ប្រជាពលរដ្ឋទាំងឡាយណា ដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយបុរសជនជាតិនីហ្សេរីយ៉ាមានជំងឺអុតស្វា សូមទាក់ទងលេខ ១១៥ របស់ក្រសួងសុខាភិបាលភ្លាម ដើម្បីសហការឲ្យមានការពិនិត្យសុខភាពរបស់ខ្លួន

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋណាដែលធ្លាប់បានទាក់ទងជាមួយបុរសជនជាតិនីហ្សេរីយ៉ា កើតជំងឺអុតស្វា សូមទាក់ទងទៅលេខ ១១៥ របស់ក្រសួងសុខាភិបាល ដើម្បីពិនិត្យសុខភាពជាបន្ទាន់។

អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ ក៏បានអំពាវនាវដល់បុគ្គល២រូប ដែលបានដឹកជនជាតិនីហ្សេរីយ៉ាផ្ទុកជំងឺអុតស្វា ទៅកាន់ផ្ទះសំណាក់ស្លឹកមាស ត្រូវចូលខ្លួនជាបន្ទាន់ដើម្បីធ្វើការពិនិត្យសុខភាព ក្រោយប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។

នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ បានបន្ដទៀតថា បន្ទាប់ពីធ្វើការសួរនាំជនជាតិនីហ្សេរីយ៉ា បាននិយាយថា រូបគេបានមកដល់ផ្ទះសំណាក់ស្លឹកមាសនេះ នៅវេលាម៉ោង០៥៖២០នាទី ដោយជិះកង់បីឥណ្ឌាមួយគ្រឿង មានបុរសម្នាក់ជាម្ចាស់អ្នកឌុប និងស្ដ្រីម្នាក់ទៀតជាអ្នករួមដំណើរជាមួយ។ ពេលមកដល់បានមួយសន្ទុះ ពោលនៅវេលាម៉ោង០៥៖៤០នាទី ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង៕

ចែករំលែកទៅកាន់បណ្តាញសង្គម