តុលាការបានសម្រេចផ្តន្ទាទោសឧកញ៉ា សង ថង និងលោក ស៊ូ អារ៉ាហ្វាត់ អតីតអភិបាលរងខេត្តបាត់ដំបង ដាក់ពន្ធនាគារម្នាក់៧ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ចំនួន ២៥,០០០ដុល្លារ

នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ តុលាការបានសម្រេចផ្តន្ទាទោសឧកញ៉ា សង ថង និងលោក ស៊ូ អារ៉ាហ្វាត់ អតីតអភិបាលរងខេត្តបាត់ដំបង ដាក់ពន្ធនាគារម្នាក់៧ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ចំនួន ២៥,០០០ដុល្លារ ពីបទប្រើប្រាស់ឯកសារសាធារណៈក្លែង, បទផ្តើមគំនិតក្នុងបទបំផ្លិចបំផ្លាញដោយចេតនា, បទគៃបំបាត់ដោយទុច្ចរិត និងបទសូកប៉ាន់ ក្នុងសំណុំរឿងជម្លោះដីធ្លីមួយកន្លែងស្ថិតនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

នៅក្នុងសាលក្រមដដែលនោះ តុលាការក៏បានប្រកាសសម្រេចរឹបអូសយកដីជាច្រើនកន្លែងផងដែរ របស់លោកឧកញ៉ា សង ថន ដែលមានទីតាំងនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា លោកឧកញ៉ា សង ថន ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីលា្ងចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ ក្នុងទំនាស់ដីធ្លីមួយ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ មុនត្រូវចាប់ខ្លួនលោកឧកញ៉ារូបនេះ ត្រូវបានគេរាយការណ៍ថា លោកមានដីធ្លីប្រមាណជាង៥ពាន់ហិកតា ស្ថិតក្នុងស្រុកគាស់ក្រឡនេះផងដែរ។ អង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ការឃាត់ខ្លួនជនទាំងពីរនាក់នេះ គឺធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។

លោកឧកញ៉ា សង ថន មានដីប្រមាណ៥ពាន់ហិកតាដែលដីនោះ គឺស្មើនឹង១ភាគ៤ នៃផ្ទៃដីទាំងមូលរបស់ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ជនជាប់ចោទដែលមានអាយុ៧០ឆ្នាំរូបនេះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនក្រោមបទចោទប្រកាន់ចំនួន៤បទល្មើសរួមមាន៖

ទី១៖ បទប្រើប្រាស់ឯកសារសាធារណៈក្លែង
ទី២៖ បទផ្តើមគំនិតក្នុងបទបំផ្លិចបំផ្លាញដោយចេតនា
ទី៣៖ បទគៃបំបាត់ដោយទុច្ចរិត
ទី៤៖ បទសូកប៉ាន់តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕

 

ចែករំលែកទៅកាន់បណ្តាញសង្គម