ដូចម្តេចដែលហៅថា មន្រ្តីរាជការ?

មន្រ្តីរាជការ នៅកម្ពុជាចាប់កើតមាន នៅឆ្នាំ១៨៩៧ ដោយរាជការអាណានិគមនបារាំងជាអ្នកបង្កើត។ មន្ត្រីរាជការគឺជាបុគ្គលដែលត្រូវជ្រើសរើសដោយប្រឡងប្រជែងឱ្យចូលក្នុងក្របខណ្ឌ ដើម្បីបម្រើសេវាសាធារណៈ ដែលធ្វើការទៅតាមបញ្ជារបស់ថ្នាក់លើ និងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយស្ថិតនៅក្រោមការគ្រប់គ្រងដោយវិធានទាំងឡាយ ដែលមានចែងក្នុងច្បាប់សហលក្ខន្តិកៈមន្ត្រី មន្រ្តីរាជការស៊ីវិល។

ត្រូវចាំថា តំណែងរដ្ឋមន្ត្រី រហូតមកដល់ថ្នាក់ការិយាល័យ មិនមែនជាតំណែងកេរ្តិ៍មរតកទេ មន្ត្រីនយោបាយ អាចជាជំនួយការ ទីប្រឹក្សា រដ្ឋលេខាធិការ រដ្ឋមន្ត្រី តំណាងរាស្ត្រហើយ អ្នកទាំង នោះ អាចមានក្របខ័ណ្ឌ ឬគ្មានក្របខ័ណ្ឌ។ តែអ្នកមានក្របខ័ណ្ឌអាចឡើងកាំ និងឋានៈបាន។

សព្វថ្ងៃ មន្រ្តីរាជការ ត្រូវចែកជា ៣ប្រភេទ ៖
– មន្រ្តីប្រភេទ (ក) តាំងស៊ប់ តែងតាំងដោយព្រះរាជក្រឹត្យ
– មន្រ្តីប្រភេទ (ខ) តាំងស៊ប់ តែងតាំងដោយអនុក្រឹត្យ
– មន្រ្តីប្រភេទ (គ) តាំងស៊ប់ តែងតាំងដោយប្រកាស ពីប្រធានស្ថាប័ន

ចំណែក ក្របខណ្ឌមន្ត្រីរាជការ ក៏ចែកជា ៣ប្រភេទដែរ
– ប្រភេទក្របខណ្ឌ(ក): មន្ត្រីគ្រប់គ្រងរដ្ឋបាល មាន ៣ កម្រិត ៖
. (ក១) : ឋានន្តរស័ក្តិ ឧត្តមមន្ត្រី មាន ៦ថ្នាក់
. (ក២) : ឋានន្តរស័ក្តិ វរមន្ត្រី មាន ៤ថ្នាក់
. (ក៣) : ឋានន្តរស័ក្តិ អនុមន្ត្រី មាន ៤ថ្នាក់
– ប្រភេទក្របខណ្ឌ(ខ) : មន្ត្រីក្រមការ មាន ៣ កម្រិត ៖
. (ខ១) : ឋានន្តរស័ក្តិ នាយក្រមការ មាន ៦ថ្នាក់
. (ខ២) : ឋានន្តរស័ក្តិ ក្រមការដើមខ្សែ មាន ៤ថ្នាក់
. (ខ៣) : ឋានន្តរស័ក្តិ ក្រមការ(ខ៣) មាន ៤ថ្នាក់។
– ប្រភេទក្របខណ្ឌ(គ) មាន ១ កម្រិត ៖
. (គ) : ឋានន្តរស័ក្តិ លេខាធិការរដ្ឋបាល មាន ១០ថ្នាក់

ហើយ ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ មន្រ្តីរាជការ គេចែកទៅតាមកម្រិតក្របខណ្ឌ៖
– តម្លើងថ្នាក់ ដោយព្រះរាជក្រឹត្យ សម្រាប់ មន្រ្តីក្របខណ្ឌ កម្រិត(ក១) គេហៅថា ឧត្តមមន្ត្រី ចំពោះមន្ត្រីគ្រប់គ្រងរដ្ឋបាល បើមន្ត្រីបច្ចេកទេស គេហៅ ឈ្មោះក្របខណ្ឌ+ដើមខ្សែពិសេស ឧទា.គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស,សវនករដើមខ្សែពិសេស។
– តម្លើងថ្នាក់ ដោយអនុក្រឹត្យ សម្រាប់មន្ត្រីក្របខណ្ឌ កម្រិត(ក២) គេហៅថា វរមន្ត្រី ចំពោះមន្ត្រី គ្រប់គ្រងរដ្ឋបាល បើមន្ត្រីបច្ចេកទេស គេហៅ ឈ្មោះក្របខណ្ឌ+ដើមខ្សែ ឧទា.គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ,សវនករដើមខ្សែ។
– តម្លើងឋានន្តរស័ក្តិ និងថ្នាក់ ដោយប្រកាស ពីប្រធានស្ថាប័ន ឬក្រសួង សម្រាប់មន្ត្រីក្របខណ្ឌ ក៣, ខ១,ខ២,ខ៣ និង គ។

មុខងារ(តំណែង)ណាដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ទើបមានងារថា ឯកឧត្តម ដោយមិនគិតពី ប្រភេទក្របខណ្ឌ និងឋានន្តស័ក្តិ(កាំប្រាក់)ទេ។

ដោយ៖ Dr.HENG Ratana

ចែករំលែកទៅកាន់បណ្តាញសង្គម