អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)កម្ពុជា ប្រារព្ធទិវាអន្តរជាតិនារី ឆ្នាំ២០២៣

(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)កម្ពុជា បានរៀបចំទិវាអន្តរជាតិនារី (IWD) នៅវិទ្យាល័យពងទឹក រាជធានីភ្នំពេញ ដែលមានការចូលរួម តំណាងមន្ទីរអប់រំយុវជននិងកីឡា អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សហគមន៍ សិស្សានុសិស្សចំនួន ជាង៣០០នាក់ និងការចែកចាយសំឡីអនាម័យ ដើម្បីជាការចូលរួមអបអរសាទរសមិទ្ធផលរបស់នារីនៅគ្រប់ទីកន្លែង ខណៈពេលដែលត្រូវតែមានការធានាថា នារីត្រូវតែមានឱកាសស្មើគ្នាក្នុងការទទួលបានជោគជ័យ ក្នុងគ្រប់ស្ថានភាពនៃជីវិតរបស់ពួកគេ នោះជាការចាប់ផ្តើមជាមួយនឹងការ មានសុខភាពល្អរបស់នារី និងក្មេងស្រី។

លើកឡើងនាឱកាសនោះលោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីប្រចាំអង្គការមូលនិធិ ថែទាំសុខភាពអ្នកជំងឺអេដស៍បានឱ្យដឹងថា ការរៀបចំទិវាអន្តរជាតិនារីនេះ ដើម្បីលើកទឹកចិត្តនារីឱ្យមានការទទួល ខុសត្រូវលើសុខភាពរបស់ពួកគេ និងជួយពួកគេឱ្យយកឈ្នះលើការមាក់ងាយ និងការរើសអើងផ្នែកយេនឌ័រ ដូច្នេះពួកគេអាចអភិវឌ្ឍន៍បាន។

ក្រុមការងារអង្គការ AHF នៅតាមបណ្តាប្រទេសនានានៃទ្វីបអាហ្រ្វិក អាស៊ី អឺរ៉ុប និងអាមេរិកឡាទីន ព្រមទាំងការ៉ាបៀន នឹងរៀបចំព្រឹត្តិការណ៍ ទិវាអន្តរជាតិនារី ដែលផ្តោតលើសុខភាពនៅឆ្នាំនេះ ដោយលើកកម្ពស់ការធ្វើតេស្តឈាម និងការយល់ដឹងអំពីមេរោគអេដស៍ និងផ្តល់ឱ្យស្ត្រីទទួលបាននូវការអប់រំ និងព័ត៌មានតាមតម្រូវការ ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង អំពីសុខភាពរបស់ពួកគេ ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី បានឱ្យដឹងថា ការពង្រឹងអំណាចនារីចាប់ផ្តើមពីមូលដ្ឋាន ហើយគ្មានអ្វីសំខាន់ជាងសិទ្ធិក្នុងការថែទាំសុខភាពប្រកបដោយសមធម៌ និងគ្រប់គ្រាន់ពេញលេញនោះទេ។ ព្រឹត្តិការណ៍នេះនឹងផ្តល់ឱ្យនារី ក្មេងស្រីនូវអ្វីដែលពួកគេត្រូវការ ដើម្បីដឹងពីរបៀបគ្រប់គ្រងសុខភាពរបស់ពួកគេ និងធ្វើការសម្រេចចិត្ត ដែលអាចជួយណែនាំ និងគាំទ្រពួកគេឱ្យទទួលបាននូវ ជោគជ័យក្នុងគោលដៅ អាជីព និងសហគមន៍របស់ពួកគេ គឺជាការតស៊ូមតិជាសកល និងគោលនយោបាយរបស់អង្គការ AHF។

ខណៈពេលដែលពិភពលោក បន្តជួបបញ្ហាប្រឈមផ្នែកសុខភាព និងការកើនឡើងនូវភាពបន្ទាន់ណាមួយ យើងមិនត្រូវភ្លេចថា នារី និងកុមារី ក៏បានរងផលប៉ះពាល់ដោយវិបត្តិនានា រួមទាំងមេរោគអេដស៍ អំពើហិង្សាក្នុងគ្រួសារ និងបញ្ហាជាច្រើនទៀត។ យើងជំរុញឱ្យរដ្ឋាភិបាលអនុវត្ត វិធានការដែលការពារនារី និងកុមារី ពីវិសមភាពសុខភាពដ៏គ្រោះថ្នាក់ និងលើកកម្ពស់ការយល់ដឺងរបស់ពួកគេឱ្យរស់នៅ ប្រកបដោយអំណាចក្នុងការការសម្រេចចិត្ត ការបំពេញភាពខ្វះខាត និងរស់នៅប្រកបដោយសុខភាពល្អ៕

 

ចែករំលែកទៅកាន់បណ្តាញសង្គម