ក្រុមហ៊ុន Visa ស្វាគមន៍ អ្នកស្រី Ivana Tranchini ជា នាយិកាគ្រប់គ្រង ប្រចាំប្រទេសកម្ពុជា

ក្រុមហ៊ុន Visa បើកការិយាល័យថ្មីនៅភ្នំពេញ ដើម្បីបង្កើនកិច្ចសហការ និងពន្លឿនកំណើននៃការទូទាត់តាមរយៈឌីជីថលនៅទូទាំងប្រទេសកម្ពុជា

ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០២២ – នៅថ្ងៃនេះ Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងនាយិកាថ្មី គ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា របស់ខ្លួន គឺ អ្នកស្រី អ៊ីវ៉ាណា ត្រាហ្ស៊ីនី (Ivana Tranchini) ។ អ្នកស្រី អ៊ីវ៉ាណា (Ivanna) នឹងមកជំនួសអតីតនាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា គឺ អ្នកស្រី ជុំ ម៉ូនីកា។

អ្នកស្រី អ៊ីវ៉ាណា (Ivana) មានបទពិសោធន៍ក្នុងភាពជាអ្នកដឹកនាំពហុជំនាញពីនាយកដ្ឋានផ្សេងៗគ្នា នឹងបានចូលរួមធ្វើការជាមួយ Visa ជាច្រើនឆ្នាំនៅតាមបណ្តាប្រទេសជាច្រើនដូចជា ប្រទេសសឹង្ហបុរី អូស្ត្រាលី និង នូវែលសេឡង់។ ថ្មីៗនេះ អ្នកស្រីគឺជាប្រធានផ្នែកផលិតផល និងដំណោះស្រាយ ប្រចាំប្រទេសនូវែលសេឡង់ និងតំបន់ប៉ាស៊ីហ្វិកខាងត្បូង ជាកន្លែងដែលអ្នកស្រីបានដឹកនាំក្រុមការងាររបស់អ្នកស្រី ឱ្យក្លាយជាដៃគូដ៏ជិតស្និទ្ធរបស់អតិថិជន និងគាំទ្រដល់កំណើនអាជីវកម្មរបស់ Visa តាមរយៈការអភិវឌ្ឍន៍ដំណោះស្រាយការទូទាត់ថ្មីនៅទូទាំងប្រព័ន្ធអេកូឡូស៊ី។

នៅក្នុងអាជីពការងារ អ្នកស្រី អ៊ីវ៉ាណា (Ivana) បានផ្តោតការយកចិត្តទុកដាក់លើប្រព័ន្ធនៃការទូទាត់ ដែលនាំឲ្យអ្នកស្រីមានតួនាទីមួយទៀត គឺ​ ផ្នែកទំនាក់ទំនង និងគ្រប់គ្រងអតិថិជន។

អ្នកស្រី អ៊ីវ៉ាណា ត្រាហ្ស៊ីនី (Ivana Tranchini) នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំពិតជារំភើបណាស់ដែលត្រូវបានផ្តល់ឱកាសឱ្យដឹកនាំប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអតិថិជន Fintechs និងនិយតកររបស់យើង ដើម្បីពង្រីកការប្រើប្រាស់ និងការទទួលយកការទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេស។ សំខាន់ នាងខ្ញុំចង់បញ្ជាក់ឲ្យប្រាកដថា ការងាររបស់យើងពិតជាផ្តល់អត្ថប្រយោជន៍ដល់បុគ្គលភាព អាជីវកម្ម និងសហគមន៍ ដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ និងជួយដល់ការអភិវឌ្ឍន៍នៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

លោក Tareq Muhmood នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Visa បានមានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយក្នុងការតែងតាំង អ្នកស្រី អ៊ីវ៉ាណា (Ivana) ឱ្យធ្វើជានាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា។ ​ការ​ទូទាត់​តាមរយៈប្រព័ន្ធអេកូសាស្ត្រ​នៅ​កម្ពុជា ​បានបោះជំហាន​ចូលក្នុងឌីជីថលនីយកម្មយ៉ាងលឿន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ នៅពេលដែលអ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្ម បន្តស្វែងរកឱកាសថ្មីៗជាសាកល យើងចង់នាំយកនូវជំនាញជាសកលដ៏សំខាន់របស់យើងមកជូនដល់អតិថិជន និងដៃគូរបស់យើងនៅក្នុងទីផ្សារ។ ខ្ញុំមានទំនុកចិត្តថា អ្នកស្រី អ៊ីវ៉ាណា (Ivana) នឹងដឹកនាំក្រុមការងារនៅក្នុងប្រទេសកម្ពុជា ឲ្យធ្វើការងារកាន់តែប្រសើរឡើងដើម្បីជួយដល់អតិថិជនរបស់យើងក្នុងការអភិវឌ្ឍ នឹងពង្រីកពាណិជ្ជកម្មនៅទូទាំងប្រទេស»។

ទន្ទឹមនឹងការតែងតាំងនាយិកាថ្មី គ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុន Visa ក៏បានបើកការិយាល័យថ្មីនៅក្នុងទីក្រុងភ្នំពេញផងដែរ ដែលនេះបង្ហាញពីការប្តេជ្ញាចិត្ត នឹងការវិនិយោគរបស់ខ្លួនបន្ថែមទៀតចំពោះទីផ្សារកម្ពុជា។ ការិយាល័យថ្មីនេះ នឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់ Visa ក្នុងការសហការជាមួយអតិថិជនរបស់ខ្លួនដើម្បីបង្កើភាពច្នៃប្រឌិតថ្មីនៃការទូទាត់ នឹងបង្កើនល្បឿននៃកំណើនការទូទាត់តាមរយៈឌីជីថលនៅទូទាំងប្រទេស។

អ្នកស្រី ត្រាហ្ស៊ីនី (Tranchini) បានបន្ថែមទៀតថា “ដោយសារការរួមបញ្ចូលគ្នានៃការកើនឡើងនូវចំនួនប្រជាជនវ័យក្មេងដែលមានចំណូលចិត្តលើសម្ភារៈថ្មីៗ ចំណេះដឹងផ្នែកបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីលើវិធីសាស្ត្រទូទាត់ដែលរហ័ស មានសុវត្ថិភាព និងងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការបង់ប្រាក់ និងម្ចាស់អាជីវកម្មក្នុងការទទួលប្រាក់​ បានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានការអភិវឌ្ឍលឿនបំផុតនៅក្នុងតំបន់។ ការិយាល័យថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលដ៏ល្អឥតខ្ចោះសម្រាប់យើងក្នុងការបន្តធ្វើការជាមួយដៃគូអាជីវកម្ម ដើម្បីជំរុញអនាគតនៃពាណិជ្ជកម្ម និងគាំទ្រដល់ប្រទេសកម្ពុជាលើដំណើរផ្លូវឆ្ពោះទៅកាន់យុគឌីជីថលរបស់ខ្លួន” ។

អំពីក្រុមហ៊ុន Visa Inc.
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕

ចែករំលែកទៅកាន់បណ្តាញសង្គម