អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នឹងរៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ​២០២៣ នៅថ្ងៃស្អែក

(ភ្នំពេញ)៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ស្អែកនេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ដែលជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ដ៏ធំជាងគេបំផុត នៅលើពិភពលោក ដែលកំពុងតែផ្តល់ការថែទាំ ដល់អ្នករស់នៅជាមួយមេរោគអេដស៍ នឹងរៀបចំទិវាស្រោមអនាម័យអន្តរជាតិ ក្រោមប្រធានបទ «សុវត្ថិភាព​ គឺស៊ិចស៊ី» ទិវានេះនឹងមានរៀបចំនៅតាមបណ្តាញសង្គម និងរៀបចំដោយផ្ទាល់នៅទីលានសម្តេចតេជោ​ ខេត្តព្រះសីហនុ ។

ការស្វែងរកការគាំទ្រ សម្រាប់ស្រោមអនាម័យគឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដោយសារតែរៀងរាល់ថ្ងៃមានការឆ្លងជំងឺកាមរោគច្រើនជាង ១លានករណី នៅទូទាំងសកលលោក ហើយគោលដៅក្នុងការបង្ការ ការឆ្លងមេរោគអេដស៍ នៅឆ្នាំ២០២១របស់ពិភពលោក បានធ្លាក់ចុះយ៉ាងខ្លាំង ។ ប៉ុន្តែនៅតែខិតខំបង្វែរស្ថានការដ៏លំបាកនេះ ដើម្បីធានាថាមនុស្សទូទាំងពិភពលោកអាចទទួលបាន ស្រោមអនាម័យ គ្រប់ទីកន្លែងដែលពួកគេរស់នៅ ព្រោះស្រោមអនាម័យនៅតែជាមធ្យោបាយ ដែលប្រសើរបំផុត ក្នុងការការពារមេរោគអេដស៍ ជំងឺកាមរោគ និងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។

AHF នឹងរៀបចំកម្មវិធីផ្ទាល់ និងតាមបណ្តាញឌីជីថល ដើម្បីរំលឹកខួបកម្មវិធី «សុវត្ថិភាព គឺ សិចស៊ី» ក្នុងកម្មវិធី នៅទូទាំង៤៥ក្រុមការងារ នៅតាមបណ្តាប្រទេសផ្សេងៗ ដើម្បីបង្ហាញពីសារៈសំខាន់នៃស្រោមអនាម័យ និងជួយមនុស្សឱ្យចេះគ្រប់គ្រងសុខភាពរបស់ពួកគេ តាមរយៈការទទួលបានការអប់រំអំពីការរួមភេទដោយសុវត្ថិភាព ជាមួយការផ្តល់ស្រោមអនាម័យដែលមាន តម្លៃសមរម្យ ឬ ឥតគិតថ្លៃ ។

សូមបញ្ជាក់ថា​ សម្រាប់ការរៀបចំទិវាស្រោមអនាម័យអន្តរជាតិ ២០២៣​ស្អែកនេះ​ នៅវេលាម៉ោង ៣:០០ រសៀលដល់​ម៉ោង៤:០០ រសៀល ការដើរដង្ហែរក្បួន និងរាំតាមមាត់សមុទ្រ។ ម៉ោង ៤:០០ រសៀល ដល់ម៉ោង ៦:០០ល្ងាច ពិធីសំណេះសំណាលជាមួយអ្នកចូលរួមជាង ២០០នាក់។ ម៉ោង ៦:០០ ល្ងាចដល់ម៉ោង ៩:០០ល្ងាច ការប្រគុំតន្ត្រី និងការធ្វើតេស្តរកមេរោគអេដស៍ដោយឥតគិតថ្លៃ៕

ចែករំលែកទៅកាន់បណ្តាញសង្គម