ប្រទេសបារាំងជួបវិបត្តិកង្វះថាមពលអគ្គីសនីប្រើប្រាស់ រហូតចេញច្បាប់ថ្មីមួយប្រសិនបើហាងណាបើកទ្វារចោលពេលកំពុងបើកម៉ាស៊ីនត្រជាក់នឹងរងការផាកពិន័យ

រដ្ឋមន្ត្រីមួយរូបបាននិយាយថា ហាងនានាក្នុងប្រទេសបារាំងនឹងត្រូវបានបញ្ជាឱ្យបិទទ្វារនៅពេលប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងដាក់កំហឹតលើអំពូលភ្លើង Neon ក្នុងគោលបំណងកាត់បន្ថយការខ្ចះខ្ចាយថាមពលអគ្គីសនី។

រដ្ឋមន្ត្រីអន្តរកាលបរិស្ថានលោកស្រី Agnes Pannier-Runacher បានប្រាប់កាសែត Journal du Dimanche ថាច្បាប់ទាំងនេះដែលមានរួចហើយនៅក្នុងតំបន់មួយចំនួននឹងត្រូវដាក់ឱ្យប្រើប្រាស់នៅទូទាំងប្រទេសបារាំង។

តម្លៃ​ថាមពល​នៅ​អឺរ៉ុប​បាន​កើន​ឡើង​ចាប់​តាំង​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន។

ហាងនានានឹងត្រូវពិន័យរហូតដល់ ៧៧០ដុល្លារអាមេរិក សម្រាប់ការបំពានច្បាប់ម៉ាស៊ីនត្រជាក់នេះ។

អ្នកស្រី Pannier-Runacher បាន​ប្រាប់​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក RMC ថា ការ​បើក​ទ្វារ​ចោលពេល​ម៉ាស៊ីន​ត្រជាក់​បើក​គឺ​ជា​រឿង​មិន​ទំនង​ទាល់​តែ​សោះ ។

លោកស្រីនឹង​ចេញ​ក្រឹត្យ​ចំនួន​ពីរ​ស្តីពី​ការ​ខ្ជះខ្ជាយ​ថាមពល​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ។

អ្នក​ស្រី​បាន​បន្ត​ថា​៖ “ទី​មួយ​នឹង​ពង្រីក​ការ​ហាម​ប្រាម​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​អំពូលភ្លើង ទោះ​ជា​ទំហំ​ណា​នៃ​ទីក្រុង​ចន្លោះ​ពី​ម៉ោង ០១:០០ ដល់​ម៉ោង ៦:០០”។

“ទីពីរនឹងហាមឃាត់ហាងមិនឱ្យបើកទ្វាររបស់ពួកគេចោល ខណៈពេលដែលម៉ាស៊ីនត្រជាក់និងកំដៅកំពុងដំណើរការ” ។

បម្រាម​លើ​ពពួកអំពូល Neon បាន​ចូល​ជា​ធរមាន​រួច​ហើយ​នៅ​ក្នុង​តំបន់​ដែល​មាន​ប្រជាជន​ក្រោម ៨០ ម៉ឺន​នាក់។ អាកាសយានដ្ឋាន និងស្ថានីយ៍ត្រូវបានលើកលែង។

ក្រុមហ៊ុន Shell បានព្រមានថា ការបែងចែកថាមពលមិនអាចត្រូវបានគេដកចេញពីនៅក្នុងសហភាពអឺរ៉ុបទេ ដោយសារតំបន់នេះតស៊ូដើម្បីទប់ទល់នឹងការរំខានដល់ការផ្គត់ផ្គង់ឧស្ម័នពីប្រទេសរុស្ស៊ី។

ប្រទេស​បារាំង​នៅ​តែ​បន្ត​ជួប​ប្រទះ​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង ដែល​បង្កើន​តម្រូវ​ការ​ម៉ាស៊ីន​ត្រជាក់៕

ចែករំលែកទៅកាន់បណ្តាញសង្គម