លោកយាយ ខំរក្សាទុកក្រម៉ា និងខ្សែគោ ១០ឆ្នាំ រងចាំចៅត្រលប់មកស្រុកវិញ

លោក ពេជ្រ មូន ជាកូនខ្មែរមួយរូប ដែលបានទទួលជោគជ័យ ក្នុងការបញ្ចប់ការសិក្សារបស់ពីបណ្ឌិតសភាយោធាអាមេរិក និងទទួលបានការចាប់អារម្មណ័ជាខ្លាំង ដោយសារតែរូបលោក កើតចេញពីកូនអ្នកក្រីក្រស្រុកស្រែចំការ ដែលបញ្ចប់ការសិក្សា នៅសាលាយោធាល្អបំផុតមួយ ដែលមនុស្សមួយចំនួន ប្រាថ្នាចង់ទៅ ។

អ្វីដែលគួរឲ្យរំភើបទៀតនោះ គឺ លោកយាយ របស់លោក ពេជ្រ មូន បានខំរក្សាទុកក្រម៉ា និងខ្សែគោ ១០ឆ្នាំ រងចាំលោកត្រលប់មកស្រុកវិញ ព្រោះពេលនឹកចៅម្ដងៗ លោកយាយយកវា មកមើលដើម្បីកុំអោយនឹកចៅពេក ។

ខាងក្រោមនេះ គឺជាសាររបស់លោក លោក ពេជ្រ មូន បានសរសេរនៅលើបណ្តាញសង្គមរបស់លោក ៖ “អានុស្សាវរីយ៍នៃជីវិត ១០ ឆ្នាំហើយដែលលោកយាយរក្សាទុកក្រម៉ា និងខ្សែគោដែលខ្ញុំប្រើ ហើយរងចាំខ្ញុំត្រលប់ទៅស្រុកវិញ។ ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់ បាយ ទឹក និងសៀវភៅនៅពេលទៅឃ្វាលគោពេលរស់នៅឯស្រុកកំណើត។ ភាគច្រើន នៅក្នុងថ្នក់បាយមានតែ បាយនិងអំបិល ដែលលោកយាយខ្ចប់អោយប៉ុណ្ណោះ។

ពេលនេះលោកយាយ បានយកខ្សែគោ និងក្រមាចាស់ នេះធ្វើជាកាដូសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំពីបណ្ឌិតសភាយោធាអាមេរិក។
គាត់បានប្រាប់ខ្ញុំថាគាត់រក្សាទុក ព្រោះពេលនឹកចៅម្ដងៗ យាយយកវាមកមើលដើម្បីកុំអោយនឹកចៅពេក។ លោកយាយបន្តទៀតថា ពេលនេះយាយប្រគល់វាអោយចៅវិញហើយ ទោះទៅដល់ទីណាសូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោអោយសោះ។

ខ្ញុំស្ទើរស្រក់ទឹកភ្នែក ពេលលឺអ្នកមានគុណដែលបីបាច់ថែរក្សាខ្ញុំ តាំងពីទើបនឹងកើត រហូតធំពេញវ័យ មានប្រសាសន៍បែបនេះ។ វាជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ខ្ញុំ។
សូមអរគុណលោកយាយជាទីគោរពស្រលាញ់របស់ចៅ” ។

ចែករំលែកទៅកាន់បណ្តាញសង្គម