អង្គការសុខភាពពិភពលោក (WHO) និយាយថា មិនទាន់មានតម្រូវការបន្ទាន់ សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺអុតស្វា នោះទេ

នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២ នេះមន្ត្រីជាន់ខ្ពស់ WHO បានឲ្យដឹងថា ការផ្ទុះឡើងនូវជំងឺអុតស្វា (monkeypox) ក្នុងពេលបច្ចុប្បន្ន មិនទាន់តម្រូវឱ្យមានការ ចាក់វ៉ាក់សាំងបង្ការទ្រង់ទ្រាយធំជាបន្ទាន់នោះទេ ខណៈវិធានការមួយចំនួនដូចជា ការរក្សាអនាម័យ នៅតែមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺមួយនេះ។

មន្ត្រីជាន់ខ្ពស់ WHO បាននិយាយបែបនេះ នៅក្នុងបទសម្ភាសន៍ ជាមួយ Reuters នៅថ្ងៃចន្ទសប្ដាហ៍នេះ និងបន្ទាប់ពីមជ្ឈមណ្ឌលអាមេរិកសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) បាននិយាយថាខ្លួននឹងបញ្ចេញវ៉ាក់សាំង ជីននេអូស (Jynneos) សម្រាប់ប្រើប្រាស់បង្ការករណីជំងឺអុតស្វា។ បន្ថែមពីលើនេះ រដ្ឋាភិបាលអាល្លឺម៉ង់ក៏បានឱ្យដឹងដែរថាខ្លួនកំពុងវាយតម្លៃលើជម្រើស ចាក់វ៉ាក់សាំងបង្ការ ខណៈចក្រភពអង់គ្លេសបានផ្ដល់វ៉ាក់សាំងបង្ការមួយចំនួនទៅឱ្យបុគ្គលិកសុខាភិបាលហើយ។

គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលនៅក្នុងតំបន់អឺរ៉ុប និងអាមេរិកខាងជើង កំពុងធ្វើការស៊ើបអង្កេតលើករណីសង្ស័យនៃជំងឺអុតស្វា ច្រើនជាង១០០ករណី ហើយ ក៏បានទទួលស្គាល់ពីការរកឃើញករណីជំងឺឆ្លងមួយនេះរាប់សិបករណីផងដែរ។ ជំងឺអុតស្វាត្រូវបានគេរាយការណ៍ថាមានប្រភពដើមចេញមកពីតំបន់អាហ្វ្រិក តែ មិនទាន់មានការបញ្ជាក់ថាតើវីរុសនេះអាចបំប្លែងខ្លួនបាន ឬក៏យ៉ាងណានោះទេ៕

ចែករំលែកទៅកាន់បណ្តាញសង្គម