អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ប្រារព្ធទិវាសុខភាពពេលមករដូវ​ ២០២២ នៅខេត្តស្វាយរៀង ក្រោមប្រធានបទ​ « បញ្ឈប់ការរេីសអេីង»

(ស្វាយរៀង)៖​ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នាព្រឹកថ្ងៃទី​២៨​ ខែឧសភា​ ឆ្នាំ២០២២នេះ​ បានប្រារព្ធទិវាសុខភាពពេលមករដូវ( MHD 2022)​ ក្រោមប្រធានបទ​ « បញ្ឈប់ការរេីសអេីង»​ ដោយមានការចូលរួមសិស្សានុសិស្ស​ លោកគ្រូ អ្នកគ្រូ​ និងអ្នកពាក់ព័ន្ធជិត៦០០នាក់​ ស្ថិតនៅទីតាំងវិទ្យាល័យហ៊ុន សែន ពងទឹក ខេត្តស្វាយរៀង​ ។

សូមជម្រាបថា​ ទិវាសុខភាពពេលមករដូវ ត្រូវបានទទួលស្គាល់ទូទាំងពិភពលោកនៅថ្ងៃទី២៨ ខែឧសភា ហើយត្រូវបានបង្កើតឡើងជាលើកដំបូងដោយអ្នកតស៊ូមតិនៅក្នុងឆ្នាំ២០១៤ ដើម្បីបង្ហាញពីសារៈសំខាន់នៃការអប់រំការគ្រប់គ្រងសុខភាពពេលមករដូវ ដែលផ្តល់សិទ្ធិអំណាចដល់មនុស្សទាំងអស់ដែលមករដូវ​ ដើម្បីចូលរួមយ៉ាងពេញលេញនៅក្នុងសង្គម និងរស់នៅក្នុងជីវិតដែលមានសុខភាពល្អ និងសម្រេចចិត្តដោយខ្លួនឯង។

លេីកឡេីងនាឱកាសនោះ​លោក​ Guillermina Alaniz នាយកគោលនយោបាយ និង តស៊ូមតិសកល AHF បានថ្លែងថា ដរាបណាយើងអនុញ្ញាតឱ្យមានការមាក់ងាយ និងការហាមឃាត់នៅពេលមានរដូវ មនុស្សដែលមករដូវនឹងត្រូវបានគេបំភាន់ និងរារាំងមិនឱ្យឈានដល់សក្តានុពលពេញលេញរបស់ពួកគេ។

លោក​ Guillermina Alaniz បានបន្ថែមថា​ ភាគរយយ៉ាងច្រើននៃចំនួនប្រជាជនពិភពលោកពេលមករដូវ ហើយយើងត្រូវតែធ្វើមួយសម្រាប់ពួកគេ ដើម្បីធានាថា​ រាជរដ្ឋាភិបាលនឹងធានាការទទួលបានផលិតផលអនាម័យដោយឥតគិតថ្លៃ ឬតម្លៃសមរម្យ និងសម្ភារៈបរិក្ខារគ្រប់គ្រាន់សម្រាប់ការគ្រប់គ្រងសុខភាពពេលមករដូវ។

លោកវេជ្ជ ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី បានឱ្យដឹងដែរថា​ វប្បធម៌ស្ងប់ស្ងាត់ជុំវិញការមករដូវត្រូវតែបំបែកដើម្បីធ្វើឱ្យក្មេងស្រីមានសុខភាពល្អ​ និងទំនុកចិត្តខណៈពេលដែលការនិយាយអំពីការមករដូវជារឿងធម្មជាតិ។

លោកវេជ្ជ​ ឈឹម​ សារ៉ាត់​ បានបន្ថែមថា​ ការមករដូវមិនមែនជាបញ្ហាទេ តែអនាម័យពេលមករដូវ​ គឺយេីងត្រូវយកចិត្តទុកដាក់ រួមគ្នាទាំងរដ្ឋាភិបាល អង្គការវិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ដើម្បីបញ្ឈប់ការរើសអើងជុំវិញការមករដូវ​ និងលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានសង្គមអវិជ្ជមានជុំវិញការមករដូវ និងការគ្រប់គ្រង។

សូមបញ្ជាក់ផងដែរថា​ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្ន អង្គការកំពុងផ្តល់ការថែទាំបែបវេជ្ជសាស្ត្រ និង ឬសេវាកម្មដល់មនុស្សជាង ១លាន ៥សែននាក់ នៅក្នុង ៤៥ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្រ្វិក អាមេរិកឡាទីន  ការ៉ាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត៕

ចែករំលែកទៅកាន់បណ្តាញសង្គម