ទម្លាប់រស់នៅប្រចាំថ្ងៃដែលមិនសូវធ្វើចលនារាងកាយដូចជាអង្គុយយូរម៉ោងក្នុងមួយថ្ងៃៗមានគ្រោះថ្នាក់ខ្លាំងចំពោះខុសភាព។ ការណ៍ដែលយើងអាចធ្វើចលនាបានច្រើនក្នុងមួយថ្ងៃៗ អាចកាត់បន្ថយហានិភ័យសុខភាពផ្សេងបានច្រើន និងធ្វើឲ្យសុខភាពកាន់តែប្រសើរ។
មនុស្សភាគច្រើន តែងតែចំណាយពេលអង្គុយធ្វើការពី ៧ ទៅ ៨ម៉ោងក្នុងមួយថ្ងៃ ឬលើសពីនោះ ដោយមិនងើបទៅណា ដែលនេះជាកត្តាអាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព។
តាមការសិក្សាស្រាវជ្រាវ ការអង្គុយនៅមួយកន្លែងក្នុងរយៈពេលយូរ អាចបង្ករហានិភ័យមួយចំនួន ដូចជា៖
- ជាតិស្ករកើនឡើង៖ ការអង្គុយនៅស្ងៀមមួយកន្លែង អាចធ្វើឲ្យជាតិស្ករកើនឡើងខ្ពស់លើសពីធម្មតា។
- ឡើងទម្ងន់៖ ការអង្គុយនៅស្ងៀមដោយមិនបានបញ្ចេញសកម្មភាពអ្វីទាល់តែសោះ គ្មានការប្រើប្រាស់ការីឡូក្នុងខ្លួន បណ្ដាលឲ្យទម្ងន់របស់អ្នកកើនឡើងផងដែរ។
- ត្រគៀក និងខ្នង៖ ការអង្គុយយូរនេះផងដែរ ប៉ះពាល់ខ្លាំងបំផុតនោះគឺ ឆ្អឹងខ្នង និងត្រគៀក។
- ក និងស្មា៖ ការឈ្ងោកមើលកំព្យូទ័រយូរក៏ បង្កឲ្យអ្នកចុករោយ ក និងស្មារបស់អ្នកផងដែរ។
- ជំងឺមហារីក៖ ការអង្គុយយូរម៉ោងក្នុងមួយថ្ងៃៗអាចនាំឲ្យយើងប្រឈមខ្ពស់កើតជំងឺមហារីកសួត មហារីកស្បូន និងមហារីកពោះវៀនធំ។ ហេតុផលនៅពីក្រោយរឿងនេះ ក្រុមអ្នកស្រាវជ្រាវនៅមិនទាន់អាចបញ្ជាក់បាននៅឡើយ។
- ជំងឺបេះដូង៖ មនុស្សដែលមិនសូវបញ្ចេញសកម្មភាពរាងកាយ និងអង្គុយច្រើនម៉ោងក្នុងមួយថ្ងៃៗ មានអត្រាប្រឈមនឹងកើតជំងឺគាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមបេះដូងដល់ទៅ១៤៧ភាគរយ។
- ជំងឺទឹកនោមផ្អែម៖ ការសិក្សាបង្ហាញថា គ្រាន់តែដេកស្ងៀមនៅលើគ្រែត្រឹមចំនួនប្រាំថ្ងៃជាប់គ្នាក៏អាចនាំឲ្យរាងកាយយើងប្រឈមបញ្ហាធន់នឹងអាំងស៊ុយលីនដែរ ដែលការណ៍នេះនឹងធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងលើសកម្រិតធម្មតា។ ការសិក្សាលើកឡើងថាអ្នកចំណាយពេលច្រើនអង្គុយក្នុងមួយថ្ងៃៗ អាចប្រឈមជំងឺទឹកនោមផ្អែមដល់ទៅ១១២ភាគរយ។
ដូច្នេះដើម្បីជៀសវាងពីបញ្ហាទាំងនេះអ្នកគួរតែឧស្សាហ៍ងើបដើរក្នុងរយៈពេល ២ម៉ោងម្ដង៕