ទីបំផុតរកឃើញ បំណែកយន្តហោះ ដែលធ្លាក់ជាមួយមនុស្ស ២២នាក់

នៅថ្ងៃចន្ទនេះ យន្តហោះដឹកអ្នកដំណើរចំនួន ២២នាក់ ដែលបានធ្លាក់ ត្រូវកងទ័ពនៃប្រទេសនេប៉ាល់ បានរកឃើញ នៃបំណែកយន្តហោះដោយផ្នែកខ្លះ បានធ្លាក់រាយប៉ាយនៅជម្រាលភ្នំ ។ តាមប្រភពព័ត៌មាន គេមិនទាន់បានបញ្ជាក់ពីជោគវាសនារបស់មនុស្សដែលជិះយន្ដហោះខាងលើនោះទេ ។

គួរបញ្ជាក់ផងដែរថា យន្តហោះខ្នាតតូច DHC-6-300 របស់ក្រុមហ៊ុនអាកាសចរណ៍ឯកជន Tara Air មានដឹកអ្នកដំណើរទេសចរជនជាតិឥណ្ឌា ចំនួន៤នាក់ អាល្លឺម៉ង់២នាក់ និងនេប៉ាល់១៦នាក់ បានចេញពីទីក្រុង ប៉ូការ៉ា (Pokhara) ចម្ងាយ១២៥គីឡូម៉ែត្រ ពីភាគខាងលិចនៃរដ្ឋធានីកដ្ឋមណ្ឌូ (Kathmandu) ហើយក្រោយពេលហោះហើររយៈពេល២០នាទី ក៏បានបាត់ទំនាក់ទំនង។
អ្នកនាំពាក្យអាជ្ញាធរអាកាសចរស៊ីវិលនេប៉ាល់ បាននិយាយថា ពេលនេះ ឧម្ភាគចក្រចំនួន៥គ្រឿង កំពុងធ្វើប្រតិបត្តិការនៅលើទីតាំង ដែលបានរកឃើញ។

បើតាមគេទំហទំព័រតាមដានការហោះហើរ Flightradar24, យន្តហោះដែលធ្លាក់នេះបានធ្វើការហោះហើរលើកដំបូង ក្នុងខែមេសា ឆ្នាំ១៩៧៩។ នេប៉ាល់ គឺជាប្រទេសដែលមានភ្នំខ្ពស់ចំនួន៨ ក្នុងចំណោមភ្នំខ្ពស់បំផុតទំាង១៤ របស់ពិភពលោក រួមទាំង អេវឺរ៉េស ផងនោះ ហើយមានកំណត់ត្រាគ្រោះថ្នាក់ផ្នែកអាកាសខ្ពស់។ អាកាសធាតុក្នុងប្រទេសនេះ អាចផ្លាស់ប្តូរភ្លាមៗ ហើយជើងហោះហើរជាធម្មតា មានទីតាំងនៅតំបន់ភ្នំ ដែលពិបាកទៅដល់៕

ចែករំលែកទៅកាន់បណ្តាញសង្គម