សម្តេចតេជោ ហ៊ុន សែន ទៅសួរសុខទុក្ខបងប្រុសទី១ និងបន្តលាក់ព័ត៌មានមរណភាពបងប្រុសទី២ ទាំងអារម្មណ៍ក្តុកក្តួល

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានទៅសួរសុខទុក្ខបងប្រុសទី១ ដែលទើបវិលត្រឡប់ពីទីក្រុងបាងកកប្រទេសថៃក្រោយការវះកាត់ ។ សម្តេចតេជោ បានបញ្ជាក់ថា ជាមួយការអញ្ជើញទៅសួរសុខទុក្ខបងប្រុសទី១នេះ សម្តេចតេជោ ក៏មិនទាន់ហ៊ានប្រាប់ដំណឹងមរណភាពបងប្រុសទី២នោះដែរ ព្រោះខ្លាចដំណឹងនេះវាយប្រហារផ្លូវចិត្ត ខណៈសុខភាពមិន ទាន់ប្រសើរ។

សម្តេចតេជោ បានបញ្ជាក់ដែរថា នៅពេលបងប្រុសចង្អុលទៅរូបថត ថតជុំបងប្អូន ជាមួយឪពុក សម្តេចក៏កើតអារម្មណ៍ក្តុកក្តួល តែប្រឹងទប់មិនឱ្យប្រុសដឹងនោះឡើយ។

ខាងក្រោមនេះ គឺជាការរៀបរាប់ទាំងស្រុងរបស់សម្តេចតេជោ នៅលើបណ្តាញសង្គម៖

“ល្ងាចនេះទៅសួរសុខទុក្ខបងទីមួយដែលទើបវិលត្រឡប់ពីទីក្រុងបាងកកប្រទេសថៃក្រោយការវះកាត់។ ទោះបីសុខភាពគាត់ប្រសើរជាងមុនក្តី តែខ្ញុំនៅតែមិនទាន់ហ៊ានប្រាប់គាត់ពីមរណភាពបងប្រុសទីពីរនៅឡើយ។

ពីរថ្ងៃមុននេះជាខួបលើកទី៩ឆ្នាំនៃមរណភាពភរិយារបស់គាត់ ដែលត្រូវជាបងថ្លៃរបស់ខ្ញុំ ប្រសិនខ្ញុំជំរាបគាត់ពីរឿងមរណភាពបងទីពីរទៀតប្រហែលគាត់ពិបាកទទួល។ ខ្ញុំក៏ទទួលរងនូវការវាយប្រហារខាងផ្លូវចិត្តខ្លាំងណាស់ ដែរនៅពេលដែលបងប្រុសខ្ញុំលើកដៃចង្អុលទៅរករូបថតដែលបងប្អូនខ្ញុំទាំង៦នាក់ថតជាមួយឪពុកខ្ញុំ ហើយនិយាយថាបងប្អូនយើងមាន៦នាក់ ប្រុស ៣នាក់ ស្រី ៣នាក់។ ប្រុស ៣នាក់ដំបូង ទើបមានស្រី ៣នាក់ជាក្រោយដោយពុំមានឆ្លាស់គ្នាស្រី និងប្រុសនោះទេ តែគាត់ពុំបានដឹងថា ពេលនេះនៅសល់តែ ៥នាក់នោះឡើយ។

ទឹកភ្នែកខ្ញុំស្ទើរតែហូរចេញមកហើយ ខ្ញុំបែរមុខទៅម្ខាង និងងាកមកវិញបបួលគាត់ដូរនាឡិការដៃ ដើម្បីបញ្ចប់នូវរឿងសោកសៅ។ ទ្រាំរក្សាទុកដំណឹងនេះមិនឱយគាត់ដឹងមួយរយះសិន ដើម្បីសុខភាពគាត់។ សង្ឃឹមថា បងទីមួយ និងវិញ្ញាក្ខន្ធបងទីពីរនឹងយល់ពីការលំបាករបស់ខ្ញុំនៅពេលនេះ” ៕

ចែករំលែកទៅកាន់បណ្តាញសង្គម