀន នឹងមានសុខភាពល្អឡើងវិញផងដែរ

ចែករំលែកទៅកាន់បណ្តាញសង្គម