ស្ងាត់ៗប្រធានាធិបតីស្រីលង្ការត់ទៅប្រទេសសិង្ហបុរី និងលាលែងពីតំណែង បន្ទាប់ពីតម្លៃស្បៀងអាហារ ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្សេងទៀតឡើងថ្លៃកប់ពពក

លោក Gotabaya Rajapaksa បានលាលែងពីតំណែងជាប្រធានាធិបតីស្រីលង្កា បន្ទាប់ពីបានភៀសខ្លួនទៅកាន់ប្រទេសសិង្ហបុរី ប្រឈមមុខនឹងការតវ៉ាដ៏ធំនៅស្រុកកំណើតជុំវិញការគ្រប់គ្រងរបស់គាត់។

លោក​បាន​មក​ដល់​ប្រទេស​សិង្ហបុរី​បន្ទាប់​ពី​ហោះ​ហើរ​ដំបូង​ទៅ​ប្រទេស​ម៉ាល់ឌីវ​កាល​ពី​យប់​ថ្ងៃ​អង្គារ។ សេចក្តី​រាយការណ៍​បាន​និយាយ​ថា គាត់​ត្រូវ​បាន​អមជាមួយនឹងប្រពន្ធ និង​អង្គរក្ស​ពីរ​នាក់។

គាត់ត្រូវបានគេជឿថាចង់ចាកចេញពីប្រទេសស្រីលង្កា មុនពេលចុះចេញពីតំណែង ដើម្បីជៀសវាងលទ្ធភាពនៃការចាប់ខ្លួន។

តម្លៃស្បៀងអាហារ ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់មូលដ្ឋានផ្សេងទៀតបានកើនឡើងខ្ពស់សម្រាប់ប្រជាជនស្រីលង្កា។

ក្រសួងការបរទេសសិង្ហបុរីបាននិយាយថា “គាត់មិនបានស្នើសុំសិទ្ធិជ្រកកោន ហើយគាត់ក៏មិនត្រូវបានផ្តល់សិទ្ធិជ្រកកោនដែរ។ ជាទូទៅសិង្ហបុរីមិនផ្តល់ការស្នើសុំសិទ្ធិជ្រកកោនទេ” ដោយបញ្ជាក់ថាគាត់បានទៅដល់ទីនោះ។

លិខិតលាលែងពីតំណែងត្រូវបានផ្ញើតាមអ៊ីមែលទៅកាន់ប្រធានសភា ដែលបាននិយាយថា លោកនឹងបញ្ចប់ដំណើរការផ្លូវច្បាប់ ហើយប្រកាសជាផ្លូវការនៅថ្ងៃសុក្រ។

ប្រធានាធិបតីស្តីទី Ranil Wickremesinghe កាលពីថ្ងៃព្រហស្បតិ៍បានដាក់បម្រាមគោចររយៈពេលពីរថ្ងៃ។ រដ្ឋាភិបាលរបស់លោកបានចេញបម្រាមគោចរពីថ្ងៃត្រង់ដល់ម៉ោង ០៥:០០ ថ្ងៃសុក្រ ដើម្បីទប់ស្កាត់ការតវ៉ា។

ផ្លូវនានាក្នុងទីក្រុង Colombo មានភាពស្ងប់ស្ងាត់ជាងមុន ខណៈដែលក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានចាប់ផ្តើមចាកចេញពីអគារផ្លូវការមួយចំនួនដែលពួកគេបានកាន់កាប់។

អ្នក​នាំ​ពាក្យ​ក្រុម​បាតុករ​បាន​និយាយ​ថា​៖ «​យើង​កំពុង​ដក​ខ្លួន​ដោយ​សន្តិវិធី​ពី​វិមាន​ប្រធានាធិបតី លេខាធិការដ្ឋាន​ប្រធានាធិបតី និង​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ជា​បន្ទាន់ ប៉ុន្តែ​នឹង​បន្ត​ការ​តស៊ូ​របស់​យើង»។

លោក Wickremesinghe ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទីដោយប្រធានាធិបតី Rajapaksa បន្ទាប់ពីលោកបានភៀសខ្លួន ប៉ុន្តែការសម្រេចចិត្តនេះបានបង្កឱ្យមានការតវ៉ាបន្ថែមទៀតដែលទាមទារឱ្យនាយករដ្ឋមន្រ្តីលាលែងពីតំណែងផងដែរ។

មនុស្ស​ម្នាក់​បាន​ស្លាប់ និង ៨៤ នាក់​ផ្សេង​ទៀត​បាន​រង​របួស​ក្នុង​អំឡុង​ពេល​ការ​តវ៉ា​កាល​ពី​ថ្ងៃ​ពុធ ដែល​បាន​កើត​ឡើង​នៅ​ទីតាំង​សំខាន់ៗ​ជុំវិញ​រដ្ឋធានី Colombo រួម​ទាំង​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ផង​ដែរ៕

ចែករំលែកទៅកាន់បណ្តាញសង្គម